អន្តរជាតិ
អាមេរិកថា ការប៉ងធ្វើឃាតទូតមីយ៉ាន់ម៉ាប្រចាំ UN ជាទង្វើពុម្ពតែមួយរបស់ជនផ្ដាច់ការ
08, Aug 2021 , 9:29 pm        
រូបភាព
លោកស្រី Linda Thomas-Greenfield តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ រូបថត AFP
លោកស្រី Linda Thomas-Greenfield តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ រូបថត AFP
អាមេរិក បានថ្កោលទោសការប៉ុនប៉ងវាយប្រហារតំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) លោក Kyaw Moe Tun ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែសីហា តំណាងអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield ចាត់ទុកទង្វើនេះ ជាសកម្មភាពតែមួយរបស់ក្រុមមេដឹកនាំផ្ដាច់ការជុំវិញពិភពលោកដែលតែងតែកម្ចាត់អ្នកប្រឆាំងខ្លួន។

  
 
អាជ្ញាធរអាមេរិក បានចោទប្រកាន់ជនជាតិមីយ៉ាន់ម៉ាពីរនាក់ដែលជាប់ទាក់ទងផែនការវាយប្រហារតំណាងមីយ៉ាន់ម៉ាលោក Kyaw Moe Tun ដែលនៅតែបន្តការងាររបស់ខ្លួន ទោះជាត្រូវបានរដ្ឋាភិបាលយោធាបណ្ដេញចេញពីតំណែងក្ដី។ ដោយសារមិនចុះចេញបែបនេះ លោក Kyaw Moe Tun ក៏ក្លាយជាមុខសញ្ញានៃការប៉ងធ្វើឃាតតែម្ដង។
 
 
លោកស្រី Linda Thomas-Greenfield តំណាងអាមេរិកប្រចាំ UN និយាយថា ការគំរាមបែបនេះ សមស្របនឹងពុម្ពតែមួយរបស់ជនផ្ដាច់ការ និងអ្នកគាំទ្រពួកគេដែលធ្វើទុក្ខបុកម្នេញអ្នកកាសែត សកម្មជន និងបុគ្គលដទៃទៀតដែលងើបឡើងប្រឆាំងពួកគេ។ មិនមែនតែករណីតំណាងមីយ៉ាន់ម៉ាឡើយ លោកស្រី Linda លើកយកករណីជនជាតិអ៊ីរ៉ង់រៀបចំផែនការចាប់ពង្រត់អ្នកកាសែត New York Times និងសកម្មជនដែលរិះគន់រដ្ឋាភិបាលទីក្រុងតហេរ៉ង់។
 
«ទាំងនេះ គ្រាន់តែជាសកម្មភាពថ្មីៗនៃការជិះជាន់ឆ្លងប្រទេស ហើយទង្វើទាំងនេះ ត្រូវតែប្រឈមមុខការថ្កោលទោសរបស់ពិភពលោក និងការទទួលខុសត្រូវពេញលេញ។» តំណាងអាមេរិកបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៧ ខែសីហា។
 
ជនជាតិមីយ៉ាន់ម៉ាទាំងពីរនាក់ឈ្មោះ Phyo Hein Htut និង Ye Hein Zaw ដែលពាក់ព័ន្ធផែនការខាងលើ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដោយតុលាការនៅញូវយ៉ករួចហើយ។ បើត្រូវរកឃើញថា មានកំហុស ពួកគេត្រូវជាប់ទោសដល់ទៅ៥ឆ្នាំ។ ជាមួយគ្នានេះ បើអាមេរិករកឃើញថា រដ្ឋាភិបាលយោធានៅពីក្រោយរឿងនេះ អាមេរិកទំនងជាមិនស្ងៀមឡើយ ព្រោះទឹកដីខ្លួនត្រូវបានប្រើប្រាស់ដើម្បីចេតនាអាក្រក់។
 
 
 
 

Tag:
 អាមេរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com