អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម ទាមទារ​ឱ្យ​ចិន​បញ្ឈប់​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​
06, Aug 2021 , 9:44 am        
រូបភាព
កោះ Woody ដែលថតដោយផ្កាយរណប។ រូបភាព៖ មជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ
កោះ Woody ដែលថតដោយផ្កាយរណប។ រូបភាព៖ មជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ
​វៀតណាម នៅ​ថ្ងៃទី​៥ ខែសីហា បានស្នើ​ឱ្យ​ចិន​បញ្ឈប់​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដោយ​អះអាងថា សកម្មភាព​បែប​នោះ ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម និង​មិន​គោរព​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC)​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​ក្រុង​ហាណូយ តវ៉ា​ជាមួយ​ក្រុង​ប៉េកាំង ទាក់ទិន​នឹង​បញ្ហា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។


​រដ្ឋបាល​សន្តិសុខ​ដែនសមុទ្រ​ខេត្ត​ហៃ​ណាន​ចិន នៅ​ថ្ងៃទី​៥ ខែសីហា បានប្រកាសថា កងទ័ព​ចិន នឹងធ្វើ​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល និង​តំបន់​ភាគ​អាគ្នេយ៍​នៃ​កោះ​ហៃ​ណាន ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែសីហា​។ 
 
​ជាការ​ឆ្លើយតប ក្រសួងការបរទេស​វៀ​ត​ណា​ម បានដាក់​ការតវ៉ា និង​ទាមទារ​ឱ្យ​ចិន បញ្ឈប់​សមយុទ្ធ​យោធា​។ «​សមយុទ្ធ​យោធា​ចិន​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល គឺជា​ការបំពាន​អធិបតេយ្យ​វៀតណាម និង​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង​»​។ អ្នកនាំពាក្យ​វៀតណាម លោកស្រី Le Thi Thu Hang បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា សកម្មភាព​យោធា​របស់​ចិន ធ្វើឱ្យ​មានការ​ស្មុគស្មាញ​នៅក្នុង​តំបន់ និង​មិន​ផ្តល់​ប្រយោជន៍​អ្វី​ឡើយ​សម្រាប់ ចិន និង​អាស៊ាន ក្នុងការ​ចរចា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ក៏ដូចជា​ថែរក្សា​សន្តិភាព​, ស្ថិរភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ដែនទឹក​មួយ​នេះ​។​
​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម មាន​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ប្រវត្តិសាស្ត្រ ក្នុងការ​ការពារ​អធិបតេយ្យ​របស់ខ្លួន​លើ​ប្រជុំ​ការ​ស្ពាត​លី (Spratly) និង​ប៉ា​រ៉ា​សែ​ល (Paracel)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam Express​។ 
 
​ក្នុងន័យនេះ រដ្ឋា​ភិ​បាក​ក្រុង​ហាណូយ បាន​ទទូច​ឱ្យ​ក្រុង​ប៉េកាំង គោរព​អធិបតេយ្យ​ខ្លួន និង​បញ្ឈប់​សកម្មភាព​លើ​ដែនទឹក​ទាំងនោះ ដើម្បី​បញ្ចប់​ភាពស្មុគស្មាញ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​សូមបញ្ជាក់ថា វៀតណាម តែងតែ​ដាក់​ការតវ៉ា​ជាមួយ​ចិន​ជាច្រើនលើក​លើ​សមយុទ្ធ​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ បើ​ទោះ​មានការ​តវ៉ា​ពី​វៀតណាម​ក្តី ចិន មិនបាន​បញ្ឈប់​សកម្ម​ភាព​យោធា​របស់ខ្លួន ឡើយ​៕ 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com