ជាតិ
សង្គមជាតិ
វ័យ៦៧ឆ្នាំ លោកយាយ សារី ប្រឹងលក់នំត្នោត ដើម្បីចិញ្ចឹមម្តាយជរា ប្តីឈឺ និងចៅកំព្រា៤នាក់
25, Jul 2021 , 8:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក​ K K Unique Collection
រូបភាពពីទំព័រហ្វេសប៊ុក​ K K Unique Collection
 
លោកយាយ អ៊ឹម សារី ដែលមានវ័យ ៦៧ឆ្នាំ ទៅហើយ បានក្លាយជាបង្អែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ដោយគាត់ត្រូវទទួលបន្ទុករកប្រាក់ចិញ្ចឹមម្តាយចាស់វ័យ៩០ឆ្នាំ, ស្វាមីឈឺមិនអាចរកចំណូលបាន និងចៅប្រុសស្រីកំព្រាដល់ទៅ៤នាក់។  ការធ្វើនំត្នោតលក់ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ដូនចាស់ដែលរស់នៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែងរូបនេះ។ ក្នុងនាមមេគ្រួសារផង ជាកូនស្រីផង ជាភរិយា និងជាជីដូនផង ស្ត្រីរូបនេះ បារម្ភថាខ្លួនអាចធ្លាក់ឈឺម្នាក់ទៀត ខណៈខ្លួនក៏មានវ័យកាន់តែច្រើននោះ។



លោកយាយ អ៊ឹម សារី  ជាអ្នកធ្វើនំត្នោតលក់ រយៈពេលជាង៣០ឆ្នាំមកហើយ នៅភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស្ត្រីវ័យ៦៧ឆ្នាំរូបនេះ បានដើរតួជាមេគ្រួសារផង ជាជីដូនផង ជាភរិយា និងជាកូនស្ត្រីតែម្នាក់ ដែលត្រូវរ៉ាប់រងបន្ទុកចំណាយសព្វគ្រប់ក្នុងគ្រួសារ។   ផ្ទុយពីដូនចាស់ដែលមានវ័យស្របាលគ្នា លោកយាយ សារី ត្រូវបន្តធ្វើការតត្រុកឥតពេលសម្រាក តាមរយៈការធ្វើនំត្នោតលក់ ដើម្បីរកប្រាក់ចិញ្ចឹមម្តាយជរាវ័យ៩០ឆ្នាំ និងស្វាមីវ័យ៧២ឆ្នាំ ដែលឈឺមិនអាចរកចំណូលបាន និងចៅកំព្រា៤នាក់។
 

លោកយាយ អ៊ឹម សារី បានប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា កន្លងមកលោកតាជាអាចារ្យវត្ត ដែលអាចរកចំណូលបាន ពីការសូត្រមន្ត តាមកម្មវិធីបុណ្យនានា តែក្រោយគាត់ធ្លាក់ខ្លួនឈឺដែរ បន្ទុកមួយផ្នែកទៀត ក៏ធ្លាក់មកលើលោកយាយ។  ចំណែកឯ ចៅ៤នាក់ទៀត លោកយាយ សារី ក៏ត្រូវទទួលបន្ទុកចិញ្ចឹមបីបាច់ទៀត បន្ទាប់ពីឱពុកស្លាប់ដោយជំងឺទឹកនោមប្រៃ ជាង៣ឆ្នាំ ហើយម្ដាយក៏ទើបតែស្លាប់កាលពីប្រមាណ៣ខែមុន ដោយសារជំងឺខ្វះឈាមផងដែរ។ ចៅកំព្រារបស់លោកយាយ សារី មានស្រី២នាក់ និងប្រុស២នាក់។ ចៅច្បង២នាក់ បានបោះបង់ការសិក្សា បន្ទាប់ពីម្ដាយស្លាប់ ហើយបន្តរកការងារធ្វើ ដើម្បីជួយសម្រួលជីវភាពគ្រួសារ។ រីឯចៅ២នាក់ទៀត លោកយាយ សារី ឱ្យពួកគេបន្តការសិក្សា ប៉ុន្តែដោយសារកូវីដ-១៩ សាលាផ្អាក ដូច្នេះពួកគេក៏ឆ្លៀតជួយធ្វើនំត្នោត និងជួយលក់ផងដែរ។
 

