អន្តរជាតិ
ប៉ូលិសថៃ បង្រ្កាបការបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង
08, Aug 2021 , 10:41 am        
រូបភាព
ប៉ូលិសថៃ បានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលជាថ្មីនៅថ្ងៃទី៧ ខែសីហា។ ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានបាញ់សំដៅបាតុករប្រមាណ១ពាន់នាក់ដែលទាមទារឱ្យលោក ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង ព្រោះដោះស្រាយវិបត្តិជំងឺកូវីដ-១៩ មិនបានល្អ។ បាតុករក៏ទាមទារឱ្យកាត់បន្ថយថវិកាសម្រាប់រាជវាំង និងយោធាផងដែរ។

 
ខណៈវិបត្តិជំងឺកូវីដ-១៩ នៅតែរាលដាលខ្លាំងមិនទាន់ស្រាកស្រាន្ត ស្ថានការណ៍នយោបាយរបស់តៃឯណោះវិញ ក៏ឡើងកម្ដៅដូចគ្នា។ បាតុកម្មប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ត្រូវរៀបចំជាថ្មីនៅថ្ងៃទី៧ ខែសីហា ហើយក្រុមប៉ូលិសថៃក៏ប្រើធម៌ដើម្បីគ្រប់គ្រងសភាពការណ៍ផងដែរ។
 
ការទាមទាររបស់បាតុករនៅរក្សាដដែល គឺលោក ប្រាយុទ្ធ ត្រូវលាលែង, កាត់បន្ថយថវិកាសម្រាប់ស្ដេច រាជវាំង និងយោធា និងផ្លាស់ប្ដូរវ៉ាក់សាំងសម្រាប់ចាក់ឱ្យប្រជាជន។
 
ការតវ៉ាដែលរៀបចំដោយចលនាយុវជនសេរី គ្រោងជួបជុំវិមានប្រជាធិបតេយ្យ ហើយគ្រោងដង្ហែរក្បួនទៅកាន់រាជវាំង ប៉ុន្តែប៉ូលិសថៃបិទទីតាំងនៅវិមានប្រជាធិបតេយ្យ ហើយតំបន់ជុំវិញរាជវាំងក៏ត្រូវហ៊ុមព័ទ្ធដោយទូរកុងតឺន័រជាច្រើន។ ការប៉ះទង្គិចមួយប្រាវក៏កើតមាននៅវិមានប្រជាធិបតេយ្យនេះដោយប៉ូលិសបានបាញ់គ្រាប់កាំភ្លើងកៅស៊ូដើម្បីបំបែកការជួបជុំ។ ក្រុមបាតុករ ក៏ប្ដូរគោលដៅទៅវិមានរដ្ឋាភិបាលវិញ។
 
ដោយសារវិមានរដ្ឋាភិបាលត្រូវបានបិទខ្ទប់ដែរនោះ ក្រុមបាតុករដែលភាគច្រើនជាយុវជន ក៏ប្ដូរគោលដៅទៅកាន់វិមានជ័យជម្នះនេះ ហើយគ្រោងបន្តដំណើរទៅកាន់បញ្ជការដ្ឋានកងពលថ្មើរជើងទី១១ ជាទីដែលលោក ប្រាយុទ្ធ ស្នាក់អាស្រ័យ។ ក្រោយជួបជុំ បាតុករដង្ហែរក្បួនទៅកាន់បន្ទាយយោធានោះ តែត្រូវប៉ូលិសថៃទប់ស្កាត់ដោយប្រើទូរកុងតឺន័រ និងខ្សែលួសបិទផ្លូវ។ ការប៉ះទង្គិចក៏កើតមាននៅពេលបាតុករព្យាយាមរើទូរទាំងនោះចេញពីផ្លូវ។
 
បើតាមកាសែបាងកកប៉ុស្តិ៍ ប៉ូលិសថៃក៏បានព្រមានបាញ់គ្រាប់កាំភ្លើងកៅស៊ូ បើបាតុករនៅតែជម្នះរុលទៅមុខ។ ដល់ពេលល្ងាច ប៉ូលិសថៃក៏ប្រើកាណុងបាញ់ទឹកដើម្បរុញច្រានបាតុករឱ្យថយក្រោយវិញ។ ប៉ូលិសថៃក៏ប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកការជួបជុំផងដែរ។ 
 
អ្នកនាំពាក្យរងការិយាល័យប៉ូលិសថៃ Kritsana Pattanacharoen បញ្ជាក់ថា ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រដើម្បីគ្រប់គ្រងហ្វូងមនុស្ស និងធានាសណ្ដាប់ធ្នាប់។ លោកក៏អះអាងថា បាតុករគប់ដុំថ្មដាក់ប៉ូលិសវិញដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com