អន្តរជាតិ
អង់គ្លេស ជាប្រទេសទី១១ ដែលក្លាយជាដៃគូសន្ទនាអាស៊ាន
05, Aug 2021 , 11:01 am        
រូបភាព
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃទី២ខែសីហា។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃទី២ខែសីហា។
អាស៊ាន បានអនុញ្ញាតឱ្យចក្រភពអង់គ្លេសធ្វើជាដៃគូសន្ទនាអាស៊ានជាផ្លូវការហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែសីហា។



 
បន្ទាប់ពីដាក់សំណើនៅខែវិច្ឆិកា ឆ្នាំ២០២០ មក អាស៊ាន ទទួលអង់គ្លេសធ្វើជាដៃគូសន្ទនារបស់ខ្លួនហើយ។ «យើងឯកភាពក្នុងការផ្តល់ឱ្យចក្រភពអង់គ្លេសជាដៃគូសន្ទនាអាស៊ាន»។ សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន។ 
 
ពេលនេះ អង់គ្លេស ជាប្រទេសទី១១ ដែលបានក្លាយដៃគូសន្ទនាអាស៊ាន។ ប្រទេសចំនួន ១០ ផ្សេងទៀត ដែលជាដៃគូសន្ទនាអាស៊ានមានដូចជា អូស្រ្តាលី, កាណាដា, ចិន, សហភាពអឺរ៉ុប, ឥណ្ឌា ជប៉ុន, កូរ៉េខាងត្បូង, នូវែលសេឡង់, រុស្ស៊ី និងអាមេរិក។ 
 
ក្នុងនាមជាដៃគូពិភាក្សានេះ អង់គ្លេសនឹងអាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្ថែមទៀត លើស្ថិរភាពនៅក្នុងតំបន់ និងបម្រែបម្រួលអាកាសធាតុជាដើម។ ការពង្រីកដែនឥទ្ធិពលរបស់អង់គ្លេសមកក្នុងតំបន់អាស៊ីអាគ្នេយ៍បែបនេះ ធ្វើឡើងស្របពេលចិន កំពុងពង្រឹងដែនអំណាចរបស់ខ្លួននៅក្នុងតំបន់។ 
 
សូមបញ្ជាក់ថា ក្រៅពីអាស៊ាន អង់គ្លេស ក៏បានស្នើសុំចូលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។ នេះគឺជាគោលនយោបាលមួយរបស់អង់គ្លេស បន្ទាប់ពីដើរចេញពីសហភាពអឺរ៉ុប៕ 
 

Tag:
 អង់គ្លេស
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com