COVID-19
សង្គមអន្តរជាតិ​
​ឡាវ បន្ត​បិទ​ខ្ទប់​រហូតដល់​ថ្ងៃទី​១៨ ខែសីហា ស្របពេល​ករណី​ឆ្លង​ហក់​ឡើង​
03, Aug 2021 , 8:24 pm        
រូបភាព
ប្រជាជនឡាវ មកចុះឈ្មោះទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។រូបភាព៖Xinhua
ប្រជាជនឡាវ មកចុះឈ្មោះទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។រូបភាព៖Xinhua
​រដ្ឋាភិបាល​ឡាវ បាន​បន្ត​បិទ​ខ្ទប់​ប្រទេស​រហូតដល់​ថ្ងៃទី​១៨ ខែសីហា ដោយសារ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេសជិតខាង និង​ករណី​នាំចូល​មាន​ចំនួន​ច្រើន​។ អាជីវកម្ម​មិនចាំបាច់​ជាច្រើន ដែល​ស្ថិតក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ នៅតែ​បន្ត​បិទ​ដដែល​។

 

​ឡាវ នៅ​ថ្ងៃទី​៣​ខែសីហា បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៥០​ករណី ដែលជា​តួលេខ​ដ៏​ខ្ពស់​មួយ​។ ក្នុងចំណោម​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រចាំថ្ងៃ​ទាំងនេះ ឡាវ មាន​ករណី​ឆ្លង​ចំនួន​១៣​ប៉ុណ្ណោះ ដែល​ឆ្លង​នៅក្នុង​សហគមន៍ ខណៈ​ករណី​នាំចូល​មាន​រហូតដល់ ២៣៧ ករណី​ឯណោះ​។ ករណី​ឆ្លង​សរុប​នៅ​ឡាវ​មាន​ចំនួន​ជាង ៧​ពាន់​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៧​នាក់​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ ឡាវ បានសម្រេច បន្ត​បិទ​ប្រទេស​រហូតដល់​ថ្ងៃទី​១៨ ខែសីហា​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឡាវ លោកស្រី Thippakone Chanthavongsa បាន​អះអាងថា ការបន្ត​រយៈពេល​បិទ​ខ្ទប់​នេះ ដោយសារតែ​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេសជិតខាង​មិនទាន់​ធូរស្រាល ខណៈ​ចំនួន​ពលករ​ឡាវ​ត្រលប់​ចូល​ប្រទេស​មាន​ចំនួន​ច្រើន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Laotian Times​។ 
 
​ស្របគ្នា​នេះ អាជ្ញាធរ​ឡាវ​នឹង​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន រួមទាំង​វាស់​កម្តៅ​តាម​ច្រកព្រំដែន​ជាដើម​។ មិនតែប៉ុណ្ណោះ ឡាវ​ក៏បាន​ពង្រីក​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មន្ទីរពេទ្យ​សម្រាប់​ដាក់​ពលករ​ត្រលប់​ចូលមក​ក្នុងប្រទេស​វិញ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ប្រទេសជិតខាង​ឡាវ ដូចជា​ថៃ កម្ពុជា វៀតណាម មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាច្រើន​ករណី​។ នៅ​ថ្ងៃទី​៣ ខែសីហា ថៃ​មាន​ករណី​ឆ្លង​ចំនួន ១៨៩០១​ករណី​, កម្ពុ​ជាមាន ៥៧៧​ករណី និង​វៀតណាម​មាន​ចំនួន ៣៥៧៨​ករណី​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com