COVID-19
ជាតិ
កម្ពុជាបង្កើតក្រុមការងារសិក្សាស្រាវជ្រាវរកឱសថ និងបរិក្ខារទប់ស្កាត់កូវីដ-១៩
30, Jul 2021 , 1:18 pm        
រូបភាព
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី៣០ ខែកក្កដា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩។ ក្រុមការងារដែលចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធកូវីដ-១៩ នេះ ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។



ក្នុងក្រុម​ការងារ​សិក្សា ស្រាវជ្រាវនេះ លោកស្រី ពេជ ចន្ទមុន្នី មានអនុប្រធាន​៤នាក់ រួមមាន លោក ជាប សត្ថរតន៍ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សាផុន​ វឌ្ឍនៈ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​លោក ឈា ឆវណ្ណ នាយក​វិទ្យាស្ថានជាតិសុខភាព​សាធារណៈ​។ រីឯសមាជិក​ក្រុមការងារមាន​៩នាក់ទៀត។

តាម​ប្រការ២នៃសេចក្តី​សម្រេច ក្រុមការងារ​ មាន​ភារកិច្ច​ស្រាវជ្រាវ និង​ស្វែង​ករ​ឱសថដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និងដែលបាន​ប្រើ​ប្រាស់​សម្រាប់​ការព្យាបាល ឬ​បង្ការ​កូវីដ-១៩។ ការងារពាក់ព័ន្ធ​ផ្សេងៗ​ទៀត​មាន​ដូចជា សិក្សា​ស្រាវជ្រាវ​ និង​ស្វែងរកឧបករណ៍​តេស្តរក​មេរោគកូវីដ-១៩ បរិក្ខាពេទ្យ​ចាំបាច់ ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​ផលិត និង​បណ្តា​ញចែក​ចាយ​ឱសថបរទេស ផ្តល់អនុសាសន៍​លើ​ការប្រើប្រាស់ឱសថ និង​ការងារស្នូលជាច្រើនទៀត។

រាល់ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ ស្រាវជ្រាវ​របស់ក្រុម​ការងារ ត្រូវ​ប្រើ​កញ្ចប់​ថវិកាជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com