អន្តរជាតិ
​​​​​​​​សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
08, Aug 2021 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ វីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា បានរីកសាយយ៉ាងខ្លាំងនៅចិន ដោយរដ្ឋាភិបាល បានធ្វើតេស្ត និងបិទក្រុងជាច្រើន ដើម្បីទប់ស្កាត់។ ស្របគ្នានេះដែរ ការតែងតាំងប្រេសិតអាស៊ានថ្មី ក៏ជាប្រធានបទដ៏សំខាន់ដែរ និងជាជំហានមួយ ក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

 
 

ខាងក្រោមនេះ គឺជាអត្ថបទសង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ៖ 

ថ្ងៃទី២ ខែសីហា 

ប្រជាជនចិនរាប់លាននាក់ត្រូវបានបញ្ជាឱ្យនៅក្នុងផ្ទះ ស្របពេលរដ្ឋាភិបាលចិនកំពុងប្រឹងប្រែងទប់ស្កាត់សន្ទុះរាលដាលជំងឺកូវីដ-១៩ ដែលមានទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល​ប៉ុន្មានខែចុងក្រោយ។ មន្ត្រីសុខាភិបាល បានធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សជាច្រើន ខណៈការធ្វើដំណើរ ត្រូវបានរឹតត្បិត។​
 
ឥណ្ឌូណេស៊ី បានទទូចឱ្យមីយ៉ាន់ម៉ា ឯកភាពលើការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ ការជំរុញពីសំណាក់ឥណ្ឌូណេស៊ីបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសមាជិកអាស៊ានមួយនេះ មើលឃើញថា ការអនុវត្តគោលការណ៍ចំនួន ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសាកន្លងទៅ មានដំណើរការយឺត។

ថ្ងៃទី៣ ខែសីហា 
អាជ្ញាធរក្រុងវូហាន ប្រទេសចិន ប្រកាសថា នឹងធ្វើតេស្តរកជំងឺកូវីដ-១៩ លើ ប្រជាជនទាំងអស់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាលើកដំបូងក្នុងពេលជាង១ឆ្នាំ។ ទីក្រុងវូហាន ដែលជាទីកន្លែងរកឃើញជំងឺកូវីដ-១៩ មុនគេនៅចុងឆ្នាំ២០១៩ កំពុងប្រឈមមុខការឆ្លងក្នុង សហគមន៍ជាថ្មីម្តងទៀត ដោយលើកនេះជាវីរុសបង្កជំងឺកូវីដ-១៩ បំប្លែងទម្រង់ដែលតាដែលមានសមត្ថភាពចម្លងរហ័សជាងមុន។
 
ប្រមុខការទូតអាមេរិក អាន់តូនី ប្លីងខិន ប្រកាសថា អាមេរិក និងឥណ្ឌូណេស៊ី បានចាប់ផ្ដើមកិច្ចពិភាក្សាដៃគូយុទ្ធសាស្ត្រដែលមានគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្រោយកិច្ចប្រជុំលើកដំបូងនេះ ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការទាំងបញ្ហាក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ដូចជាការការពារសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូងជាដើម។

ថ្ងៃទី៤ ខែសីហា

ក្រសួងសុខាភិបាលថៃ រាយការណ៍ ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសចំនួន២០២០០ករណី ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃថ្មី។ អ្នកស្លាប់មាន១៨៨នាក់ ដែលបំបែកកំណត់ត្រាចាស់ផងដែរ។

អ្នកការទូតព្រុយណេ Erywan Pehin Yusof ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

ថ្ងៃទី៥ ខែសីហា

វៀតណាម នៅ​ថ្ងៃទី​៥ ខែសីហា បានស្នើ​ឱ្យ​ចិន​បញ្ឈប់​សមយុទ្ធ​យោធា​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដោយ​អះអាងថា សកម្មភាព​បែប​នោះ ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម និង​មិន​គោរព​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​ក្រម​ប្រតិបត្តិ​បណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC)​។ នេះ​មិនមែនជា​លើកទីមួយ​ឡើយ ដែល​ក្រុង​ហាណូយ តវ៉ា​ជាមួយ​ក្រុង​ប៉េកាំង ទាក់ទិន​នឹង​បញ្ហា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសផ្តល់ការស្នាក់នៅដោយសុវត្ថិភាពនៅក្នុងទឹកដីអាមេរិកជាបណ្ដោះអាសន្នដល់ប្រជាជនហុងកុង ដោយលោកសំអាងពីការធ្លាក់ចុះសិទ្ធិមនុស្ស និងការអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងក្រុងហុងកុង។ ការប្រកាសរបស់មេដឹកនាំអាមេរិកបែបនេះ នឹងអនុញ្ញាតឱ្យប្រជាជនហុងកុងអាចពន្យារស្នាក់នៅអាមេរិក បានរហូតដល់ ១៨ខែ។
 
ថ្ងៃទី៦ ខែសីហា

ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសថា ប្រទេសតំបន់ប៉ាស៊ីហ្វិកអាច ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីអាមេរិកដោយមិនមានចំណងនយោបាយអ្វីនោះ ឡើយ។ ថ្លែងក្នុងវីដេអូដែលបានថតទុកមុនទៅកាន់វេទិកាកោះសមុទ្រប៉ាស៊ីហ្វិក លោក បៃឌិន ក៏បាន ផ្ដោតលើការរក្សាសេរីភាព និងការបើកចំហតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ផ្ទះសម្បែងច្រើនជាង១,១០០ខ្នង ត្រូវបានជន់លិច ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាទឹកជំនន់។ ជាមួយគ្នានេះ ផ្លូវជាច្រើនខ្សែក៏រងការខូចខាត ហើយវាលស្រែជាច្រើនហិចតា ត្រូវបានបំផ្លាញដែលនឹងក្លាយជាសម្ពាធធ្ងន់ធ្ងរលើសន្តិសុខស្បៀងកូរ៉េខាងជើង ដែលកំពុងខ្វះខាតស្រាប់ផង។
 
ថ្ងៃទី៧ ខែសីហា

ប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ាទើបតែងតាំងថ្មី អេរីវ៉ាន់ យូសូហ្វ (Erywan Yusof) បាននិយាយថា លោកចង់ជួបគ្រប់ភាគីទាំងអស់ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក យូសូហ្វ មិនទាន់ត្រូវបានកំណត់ឡើយ។ នៅមីយ៉ាន់ម៉ា រដ្ឋាភិបាលយោធាហាក់មិនទាន់ចាប់អារម្មណ៍ទទួលលោក យូសូហ្វ នៅពេលនេះឡើយ ខណៈក្រុមប្រឆាំងរបបយោធាវិញ ក៏ដូចជាមិនពេញចិត្តប្រេសិតរបស់អាស៊ានដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com