ជាតិ
NGO ៖ ទង្វើអាជ្ញាធរសៀមរាប ដាក់ឱសានវាទឱ្យពលរដ្ឋរងគ្រោះដីធ្លី ព្រមយកដំណោះស្រាយ ជាការរំលោភសិទ្ធិមនុស្ស
23, Jul 2021 , 9:59 pm        
រូបភាព
ភូមិធម្មជាតិរុនតាឯក សម្រាប់ដោះស្រាយគោលនយោបាលជូនពលរដ្ឋ ២១ គ្រួសារ។ រូបភាព៖ ផាង មករា
ភូមិធម្មជាតិរុនតាឯក សម្រាប់ដោះស្រាយគោលនយោបាលជូនពលរដ្ឋ ២១ គ្រួសារ។ រូបភាព៖ ផាង មករា
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ឱសានវាទរយៈពេល១៥ថ្ងៃ ដល់ពលរដ្ឋរងគ្រោះរឿងដីធ្លីនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីឱ្យទទួលយកដំណោះស្រាយគោលនយោបាយនៅលើទីតាំងដីថ្មី ដែលអាជ្ញាធរបានរៀបចំ។ យ៉ាងណា សង្គមស៊ីវិលមើលឃើញថា គោលនយោបាយនេះ មិនសមស្របជាមួយនឹងដីធ្លីដែលពលរដ្ឋបាត់បង់នោះទេ ផ្ទុយទៅវិញពួកគេគួរទទួលបានដីធ្លីពួកគេវិញ ព្រោះដីទាំងនោះបានអាស្រ័យផលតាំងពីដូនមក។

 
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៩ កក្កដា បានជូនដំណឹងពីការបញ្ចប់ការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន២១ គ្រួសារ ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដោយបញ្ចប់ត្រឹមឱ្យពលរដ្ឋទាំងនោះ ទទួលយកដំណោះស្រាយគោលនយោបាយ ដីទំហំ ២០ម៉ែត្រ គុណ៣០ម៉ែត្រ ក្នុងមួយគ្រួសារ។ មកដល់ពេលនេះ ប្រជាពលរដ្ឋទាំងនោះ មិនទាន់សម្រេចបែបណានោះទេ រីឯសង្គមស៊ីវិលចាត់ទុកដំណោះស្រាយនេះ ថា មិនសមស្របទៅនឹងដីធ្លីរបស់ពលរដ្ឋដែលខ្លះមាន៣ ទៅ៥ហិកតា ដែលត្រូវបានរដ្ឋយកទៅអភិវឌ្ឍន៍។ 
 
តំណាងពលរដ្ឋរងគ្រោះ លោក ហ៊ន់ រ៉ាវុធ បានចាត់ទុកគោលនយោបាយរបស់រដ្ឋបាលខេត្ត ថាមិនសមរម្យទាល់តែសោះ សម្រាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលគ្រួសារខ្លះមានដីពី៣ ទៅ៥ហិកតា ឱ្យទទួលសំណងដីទំហំ ២០មX៣០ម។ លោក រ៉ាវុធ បន្ថែមថា អាជ្ញាធរបានយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋដែលកាន់កាប់ពីដូនតាមក ឱ្យសំណងដូចពលរដ្ឋដែលត្រូវបណ្ដេញចេញពីមាត់ស្ទឹង គឺវាមិនសមហេតុផលឡើយ។ ពលរដ្ឋរូបនេះ ស្នើឱ្យអាជ្ញាធរដោះស្រាយគោលនយោបាយនៅហ្នឹងកន្លែង អាចជាដីនៅទីតាំងដើម ឬដីនៅតំបន់ជិតនោះក៏បាន។ 
 
លោកបន្ថែមថា៖‍«ដំណោះស្រាយវាអត់សមរម្យ សម្រាប់ជីវភាពរស់នៅពលរដ្ឋដែលអាស្រ័យផលកន្លងមក យើងធ្វើស្រែចម្ការ ម្យ៉ាងទៀតដីដែលកាន់កាប់ជាដីដូនតា ដល់ចែកឱ្យជាលក្ខណៈដីឡូត៍ដូចអ្នកដងស្ទឹងវិញ ជាបញ្ហា»។
 
 
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាប លោក ស វណ្ណារ៉ា ប្រាប់ថាអង្គការលោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយពលរដ្ឋរងគ្រោះខាងលើ ហើយប្រសិនបើពលរដ្ឋជំទាស់ទៅនឹងគោលនយោបាយរបស់ខេត្ត នោះលោកនឹងបន្តជួយផ្នែកច្បាប់ដល់ពួកគេតទៅទៀត។ លោកចាត់ទុកថា ការបង្ខិតបង្ខំពលរដ្ឋឱ្យយកដំណោះស្រាយខាងលើ គឺជារំលោភសិទ្ធិមនុស្ស។ លោកពន្យល់ថា៖«បើគាត់ជំទាស់ វាជាការរំលោភសិទ្ធិមនុស្សហើយ។ ខុសគ្នាពីអ្នកមាត់ស្ទឹង អាចថាគាត់រស់នៅអាណាធិបតេយ្យ តែនេះគាត់រស់នៅតជំនាន់មុនៗមក»។ 
 
