ជាតិ
កម្ពុជាលក់«សុនខ»ហិតមីន៦ក្បាល ឲ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង
28, Jul 2021 , 11:04 am        
រូបភាព
សុនខហិតមីនរបស់CMAC
សុនខហិតមីនរបស់CMAC
ភ្នំពេញ៖ កម្ពុជា លក់សុនខហិតមីន៦ក្បាល ទៅប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង ដើម្បីចូលរួមក្នុងប្រតិបត្តិការដោះមីនក្នុងប្រទេសទាំង២។ ការនាំចេញសុនខទៅក្រៅប្រទេសនេះ ធ្វើឲ្យកម្ពុជា ប្រែខ្លួនពីប្រទេសទិញ ឬសុំសុនខពីបរទេស ទៅជាអ្នកផ្គត់ផ្គង់សុនខ ទៅអន្តរជាតិវិញ។

 
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ថ្លែងប្រាប់សារព័ត៌មានThmeythmey តាមទូរសព្ទថា សុនខទាំង៦ក្បាលនេះ គឺត្រូវបញ្ជូនទៅប្រទេសកេនយ៉ា២ក្បាល និងស៊ូដង់ខាងត្បូង៤ក្បាល នៅថ្ងៃទី២៨កក្កដានេះ ក្រោមការបញ្ជាទិញពីអង្គការ APOPO។ តាមលោក ហេង រតនា សុនខហិតមីន ដែលកម្ពុជាផ្គត់ផ្គង់នេះ មានតម្លៃ ពី៣៥០០ដុល្លារ ដល់២ម៉ឺនដុល្លារ ក្នុងមួយក្បាល។ ប៉ុន្តែកន្លងមក កម្ពុជាធ្លាប់លក់បានតម្លៃខ្ពស់បំផុត ត្រឹម១ម៉ឺនដុល្លារ។   
 
 «យើងមានមោទកភាព លើការធ្វើកិច្ចការហ្វឹកហាត់សុនខបានដោយខ្លួនឯង រហូតដល់លក់នាំចេញទៅក្រៅប្រទេស ដែលពីមុនយើងទិញឬសុំគេមក។ ដោយក្រុមការងារយើង មានឆន្ទៈ ពង្រឹងសមត្ថភាពធនធានមនុស្សរបស់យើង ក្នុងវិស័យហិតមីន ទើបអាចបង្កើតសុនខ ហ្វឹកហាត់ សម្រាប់ប្រើក្នុងប្រទេស រហូតមានលទ្ធភាពនាំចេញ»។ នេះបើតាម លោក ហេង រតនា ដោយលោកថ្លែងប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា កម្ពុជានៅតែបន្តផ្គត់ផ្គង់សុនខ ទៅអន្តរជាតិបន្ថែមទៀត។


 សុនខហិតមីន

អគ្គនាយកCMAC ថា មានសុនខ៤ក្បាលបន្ថែមទៀត កំពុងចរចាជាមួយអ្នកបញ្ជាទិញ។ សម្រាប់លោក ហេង រតនា ការលក់សុនខទៅទីផ្សារអន្តរជាតិនេះ មិនត្រឹមតែជួយផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាបញ្ជាក់ពីការអភិវឌ្ឍន៍សមត្ថភាពរបស់កម្ពុជា ក្នុងវិស័យនេះ ដោយបានប្រែខ្លួនពីប្រទេសនាំចូល ឬសុំសុនខហិតមីនពីបរទេស ក្លាយជាអ្នកផ្គត់ផ្គង់ទៅអន្តរជាតិវិញ។ 
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាធ្លាប់លក់សុនខ ហិតមីនចំនួន៤ក្បាល ទៅឲ្យប្រទេសស៊ូដង់និងតួកគី។ នេះបើតាមបើតាមលោក ហេង រតនា៕ 


 ក្រុមជំនាញរបស់CMAC កំពុងហ្វឹកហាត់សុនខហិតមីន។ (រូបពីទំព័រហ្វេសប៊ុករបស់លោក ហេង រតនា)
 
 
 
 

Tag:
 ហេង រតនា
  សុនខហិតមីន
© រក្សាសិទ្ធិដោយ thmeythmey.com