អន្តរជាតិ
អង់គ្លេស ព្រមានពីស្ថានភាពជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ានឹងកាន់តែធ្ងន់ធ្ងរ
30, Jul 2021 , 10:29 am        
រូបភាព
រូបថត AFP
រូបថត AFP
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)  នៅថ្ងៃទី២៩ ខែកក្កដា អង់គ្លេសបានព្រមានថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាទាំង៥៤លាននាក់ អាចនឹងឆ្លងជំងឺកូវីដ-១៩ ត្រឹមរយៈពេល២សប្តាហ៍ខាងមុខប៉ុណ្ណោះ ប្រសិនបើស្ថានការណ៍ក្នុងប្រទេសនេះនៅតែអាក្រក់ដូចបច្ចុប្បន្ន។ អង់គ្លេស បានជំរុញឱ្យក្រុមប្រឹក្សសន្តិសុខ គិតគូរពីបញ្ហានៅមីយ៉ាន់ម៉ា។

 
ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ា កំពុងប្រឈមនឹងបញ្ហាលំបាកៗជាច្រើន។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មជ្ឈមណ្ឌលថែទាំសុខភាពចំនួន ៤០ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសបានបើកដំណើរការ ស្របពេលកម្លាំងយោធា បានឃុំខ្លួនគ្រូពេទ្យយ៉ាងហោចណាស់៦៧នាក់ និងវាយប្រហារលើមជ្ឈមណ្ឌល និងក្រុមគ្រូពេទ្យចំនួន ២៦០លើក។ មីយ៉ាន់ម៉ា ក៏ប្រឈមបញ្ហាធំមួយទៀត គឺខ្វះវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្តល់ឱ្យប្រជាជន។ 
 
ទាក់ទិននឹងបញ្ហានេះ អង់គ្លេស នៅថ្ងៃទី២៩ ខែកក្កដា បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងស្ថានភាពជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា ដែលកំពុងយ៉ាប់យ៉ឺនខ្លាំង។ ក្នុងកិច្ចប្រជុំនោះ អង់គ្លេស បានជំរុញឱ្យក្រុមប្រឹក្សាធានាដល់ការអនុវត្តសេចក្តីសម្រេច លេខ2565 ដែលទាមទារឱ្យមានបិទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូនវ៉ាក់សាំងចូលទៅក្នុងប្រទេសមួយនេះ។ 
 
«វាគឺសំខាន់ណាស់ដែលយើងត្រូវពិចារណាពីការអនុវត្តសេចក្តីសម្រេច»។ លោកស្រី Barbara Woodward អគ្គរាជទូតអង់គ្លេស បានបញ្ជាក់បែបនេះ។ 
 
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ាវិញ លោក Susanna Hla Hla Soe បានចោទរដ្ឋាភិបាលយោធាថា បានយកជំងឺកូវីដ-១៩ ប្រឆាំងនឹងប្រជាជន ខណៈពេលជំងឺឆ្លងសកលប្រភេទនេះ កំពុងរាតត្បាតនៅលើពិភពលោក។ 
 
កន្លងមក ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា បានស្វែងរកជំនួយពីប្រទេសជាមិត្ត ជាពិសេសពីអាស៊ាន ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ-១៩។ មីយ៉ាន់ម៉ា នៅថ្ងៃទី២៩ ខែកក្កដា បានរាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥២៣៤ករណី និងអ្នកស្លាប់មានចំនួន ៣៤២នាក់។ ករណីឆ្លងសរុបនៅមីយ៉ាន់ម៉ា មានចំនួនជិត ២៩ម៉ឺនករណី និងអ្នកស្លាប់មានចំនួន ៨៥៥២នាក់។ ទន្ទឹមនេះ តាមទិន្នន័យរបស់យោធាមីយ៉ាន់ម៉ា ប្រជាជនប្រមាណ១,៧៥លាននាក់ក្នុងចំណោម៥៤លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕ 
 

Tag:
 អង់គ្លេស
  UNSC
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com