COVID-19
ជាតិ
ករណីឆ្លងថ្មីសរុប៤៨០នាក់ នៅខេត្តជាប់ព្រំដែនថៃចំនួន៥ កាលពីថ្ងៃទី២សីហា
03, Aug 2021 , 6:09 pm        
រូបភាព
បណ្តាខេត្តជាប់ព្រំដែនថៃចំនួន៥ គឺបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងកោះកុង បានរកឃើញករណីឆ្លងកូវីដ-១៩ សរុប៤៨០នាក់ នៅថ្ងៃទី២ សីហា។ ក្រៅពីខេត្តទាំង៥នេះ ខេត្តមួយចំនួនទៀតមានព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ និងខេត្តកណ្តាល ក៏បន្តរកឃើញអ្នកវិជ្ជមានសរុប ២៧៥នាក់បន្ថែមដែរ។ សរុបករណីថ្មីទាំង១១ខេត្តនេះ គឺ ៧៥៧នាក់ ខណៈខេត្តមួយចំនួនទៀត ក៏​ប្រកាសជាបន្តបន្ទាប់ ពីករណីវិជ្ជមាននៅក្នុងខេត្តខ្លួន​ដែរ។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានប្រកាសថា កាលពីថ្ងៃទី២ ខែសីហា គឺមានអ្នកវិជ្ជមានកូវីដ-១៩ សរុបតែ ៥៧៧នាក់ប៉ុណ្ណោះ។

 
បន្ទាយមានជ័យ៖ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦៥នាក់ទៀត ក្នុងនោះជាង៥០នាក់កើតលើពលករដែលកំពុងធ្វើចត្តាឡីស័ក។ អ្នកវិជ្ជមានភាគច្រើន ជាអ្នករស់នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ហើយក្រៅពីនេះមានអ្នកស្រុកអូរជ្រៅ, មង្គលបូរី, ម៉ាឡៃ, ថ្មពួក, ភ្នំស្រុក, ស្វាយចេក និងស្រុកព្រះនេត្រព្រះ។ អ្នកឆ្លងថ្មីមួយចំនួនទៀតជាអ្នកខេត្តកោះកុង  ពោធិ៍សាត់ បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តព្រះវិហារ។
 
បាត់ដំបង៖ បន្តកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ១០៥នាក់ ខណៈអ្នកជាសះស្បើយមានចំនួន១៧នាក់បន្ថែម និង២នាក់បានស្លាប់។ គិតត្រឹមថ្ងៃទី២ សីហា ខេត្ត​បាត់ដំបង មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣.៥៩២នាក់ ក្នុងនោះ២.១០៣នាក់បានជាសះស្បើយ, ៤៥នាក់ស្លាប់ ​និង ១.៤៤៤នាក់កំពុងព្យាបាល។
សៀមរាប៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៧នាក់ទៀត ខណៈអ្នកជាសះស្បើយ​មាន៩០នាក់ និងស្លាប់​​១នាក់ បន្ថែម។ ក្នុងចំណោមអ្នកវិជ្ជមាននោះ មាន៤៦នាក់ នាំចូលពីប្រទេសថៃ ហើយករណីឆ្លងក្នុងសហគមន៍មានប្រភព​ចម្លងចេញពីផ្សារចារឈូក, ផ្សារលើធំថ្មី និងផ្សារកំពង់ឃ្លាំង។ ចំណពោះករណីស្លាប់ គឺជាស្ត្រីវ័យ ៦៤ឆ្នាំ រស់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប។ គិតត្រឹមថ្ងៃទី២ សីហា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤.៦២៥នាក់ ក្នុងនោះ​២.៤០៦នាក់បានជាសះស្បើយ, ៤៩នាក់ស្លាប់​និង២.២១៩នាក់ទៀត កំពុងសម្រាកព្យាបាល។ 
 
ព្រៃវែង៖ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧៩នាក់បន្ថែម ហើយអ្នកដែលជាសះស្បើយមាន​៣៣នាក់ដែរ។ អ្នកវិជ្ជមាន៤នាក់បន្ថែម បានស្លាប់ ដែលធ្វើឱ្យករណីស្លាប់សរុប ក្នុងខេត្តនេះ មាន៨០នាក់។  ក្នុងចំណោមអ្នកដែលវិជ្ជមានទាំងនោះ មានអ្នករស់នៅក្រុងព្រៃវែង, ស្រុកព្រះសេ្ដច, កំចាយមារ, ពាមជរ, កំពង់ត្របែក, មេសាង, ស្វាយអន្ទរ, ពាមរក៍, បាភ្នំ, ​កញ្ជ្រៀច, ​ស៊ីធរកណ្ដាល, ពារាំង និងស្រុកពោធិ៍រៀង។ 
 
ករណីស្លាប់ទាំង៤នាក់ មានបុរសវ័យ ៥៧ឆ្នាំរស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរ​កណ្ដាល ខេត្តព្រៃវែង។ ​ ស្ត្រីវ័យ ៣៩ឆ្នាំ រស់នៅភូមិធ្លក ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ស្ត្រីវ័យ ៦៧ឆ្នាំ រស់នៅភូមិក្រាំងស្លា ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្ត្រីវ័យ ៦៤ឆ្នាំ រស់នៅភូមិសំរោងវាល ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដ-១៩ សរុប ៤.៤៦៨នាក់ ក្នុងនោះ៣.២៤៥នាក់ បានជាសះស្បើយ ៨០នាក់ស្លាប់ និង១.១៤៣នាក់កំពុងព្យាបាល។
 
