ជាតិ
ពីនេះ ពីនោះ
អាល់កុលក្លែងក្លាយជាង ១៥០លីត្រ ត្រូវបានអាជ្ញាធររឹបអូស
22, Jul 2021 , 7:59 pm        
រូបភាព
មន្ត្រីក.ប.ប ចុះត្រួតពិនិត្យទំនិញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញអាល់កុលលាយមេតាណុល ៥១.៧លីត្រ នៅថ្ងៃទី២១កក្កដា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេប៊ុក ក.ប.ប។
មន្ត្រីក.ប.ប ចុះត្រួតពិនិត្យទំនិញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរកឃើញអាល់កុលលាយមេតាណុល ៥១.៧លីត្រ នៅថ្ងៃទី២១កក្កដា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេប៊ុក ក.ប.ប។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ អាល់កុលមានសារធាតុមេតាណុលជាង១៥០លីត្រ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង ពិនិត្យរកឃើញ និងរឹបអូសបាន នៅតាមបណ្ដាឱសថស្ថាន ម៉ាត ផ្ទះលក់ទំនិញជាដើម។ បច្ចុប្បន្នមេតាណុលទាំងនោះ ត្រូវបានមន្ត្រី ក.ប.ប ដកហូត ខណៈម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល។


 
យោងតាមការចេញផ្សាយរបស់ ក.ប.ប នៅថ្ងៃទី២១ ខែកក្កដា មន្ត្រីក.ប.ប សាខាខេត្តស្វាយរៀង បានរកឃើញអាល់កុលមានលាយសារធាតុមេតាណុលប្រមាណ ១០០លីត្រ និងទំនិញខូចគុណភាព ១៥គីឡូក្រាម ក្នុងក្រុងស្វាយរៀង។ ដោយឡែក មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ  ក៏រកឃើញអាកុលលាយសារធាតុមេតាណុលចំនួន ៥១.៧លីត្រ ក្នុងក្រុងប៉ោយប៉ែតផងដែរ។
 
ក្រោយការវិភាគនៅមន្ទីរពិសោធន៍ មន្ត្រីក.ប.ប រកឃើញថា អាល់កុលទាំងនោះ មានសារធាតុមេតាណុល និងបានធ្វើកំណត់ហេតុដកហូត ខណៈម្ចាស់ទំនិញផ្ដិតមេដៃបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពទាំងនោះ។ ជុំវិញការរកឃើញសារធាតុមេតាណុលក្នុងអាល់កុលនៅពេលនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទថា អាជីវករមិនបានដឹងនោះឡើយ ថាអាល់កុលដែលខ្លួនយកមកដាក់លក់នោះ ជាអាល់កុលមានសារធាតុមេតាណុល បង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់។


  ការចុះត្រួតពិនិត្យទំនិញ របស់មន្ត្រី ក.ប.ប សាខាខេត្តស្វាយរៀង និងរកឃើញអាល់កុលមានមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាព ១៥គីឡូក្រាម នៅថ្ងៃទី២១កក្កដា ឆ្នាំ២០២១។ រូបភាព ពីទំព័រហ្វេសប៊ុក ក.ប.ប។
 
លោក សាន វិជ្ជាសារ៉ាវុធ លើកឡើងបែបនេះ៖ «ពួកគាត់(អាជីវកម្មលក់អាល់កុល)លក់ផលិតផលសម្រេច។ តាមការសិក្សារបស់មន្ត្រីជំនាញ អាល់កុលនេះមិនមែនត្រូវបានពួកគាត់លាយទេ។ អាល់កុលទាំងនោះ អាជីវករទិញពីភ្នំពេញ សេរីសោភណ្ឌ័ជាដើម។ ម្យ៉ាងបើអាជីវករមានវិក្កយបត្រទំនិញ នោះវាផ្ដល់ភាពងាយស្រួលដល់យើង ក្នុងការស្វែងរកប្រភពទំនិញនោះ»។
បើតាមលោកប្រធានអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តបន្ទាយមានជ័យរូបនេះ អាល់កុលក្លែងក្លាយ ឬមេតាណុល ឬអាល់កុលមានសារធាតុមេតាណុលនោះ ពលរដ្ឋមិនអាចដឹងដោយខ្លួនឯងឡើយ ពោលគឺត្រូវទាមទារ មានឧបករណ៍ពិសោធន៍ តាមបច្ចេកទេសវិទ្យាសាស្ត្រត្រឹមត្រូវ។
 
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ លោក សារ៉ាវុធ បានបង្ហើបពីគម្រោងការងាររបស់ ក.ប.បខ្លួនដូច្នេះថា៖ «ឥឡូវនេះខ្ញុំកំពុងតាក់តែងលិខិត ដល់លោកអភិបាលខេត្ត ដើម្បីឱ្យលោកវិនិច្ឆយ ថាតើគួរបញ្ញត្តិអ្នកលក់អាល់កុលនោះ លក់របៀបម៉េច។ តើត្រូវអនុញ្ញាត្តិលក់ តែក្នុងឱសថស្ថាន ឬទីតាំងធំណាមួយ ដែលត្រូវបានឆ្លងកាត់ និងទទួលបានលខិតបញ្ជាក់ពីមន្ត្រីជាមុន»។
 
សូមជម្រាបថា សារធាតុគីមីមេតាណុល ប្រើប្រាស់សម្រាប់សម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ តែវាបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយនឹងស្រា ហើយទទួលទានលើសកម្រិត៕


 សំណាកអាល់កុល ដែលមន្ត្រីយកមកពិនិត្យ ក្នុងមន្ទីរពិសោធន៍។ រូបភាពពីទំព័រហ្វេសប៊ុក ក.ប.ប។

Tag:
 ThmeyThmey25
  អាល់កុលក្លែងក្លាយ
  ក.ប.ប
  បន្ទាយមានជ័យ
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com