COVID-19
អន្តរជាតិ
ថៃ នឹងធ្វើតេស្តលើវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រភេទថ្នាំបាញ់តាមច្រមុះនៅចុងឆ្នាំ២០២១
12, Aug 2021 , 12:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ ដែលជាប្រភេទថ្នាំទឹកបាញ់ច្រមុះ និងអភិវឌ្ឍនៅក្នុងប្រទេសថៃ នឹងចាប់ផ្តល់ធ្វើតេស្តលើមនុស្សជាលើកដំបូង នៅចុងឆ្នាំ២០២១។ ការសម្រេចសាកល្បងវ៉ាក់សាំងប្រភេទនេះលើមនុស្ស ធ្វើឡើងបន្ទាប់ពីថៃទទួលបានលទ្ធផលល្អ លើការសាកល្បងវ៉ាក់សាំង លើសត្វកណ្តុរ។

 
តាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលរង លោកស្រីRatchada Thanadirek នៅថ្ងៃទី១១ ខែសីហាវ៉ាក់សាំងចំនួនពីរ ដែលជាប្រភេទថ្នាំបាញ់តាមច្រមុះ ត្រូវបានអភិវឌ្ឍដោយមជ្ឈមណ្ឌលជាតិGenetic Engineering និងBiotechnology ដោយផ្នែកលើវីរុសដែលបង្កជាជំងឺផ្លូវដង្ហើម និងផ្តាសាយធំ។ 
 
បន្ទាប់ពីទទួលបានលទ្ធផលល្អ ក្នុងការពិសោធន៍លើសត្វកណ្តុរ ការសាកល្បងវ៉ាក់សាំងលើកដំបូងលើមនុស្ស នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២១។ ការធ្វើតេស្តលើកដំបូងនេះ ត្រូវរង់ចាំការអនុម័តពីនិយ័តករថ្នាំ និងអាហារថៃ។ 
 
អ្នកនាំពាក្យរងរូបនេះ បានបន្តថា ការធ្វើតេស្ត ក៏នឹងសាកល្បងលើវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា នៅក្នុងដំណាក់កាលពីរ ក្នុងខែមីនា ឆ្នាំ២០២២ ផងដែរ។ ការប្រើប្រាស់វ៉ាក់សាំងប្រភេទបាញ់តាមច្រមុះក្នុងទ្រង់ទ្រាយធំ អាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២២ ប្រសិនបើទទួលបានលទ្ធផលល្អ។ 
 
ក្រៅពីវ៉ាក់សាំងប្រភេទបាញ់តាមច្រមុះនេះ ថៃក៏បានអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្សេងទៀតផងដែរ ដូចជាវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA របស់សកលវិទ្យាល័យជូឡាឡុងកន និងវ៉ាក់សាំង ដែលអភិវឌ្ឍដោយសកលវិទ្យាល័យMahidol។ វ៉ាក់សាំងទាំងពីរ អាចផ្តើមសាកល្បងលើមនុស្សក្នុងដំណាក់កាលទីពីរ នៅខែក្រោយ។
 
ក្នុងកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិកន្លងមក ថៃបានផ្អែកលើវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Sinovac ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Sinopharm។ មកទល់ពេលនេះ ថៃ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ២១,២លានដូស ដល់ប្រជាជនខ្លួន ដោយមនុស្សចំនួន ៤,៥៧លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ។ 
 
ករណីឆ្លងកូវីដ-១៩ សរុបរបស់ថៃ បានកើនដល់ជាង ៨១ម៉ឺនករណី និងអ្នកស្លាប់មានចំនួនជាង ៦ពាន់នាក់។ អ្នកជាសះស្បើយមានចំនួនជាង ៦០ម៉ឺននាក់៕
 

Tag:
 វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com