ឧត្តរមានជ័យ៖ មាន៧៩ករណីថ្មី ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ខណៈ៧នាក់ ជាពលករដែលធ្វើចត្តាឡីស័ក ក្រោយត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ៥៥នាក់បានជាសះស្បើយ។ ក្នុងចំណោមអ្នកទើបវិជ្ជមាននោះ មានបុគ្គលិកសុខាភិបាល ៣នាក់ និងទាហាន៤នាក់ផងដែរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២ ខែសីហា ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤.៩២៥នាក់ ក្នុងនោះ ៤,៤៦១នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយសរុបមាន ៩៨៣នាក់ ស្លាប់៨នាក់ និង៣.៩១៣៤នាក់ទៀតកំពុងសម្រាកព្យាបាល។
 
កំពង់ចាម៖ មនុស្សចំនួន ៥៥នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈ៦៨នាក់បានជាសះស្បើយ និងម្នាក់បានស្លាប់។ អ្នកដែលទើបវិជ្ជមានទាំង ៥៥នាក់នោះ មានពលរដ្ឋក្រុងកំពង់ចាម, ស្រុកកំពង់សៀម, កងមាស,ចំការលើ, ជើងព្រៃ, បាធាយ, ព្រៃឈរ, ស្ទឹងត្រង់ និងស្រុកស្រីសន្ធរ។ អ្នកវិជ្ជមាន ៣នាក់ជាអ្នកខេត្តត្បូងឃ្មុំ។ ចំណែកករណីស្លាប់ គឺជាស្ត្រីវ័យ៦៨ឆ្នាំ រស់នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន​ ខេត្តកំពង់ចាមនៅសល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលចំនួន ៨២៩នាក់ ខណៈអ្នកដែលបានជះសះស្បើយមានចំនួន ៣.១៣៣នាក់។
 
កណ្តាល៖ មានអ្នកវិជ្ជមានថ្មីចំនួន ៤៦នាក់ ជាសះស្បើយ ៨៨នាក់បន្ថែម និងមានស្លាប់២នាក់ទៀតដែរ។ គិតត្រឹមថ្ងៃទី ២ ខែសីហា ខេត្តកណ្តាល បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៩.៦៥៧នាក់ ក្នុងនោះ ៨.៦៩៤នាក់បានជាសះស្បើយ។ អ្នកស្លាប់សរុបមាន ១៣៦នាក់​។
 
កំពង់ធំ៖  បន្តរកឃើញអ្នកវិជ្ជមាន ចំនួន៤៤នាក់បន្ថែមទៀត និងជាសះស្បើយ៤នាក់។ អាជ្ញាធរ ក៏រកឃើញករណីវិជ្ជមានកូវីដ-១៩ លើសពបុរសម្នាក់ ដែលរស់នៅឃុំតាំងក្រសាំង ស្រុកសន្ទុកផងដែរ។ ក្នុងចំណោមករណីឆ្លងថ្មីទាំង៤៤នាក់នោះ មាន ៧នាក់ជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន, ២នាក់ នៅស្រុកប្រាសាទបាល្ល័ង្គ, ៧នាក់ នៅស្រុកសន្ទុក, ១៥នាក់នៅស្រុកបារាយណ៍, ១២នាក់នៅស្រុកស្ទោង និង១នាក់នៅស្រុកតាំងគោក។ គិតត្រឹមថ្ងៃទី២ សីហា ខេត្តកំពង់ធំមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២.០៧០នាក់ ក្នុងនោះ១.២៧០នាក់ បានជាសះស្បើយ, ៥៣នាក់ស្លាប់ និង៧៤៧នាក់ទៀតកំពុងសម្រាកព្យាបាល​។
 
កោះកុង៖ មានអ្នកវិជ្ជមាន ៣៦នាក់ទៀត ខណៈអ្នកជាសះស្បើយមាន ៦៤នាក់។ អ្នកវិជ្ជមានថ្មី គឺជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា,​ស្រុកកោះកុង, ស្រុកបូទុមសាគរ, ស្រុកគិរីសាគរ និងស្រុកស្រែអំបិល។ 
 
កំពង់ស្ពឺ៖​ រកឃើញករណីថ្មីចំនួន ២៧នាក់ ខណៈអ្នកសះស្បើយមានដល់ទៅ ៧០នាក់​។ ខេត្តកំពង់ស្ពឺ នៅសល់អ្នកជំងឺដែលកំពុងព្យាបាលតែ ២៧៩នាក់ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី ២ ខែសីហា ខេត្តនេះ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤.០៣៩នាក់ ក្នុងនោះ៣.៦៤៧នាក់ហើយបានជាសះស្បើយ ហើយអ្នកស្លាប់មាន៩៦នាក់។
ត្បូងឃ្មុំ៖ បន្តរកឃើញអ្នកឆ្លងថ្មីចំនួន ២៤នាក់ ដែលភាគច្រើនជាសិស្ស ខណៈអ្នកជាសះស្បើយបន្ថែម ​៨២នាក់ និងស្លាប់១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះមាន ៨នាក់ជាពលរដ្ឋរស់នៅក្រុងសួង, ១០នាក់ ជាអ្នកស្រុកពញាក្រែក, ៥នាក់ជាអ្នកស្រុកត្បូងឃ្មុំ និង១នាក់ជាអ្នកស្រុកក្រូចឆ្មារ។
 
ករណីទូទាំងប្រទេស៖ មនុស្ស ៥៧៧នាក់​ទៀតតេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​ ២២៤នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៦២៨នាក់​បន្ថែម និង​អ្នក​ស្លាប់មាន​២៩នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣ ខែសីហា​នេះ​។
មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៧៩.០៥១នាក់ ក្នុងនោះ ១១.១៩៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៧២.១៤៥​នាក់ និង​ស្លាប់​សរុប ១.៤៧១នាក់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com