បើតាមលោកយាយ អ៊ឹម សារី របរធ្វើនំត្នោតនេះ គឺជាប្រភពចំណូលតែមួយគត់ សម្រាប់លោកយាយ។ លោកយាយ អ៊ឹម សារី ត្រូវចាប់ផ្តើមវេចនំ និងរៀបចំដាក់ចំហុយ ចាប់ពីម៉ោង១២យប់ ហើយបន្តរង់ចាំរហូតដល់នំឆ្អិនអស់ ដើម្បីរៀបចំឱ្យចៅស្រី យកទៅលក់នៅផ្សារអ្នកលឿង នៅម៉ោង៦ព្រឹក។ នេះជាការរៀបរាប់របស់ដូនចាស់រូបនេះ ដោយគាត់បានបន្តប្រាប់សារព័ត៌មានThmeythmey25 ទៀតថា ក្រោយរៀបចំនំឱ្យចៅរួច ទើបខ្លួនបានសម្រាកប្រមាណ២ ទៅ៣ម៉ោង មុននឹងរៀបចំអាហារពេលថ្ងៃត្រង់សម្រាប់គ្រួសារ។

សម្រាកបន្ទាប់ពីហារថ្ងៃត្រង់បន្តិច លោកយាយ អ៊ឹម សារី ត្រូវបន្តការងារខ្លួនទៀត ដោយត្រូវទៅផ្សារទិញគ្រឿងផ្សំធ្វើនំ និងដើររើសត្នោតទុំជ្រុះក្នុងភូមិ និងបន្លែបង្ការ ត្រីសាច់ ទុកធ្វើម្ហូបល្ងាចដែរ។ នៅម៉ោង៦ល្ងាច ដូនចាស់ និងចៅៗ ក៏ចាប់រូតរះលាយផ្សំម្សៅធ្វើនំ កោសដូង និងត្នោតទុំ កាត់ស្លឹកចេក ស្លឹកត្នោត បត់ចាក់ជាកន្ទោងឱ្យស្អាត ទុកសម្រាប់ដាក់នំនៅថ្ងៃបន្ទាប់។
 

កូវីដ-១៩ ធ្វើឱ្យលោកយាយ អ៊ឹម សារី ធ្លាក់ចុះចំណូលខ្លះ
 
ក្នុងមួយថ្ងៃៗ លោកយាយ សារី ធ្វើនំត្នោត ចន្លោះពី៣០០-៤០០នំប៉ុណ្ណោះ ហើយនំ១ តម្លៃ៣០០រៀល។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដូនចាស់រូបនេះ ក៏ទទួលបានការបញ្ជាបន្ថែមសម្រាប់កម្មវិធីមង្គលការ និងបុណ្យទាននានាដែរ ហើយវាក៏ផ្តល់ចំណូលបន្ថែមមួយចំណែកទៀតដល់លោកយាយ។
«គេផ្អាកធ្វើបុណ្យទានក្នុងភូមិ អ៊ីចឹងនំយើងក៏លែងមានអ្នកកម្មង់។ ឱ្យចៅយកទៅលក់នៅផ្សារអ្នកលឿងរាល់ថ្ងៃហ្នឹង បានជាង១០ម៉ឺន។ យកមកទិញម្ហូបព្រឹក-ល្ងាច ហើយទិញគ្រឿងធ្វើនំលក់វិញហ្នឹង។ សល់បានតិចតួច ទុកគ្រាន់ឈឺស្កាត់ ហើយចាយរាល់ថ្ងៃហ្នឹង»។ នេះបើតាមការលើកឡើងរបស់លោកយាយ អ៊ឹម សារី។
 
