អន្តរជាតិ
អាមេរិក ផ្តល់ជំនួយមនុស្សធម៌ជាង៥០លានដុល្លារដល់មីយ៉ាន់ម៉ា
11, Aug 2021 , 10:15 am        
រូបភាព
អាមេរិក បានប្រកាសផ្តល់ជំនួយមនុស្សធម៌ច្រើនជាង ៥០លានដុល្លារ ដល់ប្រជាជនមីយ៉ាន់ម៉ា ស្របពេលប្រទេសអាស៊ីអាគ្នេយ៍នេះ កំពុងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ និងកំពុងមានវិបត្តិមនុស្សធម៌។ តាមរយៈសេចក្តីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃទី១០ ខែសីហា អាមេរិក បានបញ្ជាក់ពីការផ្តល់ជំនួយមនុស្សធម៌ច្រើនជាង ៥០លានដុល្លារសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ជំនួយទាំងនោះ នឹងផ្តល់ឱ្យប្រជាជនមីយ៉ាន់ម៉ា រួមទាំងប្រជាជន ដែលកំពុងភៀសផងដែរ។


បើតាមអ្នកនាំពាក្យអាមេរិក ជំនួយទាំងនោះ នឹងផ្តល់ឱ្យតាមរយៈអង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដែលជាដៃគូរបស់រដ្ឋាភិបាលអាមេរិក ដើម្បីផ្តល់ជំនួយអាហារបន្ទាន់, ជម្រក, សម្ភារសុខាភិបាល, ទឹក និងសម្ភារផ្សេងទៀត។ 
 
«យើងជំរុញឱ្យម្ចាស់ជំនួយផ្សេងទៀត ផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា»។ អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក បានសង្កត់ធ្ងន់បែបនេះ។ សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានលើកឡើងពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ កន្លងទៅ ដែលធ្វើឱ្យប្រជាជនជាច្រើននាក់ចាកចេញពីផ្ទះ ដោយសារអំពើហិង្សារវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ 
 
ជំនួយមនុស្សធម៌នេះ ផ្តល់ឱ្យស្របពេលមីយ៉ាន់ម៉ា កំពុងផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ នៅថ្ងៃទី៩ ខែសីហា មីយ៉ាន់ម៉ា មានករណីឆ្លងចំនួន ៣៦១១ករណី និងអ្នកស្លាប់មានចំនួន ២៣៨នាក់។ ករណីឆ្លងសរុបមានចំនួនជាង ៣៣ម៉ឺនករណី និងអ្នកស្លាប់មានជាង ១ម៉ឺននាក់។ 
 
គួររំលឹកថា កន្លងអាមេរិក បានដាក់ទណ្ឌកម្មជាច្រើនលើរបបសឹកមីយ៉ាន់ម៉ា និងក្រុមហ៊ុនមួយចំនួន ដើម្បីទាមទារឱ្យដោះលែងអ្នកនយោបាយ និងបាតុករមួយចំនួន ដែលកំពុងជាប់ឃុំ។ 
 
ជាមួយគ្នានេះ អាមេរិក ក៏ផ្តល់ជំនួយ៥លានដុល្លារទៅថៃផងដែរ។ ការផ្ដល់ជំនួយនេះ ធ្វើឡើងកំពុងអំឡុងពេលទស្សនកិច្ចរបស់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield នៅថៃ៕ 
 

Tag:
 អាមេរិក
 ​ មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com