អន្តរជាតិ
ជំនួបអាស៊ីបូព៌ា៖ អាមេរិកនិងជប៉ុនបារម្ភស្ថានភាពហុងកុង តែចិនសួរវិញថា បារម្ភពីអ្វីឱ្យប្រាកដ?
05, Aug 2021 , 5:42 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (កណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំរដ្ខមន្រ្តីការបរទេសអាស៊ីបូព៌ាលើកទី១១ នៅថ្ងៃទី៤ ខែសីហាតាមប្រព័ន្ធវីដេអូ។ រូបថតពីក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី (កណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំរដ្ខមន្រ្តីការបរទេសអាស៊ីបូព៌ាលើកទី១១ នៅថ្ងៃទី៤ ខែសីហាតាមប្រព័ន្ធវីដេអូ។ រូបថតពីក្រសួងការបរទេសកម្ពុជា
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានឆ្លើយឆ្លងសម្ដីគ្នាមួយប្រាវជាមួយសមភាគីអាមេរិក និងជប៉ុននាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ានៅថ្ងៃទី៤ ខែសីហា។ ប្រមុខការទូតអាមេរិក និងជប៉ុនបានបង្ហាញក្ដីបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅហុងកុង និងតំបន់ស៊ីនជាំងដែលចំណុចរសើបមួយរបស់ចិន។ លោក វ៉ាង ក៏រិះគន់ប្រទេសទាំងពីរវិញ ហើយសួរបញ្ជាក់ពីគោលបំណងពិតប្រាកដរបស់អាមេរិក និងជប៉ុនដែលនិយាយពីបញ្ហាទាំងពីរមិនដាច់ពីមាត់។

 
នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ាលើកទី១១ នៅថ្ងៃទី៤ ខែសីហាដែលរៀបចំតាមអនឡាញ ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន និងសមភាគីជប៉ុន ម៉ូតេហ្គី តូស៊ីមីត្សឹ បានបង្ហាញក្ដីបារម្ភ និងរិះគន់ចិនជុំវិញស្ថានភាពនៅហុងកុង និងតំបន់ស៊ីនជាំង និងបញ្ហាសិទ្ធិមនុស្សរបស់ចិនផងដែរ។​ រដ្ឋមន្ត្រីការបរទេសចិន​ វ៉ាង​ យី ដែលមានមុខក្នុងអង្គប្រជុំដែរ ក៏សុំសិទ្ធិថ្លែងម្ដងទៀតដើម្បីឆ្លើយតបនូវអ្វីដែលលោកអះអាងថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។
 
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក វ៉ាង អះអាងថា ការអធិប្បាយរបស់មន្ត្រីអាមេរិក និងជប៉ុន មិនសមឱ្យលោកបកស្រាយឡើយ តែចិនរក្សាសិទ្ធិឆ្លើយតវិញ។ អ្នកការទូតចិនរូបនេះរំឭកជាថ្មីថា បញ្ហាហុងកុង និងស៊ីនជាំងជារឿងផ្ទៃក្នុងចិនសុទ្ធសាធ ដូចនេះការសុន្ទរកថាដែលទាក់ទងរឿងនេះ បានបំពានក្រឹត្យក្រមដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងបំពានគោលការណ៍អធិបតេយ្យស្មើភាពគ្នា ដែលចិនត្រូវតែតបតបវិញដាច់ខាតពេលការចោទប្រកាន់បែបនេះលេចឡើយ។
 
ដល់បញ្ហាហុងកុង លោក វ៉ាង នៅតែនិយាយការពារការចេញច្បាប់សន្តិសុខជាតិ និងការកែទម្រង់ប្រព័ន្ធបោះឆ្នោតដែលក្រុមប្រទេសលោកខាងលិចរិះគន់ខ្លាំងថា ធ្វើឱ្យស្វ័យភាពរបស់ទីក្រុងនេះធ្លាក់ចុះ និងបំពានសិទ្ធិប្រជាជន។ ប៉ុន្តែលោក វ៉ាង អះអាងថា ក្រោយប៉េកាំងចេញវិធានការ ស្ថិរភាព នីតិរដ្ដ និងសណ្ដាប់ធ្នាប់ ត្រូវបានធានាឡើងវិញ ដោយប្រជាជនហុងកុង៧០ភាគរយរីករាយនឹងស្ថានភាពបច្ចុប្បន្នផងដែរ។
 
«ឥឡូវអ្នកបង្ហាញក្ដីបារម្ភ តើអ្នកកំពុងបារម្ភពីអ្វី? អ្នកចង់ឱ្យហុងកុងត្រឡប់ទៅរកបញ្ហារញ៉េរញ៉ៃ ហើយឱ្យក្រុមឯករាជ្យហុងកុងតវ៉ាតាមផ្លូវម្ដងទៀត? នេះជាអ្វីដែលអ្នកចង់ឬ?» ប្រមុខការទូតការទូតចិនសួរបកទៅអាមេរិក និងជប៉ុនវិញ។
 
ស្របគ្នានឹងការការពារចំណាត់ការនៅស៊ីនជាំងទីដែលជនជាតិវីហ្គ័រ និងជនភាគតិចមួយចំនួនទៀតជាង១លាននាក់ត្រូវជឿថាជាប់ឃុំឃាំង លោក វ៉ាង ក៏វាយបកទៅអាមេរិកវិញ ដោយលោកបានបន្លិចរឿងកាប់សម្លាប់ជនជាតិដើមនៅអាមេរិកឯណោះទេ ទើបជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ប្រមុខការទូតចិនក៏និយាយដល់ប្រតិបត្តិការយោធាអាមេរិកនៅបរទេស ដែលលោកចាត់ទុកឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៀតផង៕
 
 
 
 
 

Tag:
 ចិន
  អាមេរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com