COVID-19
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
01, Aug 2021 , 9:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ ទំនាក់ទំនងចិន និងអាមេរិក បានក្លាយជាប្រធានបទដ៏សំខាន់។ អនុរដ្ឋមន្រ្តីចិន លោកស្រី វិនឌី ស៊ើមែន បានធ្វើទស្សនកិច្ចទៅចិន ដោយជួបជាមួយសមភាគីចិន លោក សៀ ហ្វឹង និងប្រមុខការទូតចិន លោកវ៉ាង យី។ ស្របគ្នាដែរប្រមុខការពារជាតិអាមេរិក បានធ្វើទស្សនកិច្ចមកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា សិង្ហបុរី វៀតណាម និងហ្វីលីពីនជាដើម។


ខាងក្រោមនេះ គឺជាការព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍៖

ថ្ងៃទី២៦ ខែកក្កដា
 
អនុរដ្ឋមន្រ្តីការបរទេសចិន សៀ ហ្វឹង បានជួបជាមួយសមភាគីអាមេរិក វិនឌី ស៊ើមែន ក្នុងទីក្រុងធានជីនក្បែររដ្ឋធានីប៉េកាំង។ មន្រ្តីទូតចិន បានប្រាប់ភាគីអាមេរិកថា សណ្តាប់ធ្នាប់អន្តរជាតិរបស់អាមេរិក និងប្រទេសអឺរ៉ុបមួយក្រុមតូច ធ្វើឡើងក្នុងគោលបំណងបង្កើតច្បាប់ព្រៃ និងដើម្បីសម្លុតប្រទេសតូចៗប៉ុណ្ណោះ។
 
អង្គការសហប្រជាជាតិ បានអះអាងថា ជនស៊ីវិលអាហ្វហ្គានីស្ថានប្រមាណ២៤០០នាក់បានស្លាប់ ឬរងរបួសចន្លោះខែឧសភា និងខែមិថុនា។ តួលេខដ៏ខ្ពស់នេះ ត្រូវបានកត់ត្រា ខណៈការប្រយុទ្ធរវាងក្រុមឧទ្ទាមតាលីបង់ និងកងកម្លាំងសន្តិសុខអាហ្វហ្គានីបានកើនឡើងខ្លាំង ស្របពេលអាមេរិកដកទ័ព។
 
ថ្ងៃទី២៧ ខែកក្កដា
 
កូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រកាសភ្ជាប់បណ្ដាញទំនាក់ទំនងទាំងអស់ឡើងវិញ បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ជាឯកតោភាគីដោយទីក្រុងព្យុងយ៉ាងអស់ពេលជាង១ឆ្នាំមកហើយ។ បើតាមកូរ៉េខាងត្បូង ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញនេះ ជាជំហានដំបូងក្នុងការស្ដារទំនាក់ទំនងអន្តរកូរ៉េដែលជាប់គាំងនាពេលកន្លងមក។
 
រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី និងអាមេរិក នៅថ្ងៃទី២៧ ខែកក្កដា បានបញ្ជាក់រួមគ្នាថា វត្តមានអាមេរិកនៅក្នុងតំបន់ គឺពិតជាសំខាន់ណាស់សម្រាប់សន្តិភាព វិបុលភាព និងស្ថិរភាពរបស់ខ្លួន។

ថ្ងៃទី២៨ ខែកក្កដា
 
ប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង បានប្រកាសស្វែងរកកិច្ចសហប្រតិបតិ្តការកាន់តែខ្លាំងជាមួយសហគមន៍អន្តរជាតិដើម្បីទប់ទល់វិបត្តិជំងឺកូវីដ-១៩ ។ មីយ៉ាន់ម៉ា កំពុងរងគ្រោះខ្លាំងដោយសាររលកឆ្លងជំងឺកូវីដ-១៩ ស្របពេលប្រព័ន្ធសុខាភិបាលស្ទើរតែដួលរលំដោយសារបុគ្គលិកភាគច្រើនចូលរួមយុទ្ធនាការប្រឆាំងរដ្ឋប្រហារ។
 
អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកថ្មី លោក ឈីន កាង បានបង្ហាញសារជាវិជ្ជមានទៅភាគីអាមេរិកពេលទៅដល់ក្រុងវ៉ាស៊ីនតោនដើម្បីកាន់តំណែង។ បើតាមអ្នកការទូតចិនរូបនេះ ច្រកទ្វារទំនាក់ទំនងរវាងប្រទេសទាំងពីរមិនទាន់បិទឡើយ ហើយថែមទាំងមានឱកាស និងសក្តានុពលជាច្រើនថែមទៀត។
 
ថ្ងៃទី២៩ ខែកក្កដា
 
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកឡយ អូស្ទីន បានស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមជាមួយវៀតណាម និងដោះស្រាយបញ្ហាជំងឺកូវីដ-១៩។ ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ធ្វើឡើងស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងមានទំនាស់ជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។
 
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)  អង់គ្លេសបានព្រមានថា ពាក់កណ្តាលនៃប្រជាជនមីយ៉ាន់ម៉ាទាំង៥៤លាននាក់ អាចនឹងឆ្លងជំងឺកូវីដ-១៩ ត្រឹមរយៈពេល២សប្តាហ៍ខាងមុខប៉ុណ្ណោះ ប្រសិនបើស្ថានការណ៍ក្នុងប្រទេសនេះនៅតែអាក្រក់ដូចបច្ចុប្បន្ន។ អង់គ្លេស បានជំរុញឱ្យក្រុមប្រឹក្សសន្តិសុខ គិតគូរពីបញ្ហានៅមីយ៉ាន់ម៉ា។
 
ថ្ងៃទី៣០ ខែកក្កដា
 
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានអនុម័តដាក់វិធានការបិទខ្ទប់រដ្ឋធានីម៉ានីល និងតំបន់ជុំវិញរយៈពេល២សប្តាហ៍ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីទម្រង់ដែលតា និងដើម្បីការពារប្រព័ន្ធសុខាភិបាលក្នុងប្រទេសកុំឱ្យដួលរលំ។
 
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសជំហរមិនលាលែងពីតំណែង ឬរំលាយសភាមុនអាណត្តិឡើយ ខណៈលោកកំពុងរងសម្ពាធខ្លាំងដោយសារវិបត្តិកូវីដ-១៩ ដែលមិនធូរស្រាល។ លោក ប្រាយុទ្ធ ត្រូវបានបាតុករទាមទារឱ្យចុះចេញពីតំណែងទៅ ព្រោះអសមត្ថភាពដោះស្រាយវិបត្តិនេះឱ្យបានល្អ។
 
ថ្ងៃទី៣១ ខែកក្កដា
 
គណៈកម្មការសុខាភិបាលចិន បានប្រកាសថា​ ចិន កំពុងប្រឈមមុខរលកឆ្លងជំងឺកូវីដ-១៩ ដ៏អាក្រក់មិនធ្លាប់មានក្រោយការផ្ទុះដំបូងនៅវូហាន បន្ទាប់ករណីឆ្លងថ្មី បានរាលដាលដល់តំបន់ធំពីរទៀត។
 
នាយករដ្ឋមន្ត្រី​វៀតណាម ផាម មិញ​ឈិ​ញ សម្រេច​បន្ត​វិធាន​ការបិទ​ខ្ទប់​តំបន់​ភាគ​ត្បូង​ចំនួន​២​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​នៅតែ​ធ្ងន់ធ្ងរ​។ លោក ផាម ក៏​ណែ​នាំឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​បិទ​ខ្ទប់​រឹតបន្តឹង​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ ហើយ​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​នៅ​តំបន់​មាន​ហានិភ័យ​៕ 
 

Tag:
 ចិន
  អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com