ជាតិ
សង្គមជាតិ
អ្នកធ្វើដំណើរក្រៅប្រទេស ចូលមកកម្ពុជា ត្រូវកក់សណ្ឋាគារធ្វើចត្តាឡីស័កឲ្យបាន២ថ្ងៃមុន
23, Jul 2021 , 2:12 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ពលរដ្ឋ និងជនបរទេស ​ដែលធ្វើដំណើរមកកម្ពុជា​ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវកក់សណ្ឋាគារធ្វើចត្តាឡីស័ក ឲ្យបាន២ថ្ងៃមុនចេញដំណើរ​ ដើម្បីផ្តល់ភាពងាយស្រួល​។

 
ដើម្បីមានភាពងាយស្រួលដល់អ្នកធ្វើដំណើរកមកម្ពុជា ប្រកបដោយសុវត្ថិភាព គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានសម្រេចដាក់ដំណើរការសេវាកក់សណ្ឋាគារនៅក្នុងរាជធានីភ្នំពេញ សម្រាប់ឲ្យភ្ញៀវជ្រើសរើស ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័ក។ ក្នុងនោះគឺមានសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ និងសណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ។ 
​នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ 
 
បើតាមក្រសួងសុខាភិបាលដដែល នៅពេលអ្នកដំណើរមកដល់ព្រលានយន្តហោះភ្នំពេញ គឺត្រូវបង្ហាញឯកសារមួយចំនួន ដូចជាទិដ្ឋាការដែលមានសុពលភាព ​និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុលកម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពបញ្ជាក់ពីការគ្មានជំងឺកូវីដ-១៩ ដែលចេញដោយរដ្ឋាភិបាលប្រទេសសាមីក្នុងរយៈពេល៧២ម៉ោង។ ក្រៅពីនេះក៏ត្រូវមានលិខិតបញ្ជាក់លើការទិញសេវាធានារ៉ាប់រងសុខភាព និងឯកសារចម្លងបញ្ជាក់ថា បានកក់បន្ទប់ស្នាក់នៅសម្រាប់ធ្វើចត្តាឡីស័ក។
 
ក្នុងករណីអ្នកដំណើរមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវតែធ្វើចត្តាឡីស័ក ទៅតាមការរៀបចំរបស់អាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់ប្រាក់ដែលកក់សណ្ឋាគាររួចហើយ ក្រសួងនឹងប្រគល់ជូនភ្ញៀវវិញ។ ប៉ុន្តែអ្នកដំណើរក៏ត្រូវតម្កល់ប្រាក់ចំនួន២ពាន់ដុល្លារ។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល។​
 
ក្រសួងសុខាភិបាលណែនាំដល់ម្ចាស់សណ្ឋាគារ ត្រូវតែត្រៀមរៀបចំទុកជាមុន នូវមធ្យោបាយដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅទីតាំងរបស់ខ្លួន តាមវិធានការសុវត្ថិភាពខ្ពស់។ 
 
ក្រោយពីអ្នកដំណើរ បានបញ្ចប់ចត្តាឡីស័ក១៤ថ្ងៃរួចហើយ ក្រសួងសុខាភិបាល ប្រាប់ដល់ម្ចាស់សណ្ឋាគារ ត្រូវតែទូទាត់ចំណាយរបស់រដ្ឋ ពាក់ព័ន្ធការអនុវត្តវិធានការសុខាភិបាល អំឡុងពេលធ្វើចត្តាឡីស័ក។​
 
ចំណែកអ្នកធ្វើដំណើរ ដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារខាងលើនោះទេ ត្រូវតែតម្កល់ប្រាក់ចំនួន២ពាន់ដុល្លារ សម្រាប់ធានាចំណាយក្នុងដំណើរការធ្វើចត្តាឡីស័ក និងត្រូវធ្វើទៅតាមទីតាំង ដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។​
 
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧១២៤៤​​នាក់ ក្នុងនោះ៧៨៥៩នាក់ ជាករណីនាំចូល។ អ្នកជា​សះស្បើយ​មាន ៦៣៤៧៤​នាក់ និង​ស្លាប់​សរុប ១២២២​នាក់​៕ 

 
 

Tag:
 សណ្ឋាគារ
 ចត្តាឡីស័ក
 ដំណើរ
© រក្សាសិទ្ធិដោយ thmeythmey.com