COVID-19
អន្តរជាតិ
ចិន ប្រឈមមុខរលកឆ្លងកូវីដ-១៩ ដ៏អាក្រក់ ខណៈការឆ្លងថ្មីចាប់ផ្ដើមរាលដាល
31, Jul 2021 , 2:29 pm        
រូបភាព
គ្រូពេទ្យចិនយកសំណាកពីប្រជាជនក្នុងខេត្តស៊ីឈ័ន។ រូបថត Xinhua
គ្រូពេទ្យចិនយកសំណាកពីប្រជាជនក្នុងខេត្តស៊ីឈ័ន។ រូបថត Xinhua
ចិន កំពុងប្រឈមមុខរលកឆ្លងជំងឺកូវីដ-១៩ ដ៏អាក្រក់មិនធ្លាប់មានក្រោយការផ្ទុះដំបូងនៅវូហាន បន្ទាប់ករណីឆ្លងថ្មី បានរាលដាលដល់តំបន់ធំពីរទៀត។ នេះបើតាមការប្រកាសរបស់គណៈកម្មការសុខាភិបាលចិននៅថ្ងៃទី៣១ ខែកក្កដា។ រលកចុងក្រោយនេះ ផ្ទុះចេញពីការរកឃើញករណីឆ្លងនៅអាកាសយានដ្ឋានណានជីង ខេត្តជាំងស៊ូ ហើយក៏ចាប់ផ្ដើមរាលដាលដល់ផ្នែកផ្សេងទៀត។ អាជ្ញាធរចិន ក៏រកឃើញវីរុសបំប្លែងខ្លួនដែលតាក្នុងចំណោមករណីឆ្លងទាំងផងដែរ។

 
ក្នុងរបាយការណ៍ចេញថ្ងៃទី៣១ ខែកក្កដា គណៈកម្មការសុខាភិបាលចិន រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៥៥នាក់។ ក្នុងនោះ៣០ករណីជាការឆ្លងក្នុងស្រុក និង២៥ករណីទៀតជាករណីនាំចូល។ 
 
សម្រាប់ករណីឆ្លងក្នុងស្រុក ១៩នាក់រកឃើញនៅខេត្តជាំងស៊ូ, ៦នាក់នៅហ៊ូណាន ហើយលាវនីង និងស៊ីឈ័នមានម្នាក់ដូចគ្នា។ ខេត្តហ្វ៊ូជាន ទើបមានករណីឆ្លងថ្មីម្នាក់ដូចគ្នានឹងទីក្រុងឆុងឈីងដែលមានប្រជាជន៣១លាននាក់ដែរ។​ នេះបើតាមរបាយការណ៍ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua ។
 
មកទល់ពេលនេះ ចិនរកឃើញករណីឆ្លងជាង២០០នាក់ដែលជាប់ពាក់ព័ន្ធករណីឆ្លងដំបូងក្នុងចំណោមអ្នកសម្អាតអាកាសយានដ្ឋានក្រុងណានជីង ខេត្តជាំងស៊ូ។ អ្នកទាំង៩ ត្រូវធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី២០ ខែកក្កដា។ ចាប់ពីពេលនោះ ករណីឆ្លងបន្តបន្ទាប់ ក៏ត្រូវរកឃើញរាប់ទាំងនៅរដ្ឋធានីប៉េកាំងផងដែរ។ នៅណានជីង អាជ្ញាធរក្រុង បានធ្វើតេស្តទ្រង់ទ្រាយធំពីរដងលើប្រជាជន៩,២លាននាក់ ហើយរាប់ពាន់នាក់ទៀត ត្រូវរឹតត្បិតការធ្វើដំណើរ។
 
នៅខេត្តហ៊ូណាន អាជ្ញាធរក្រុងចាងចាជា (Zhangjiajie) ដែលជាក្រុងទេសចរណ៍ដ៏មានប្រជាប្រិយ ក៏ចាត់វិធានការបិទក្រុង និងហាមប្រជាជន១,៥លាននាក់ចេញពីផ្ទះ។ កន្លែងកម្សាន្តនានា ក៏ត្រូវបានបិទដើម្បីទប់ស្កាត់ការឆ្លងផងដែរ។ ចំណែកទីក្រុងប៉េកាំង ក៏បានបិទលំនៅដ្ឋានសហគមន៍៩កន្លែងផងដែរ បន្ទាប់ពីរកឃើញករណីឆ្លងដែលមានប្រវត្តិធ្វើដំណើរមកចាងចាជា។ 
 
រលកឆ្លងចុងក្រោយនេះ កំពុងធ្វើឱ្យកំណត់ត្រាល្អរបស់ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ជួយហានិភ័យ ទោះជាកន្លងមកមានការឆ្លងរប៉េះរប៉ោះក្ដី។ អ្វីជាក្ដីបារម្ភ គឺវត្តមានវីរុសបំប្លែងខ្លួនដែលតាដែលឆ្លងរហ័សតែម្ដង។ ចិន ក៏រកឃើញវីរុសក្នុងចំណោមករណីឆ្លងថ្មីៗនេះរួចហើយដែរ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com