លោក ស វណ្ណារ៉ា បន្តថា៖«ខ្ញុំកំពុងរង់ចាំចម្លើយគាត់ ពីព្រោះអីក៏ដោយខាងខ្ញុំធ្វើវាអាស្រ័យលើគាត់ ដូចខ្ញុំនិយាយពីដើមអ៊ីចឹង ការស់នៅរបស់គាត់គឺតកូនតចៅ ដីស្រែដីចម្ការគាត់ គាត់អត់មានគំនិតថាចង់យកដីយកទៅលក់អីទេ ពិព្រោះគាត់អាស្រ័យផលលើដីនោះតាំងពីដូនតាគាត់មក»។
 
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាប រូបនេះ សំណូមពរឱ្យអាជ្ញាធរ ផ្តល់ដីឱ្យពលរដ្ឋវិញ និងគួរដោះស្រាយឱ្យគាត់បាននៅកន្លែងដើមវិញ ដ្បិតថាពួកគេបានអាស្រ័យផលតាំងពីដូនតាមក ណាមួយសំណងមិនសមស្របចំពោះកាត់ខាតបង់របស់ពួកគេឡើយ។ លោក ស វណ្ណារ៉ា បន្ថែមថា៖« អានឹងពិបាកណាស់ ទាក់ទងការបណ្ដេញចេញ វាមិនស្របតាមគោលការណ៍សិទ្ធិមនុស្សរបស់កម្ពុជា សរុបមកវាទាក់ទងគោលការណ៍សិទ្ធិមនុស្ស សិទ្ធិរបស់ពលរដ្ឋត្រូវមានលំនៅឋានសមរម្យ»។
 
ទាក់ទងនឹងបញ្ហានេះ នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល បញ្ជាក់ថា អាជ្ញាធរគ្មានគោលនយោបាយផ្សេងសម្រាប់ពលរដ្ឋទាំង២១គ្រួសារនោះទេ ហើយលោកចាត់ទុកពលរដ្ឋទាំងនោះថា ចូលទៅកាន់កាប់ដីរដ្ឋខុសច្បាប់។ លោក សុខ ថុល មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖‍« ដល់ក្រោយអប្សរាពិភាក្សាបានគោលការណ៍ពីថ្នាក់ដឹកនាំ ថាឥឡូវ២១គ្រួសារដែលនៅសល់ឱ្យដីរុនតាឯកទៅ ដើម្បីបញ្ចប់រឿង តែបើគាត់មិនព្រមទេ អត់អីឱ្យគាត់ទេ អានឹងអត់មានអីឱ្យគាត់ទេ ដើម្បីបញ្ចប់កុំឱ្យអូសបន្លាយទៀត»។
 
នាយករដ្ឋបាលបញ្ជាក់ថា អាជ្ញាធរនឹងមានវិធានការច្បាប់ ប្រសិនបើពលរដ្ឋទាំងនោះចេញតវ៉ា ទាមទារដំណោះស្រាយផ្សេង ដ្បិតថាកន្លងមកពួកគេបានអាស្រ័យផលនឹងដីគម្របព្រៃឈើរបស់រដ្ឋ និងមានចេតនាកាន់កាប់ដីខុសច្បាប់តែប៉ុណ្ណោះ។
 
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត សម្រេចទុកពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ កក្កដា តទៅ ឱ្យទទួលយកគោលនយោបាយខាងលើ ហើយត្រូវចាប់ឆ្នោតយកដីឡូតិ៍ ដែលរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាបានរៀបចំ។ រដ្ឋបាលខេត្តបញ្ជាក់ថា នេះជាដំណោះស្រាយចុងក្រោយ ហើយព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះប្រជាពលរដ្ឋដែលនៅបន្តតវ៉ាទាមទារតទៅទៀត។
 
សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក បង្កើតឡើងអំឡុងឆ្នាំ២០០៥ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលបានបង្កើតភូមិនេះឡើង ក្នុងបំណងរៀបចំឱ្យប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលមានគ្រួសារ និងបំបែកខ្នងផ្ទះ គឺរដ្ឋាភិបាលបានផ្តល់ជាដីលំនៅឋាន និងដីចម្ការសម្រាប់ពលរដ្ឋទាំងនោះ។ ការបង្កើតនេះ ក៏ក្នុងបំណងដើម្បីទប់ស្កាត់កំណើនសំណង់លំនៅឋាន ស្របតាមគោលការណ៍តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕
 
 
 
 
 
 
 
 
 
 
 

Tag:
 ភូមិតានី
  រុនតាឯក
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com