ការបារម្ភ និងក្ដីសង្ឃឹមរបស់លោកយាយ អ៊ឹម សារី

ជាង៣០ឆ្នាំហើយ ដែលលោកយាយ អ៊ឹម សារី ប្រកបរបរលក់នំត្នោត។ ប៉ុន្តែការធ្វើនំ មិនបានជាប់ពេញមួយឆ្នាំនោះទេ ព្រោះ ត្នោតទុំមានតែចន្លោះខែឧសភា ដល់ខែតុលាប៉ុណ្ណោះ។ ដូច្នេះ ប្រាក់ដាក់អាចរកបានអំឡុងពេល៥ខែនេះ ក៏ត្រូវចាយវាយយ៉ាងក្បិតក្បៀត សម្រាប់ចាយពេលរកលែងបានដែរ។ ទោះយ៉ាងនេះក្តី លោកយាយ ក៏មាន៣នាក់ទៀត ដែលមានគ្រួសាររស់នៅខេត្តផ្សេងៗ ផ្ញើប្រាក់បន្តិចបន្តួច សម្រាប់លោកយាយ ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារដែរ។ «កូនខ្ញុំរៀបការចេញទៅនៅឆ្ងាយអស់ហើយ។ គេផ្ញើលុយមកខ្លះដែរមែនអត់សោះទេ អ៊ីចឹងគ្រាន់បើដែរ។ ណាមួយពួកគេដឹងថា ខ្ញុំលក់នំត្នោតហ្នឹងបានតែរដូវត្នោតទុំទេ ក្រៅពីហ្នឹងរកអីមិនបានដែរហ្នឹង»។ នេះបើតាមការលើកឡើងរបស់លោកយាយ សារី។


ដោយសារការងារធ្វើនំលក់នេះហត់នឿយ មិនបានសម្រាកសម្រាន្តគ្រប់គ្រាន់ គួបផ្សំវ័យកាន់តែចាស់របស់ខ្លួន លោកយាយ អ៊ឹម សារី បារម្ភថាខ្លួនអាចធ្លាក់ខ្លួនឈឺម្នាក់ទៀត ហើយគ្មានមនុស្សជាចំហរគ្រួសារនោះ។ ម្យ៉ាងប្រាក់ចំណូលក៏មានមិនច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារដែរ។ ដូនចាស់វ័យ ៦៧ឆ្នាំរូបនេះ រៀបរាប់ដោយសម្តីមួយៗដូច្នេះថា៖«របរហ្នឹងហត់ណាស់។ ហើយខ្ញុំចាស់ហើយ កម្លាំងក៏ខ្សោយ ប្រហែលឆ្នាំក្រោយ ខ្ញុំឈប់ធ្វើហើយ»។

ដ្បិតដឹងច្បាស់ថា ខ្លួននឹងមិនមានកម្លាំងកំហែងធ្វើនំលក់ រកប្រាក់ចិញ្ចឹម បានយូរទៀត ប៉ុន្តែលោកយាយ រំពឹងថាចៅច្បងរបស់ខ្លួន អាចរកការងារធ្វើបានឆាប់ៗ ហើយក្លាយជាបង្អែកគ្រួសារបន្ទាប់ពីលោកយាយ។ ក្ដីសង្ឃឹមមួយទៀតនោះ របស់លោកយាយ អ៊ឹម សារី គឺប្រាក់បញ្ញើម្តងម្កាល ពីកូនៗទាំង៣នាក់របស់ខ្លួន៕
(ទំនាក់ទំនងបញ្ជាទិញនំត្នោតពីលោកយាយ អ៊ឹម សារី តាមរយៈលេខទូរសព្ទ 096 72 77 950)


 







Tag:
 នំត្នោត
  អ៊ឹម សារី
 ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com