ជាតិ
ក្រសួង​សុខាភិបាល នឹង​អនុញ្ញាតឱ្យ​មន្ទីរពេទ្យ​ឯកជន ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​អតិថិជន​
29, Jul 2021 , 8:56 pm        
រូបភាព
លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការក្រសួងសុខាភិបាល
ភ្នំពេញ​៖ ក្រសួងសុខាភិបាល នឹង​អនុញ្ញាតឱ្យ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ដល់​អតិថិជន ដែលមាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO)​។ នេះ​បើយោងតាម​លិខិត​របស់​លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នា​ថ្ងៃទី​២៩ ​កក្កដា ដោយបាន​បញ្ជាក់ថា មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជនទាំងឡាយ  ដើម្បី​ទទួលបាន​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ក្នុង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ឱ្យ​អតិថិជន គឺ​ត្រូវមាន​និង​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​។  

 
​បើតាម​លោកស្រី ឱ វណ្ណឌី​ន មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ រួមមាន មន្ទីរពេទ្យ មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មន្ទីរ​សម្ព​ព  ដើម្បី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ក្នុង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដល់​អតិថិជន​នោះ  គឺ​ត្រូវមាន​កន្លែង​និង​បុគ្គលិក​ឈរ​ត្រួតពិនិត្យ​(Screening) នៅក្រៅ​បរិវេណ​អគារ​ផ្នែក​ខាងមុខ​។ លោកស្រី បាន​បញ្ជាក់ថា ក្រៅពីនេះ នៅតាម​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​នីមួយៗ ក៏​ត្រូវមាន​គ្រូពេទ្យ​ដែលមាន​បទពិសោធន៍ ឬ​ផ្នែក​ឯកទេស​សង្គ្រោះបន្ទាន់​យ៉ាងតិច​១​រូប សម្រាប់​ជួយសង្គ្រោះ​បន្ទាន់ នៅពេល​មាន​ហានិភ័យ​ក្រោយ​ការផ្តល់​វ៉ាក់សាំង​ដល់​អតិថិជន​។​
 
​ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌី​ន ក៏​តម្រូវឱ្យ​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ ត្រូវមាន​បន្ទប់​សង្គ្រោះ​បន្ទន់​(ICU) ដែលមាន​បំពាក់​ឧបករណ៍​បរិក្ខា​សម្រាប់​សង្គ្រោះ​បន្ទន់​សមស្រប​, ត្រូវមាន​ប្រព័ន្ធ​ត្រជាក់​ក្នុងការ​រក្សាទុក​វ៉ាក់សាំង​ឱ្យបាន​សមស្រប រួមទាំង​ត្រូវមាន​ប្រព័ន្ធគ្រប់គ្រង​ការបង្ការ និង​ការត្រួតពិនិត្យ​ការចម្លង​មេរោគ ដោយ​អនុវត្ត​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ លើសពីនេះ មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ ដែលមាន​បំណង​សុំ​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ក្នុង​ការផ្តល់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ​ដល់​អតិថិជន ក៏​ត្រូវមាន​ប្រព័ន្ធគ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ ផងដែរ​។ នេះ​បើតាម​ការរៀបរាប់​របស់លោក​ស្រី ឱ វណ្ណឌី​ន នៅក្នុង​លិខិត​របស់ខ្លួន នា​ថ្ងៃទី​២៩​កក្កដា​។ 
 
សូមបញ្ជាក់ថា ​បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នោះ មាន វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca, វ៉ាក់សាំង​Sinopharm, វ៉ាក់សាំង​Sinovac, វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង Johnson & Johnson និង​វ៉ាក់សាំង Moderna ជាដើម​៕​

Tag:
 COVID-19
  លោកស្រី ឱ វណ្ណឌី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com