ជាតិ
ក្រសួងបង្កើតក្រុមតាមដាន៖ សារព័ត៌មាន ខុសវិជ្ជាជីវៈ ត្រូវពិន័យ, សារព័ត៌មាន មានវិជ្ជាជីវៈ ត្រូវលើកសរសើរ
03, Aug 2021 , 3:02 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ ដឹកនាំប្រជុំជាមួយមន្រ្តីក្រសួងព័ត៌មាន កាលពីអំឡុងខែមេសា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ ដឹកនាំប្រជុំជាមួយមន្រ្តីក្រសួងព័ត៌មាន កាលពីអំឡុងខែមេសា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្កើតក្រុមងារថ្មីមួយ ហៅថា គណៈកម្មការតាមដាន វាយតម្លៃ និង លើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ សេចក្តីសម្រេចរបស់លោក ស្តីពីការបង្កើតគណៈកម្មការនេះ ចេញនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។



បើតាមប្រការ១ នៃសេចក្តីសម្រេចរបស់លោក ខៀវ កាញារីទ្ធ គណៈកម្មការ ដែលត្រូវបង្កើតថ្មីនេះ ត្រូវតាមដានមើលស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជា ហើយបើឃើញថា ស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានណា បំពេញការងារត្រឹមត្រូវតាមវីជ្ជាជីវៈនិងក្រមសីលធម៌ គឺត្រូវលើកសរសើរ តែបើឃើញថា ស្ថាប័នសារព័ត៌មាន ឬអ្នកសារព័ត៌មានណា បំពេញការងារខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ត្រូវដាក់ពិន័យ តាមច្បាប់ស្តីពីរបបសារព័ត៌មាន។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ គឺដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពរបស់អង្គភាពសារព័ត៌មាន និងបុគ្គលជាអ្នកសារព័ត៌មានផ្ទាល់។ 

លោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការនេះ អមដោយអនុប្រធាន២រូប និងអនុប្រធានអចិន្ត្រៃយ៍១រូប រួមទាំងសមាជិកមួយចំនួន៕ 

Tag:
 ខៀវ កាញារីទ្ធ
  វិស័យសារព័ត៌មាន
  ក្រុមតាមដាន
© រក្សាសិទ្ធិដោយ thmeythmey.com