អន្តរជាតិ
អាល្លឺម៉ង់ ចាប់ខ្លួនបុគ្គលិកស្ថានទូតអង់គ្លេសប្រចាំបែរឡាំងដែលសង្ស័យថាធ្វើចារកម្មឱ្យរុស្ស៊ី
12, Aug 2021 , 12:29 pm        
រូបភាព
ស្រ្តីម្នាក់ដើរកាត់ស្ថានទូតអង់គ្លេសប្រចាំទីក្រុងបែរឡាំង។ រូបថត AFP
ស្រ្តីម្នាក់ដើរកាត់ស្ថានទូតអង់គ្លេសប្រចាំទីក្រុងបែរឡាំង។ រូបថត AFP
ដោយ៖ ងួន សុភាវត្តី

បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួននៅអាល្លឺម៉ង់ពីបទសង្ស័យថាបានធ្វើចារកម្មឱ្យរុស្ស៊ី។ រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ និយាយថា បុរសឈ្មោះDavid S​ ជាមន្ត្រីធ្វើការនៅស្ថាន​ទូតអង់គ្លេសក្នុងទីក្រុងបែរឡាំង។


 
បុគ្គលឈ្មោះ David S ត្រូវបានចោទប្រកាន់ថា បានបញ្ជូនឯកសារពីស្ថានទូតអង់គ្លេសទៅឱ្យរុស្ស៊ី យ៉ាងហោចណាស់ម្តងជាថ្នូរនឹងប្រាក់ដែលមិនបានបញ្ជាក់ពីចំនួន។ រូបគេត្រូវបានចាប់ខ្លួននៅទីក្រុង Potsdam នៅថ្ងៃទី១០​ ខែសីហា ហើយផ្ទះ និងកន្លែងធ្វើការ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ឆែកឆេរផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC ។
 
ក្នុងករណីនេះ ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយថា ខ្លួនកំពុងស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ហៃកូ ម៉ាស ប្រាប់អ្នកកាសែតថា ការធ្វើចារកម្មលើសម្ព័ន្ធដ៏មិត្តជិតស្និទ្ធរបស់អាល្លឺម៉ង់នៅលើទឹកដីអាល្លឺម៉ង់ ពិតជាមិនអាចទទួលយកបានទេ ហើយអាល្លឺម៉ង់មានសាមគ្គីភាពពេញលេញជាមួយមិត្តអង់គ្លេស។
 
ការចាប់ខ្លួនជនសង្ស័យខាងលើ ជាលទ្ធផលនៃកា​រស៊ើបអង្កេតរួមគ្នារវាងអង់គ្លេសនិងអាល្លឺម៉ង់​។ អង្គភាពMI5 ដែលជាទីភ្នាក់ងារប្រឆាំងចារកម្មនិងសន្តិសុខក្នុងស្រុក និងទីភ្នាក់ងារដទៃទៀតរបស់អង់​គ្លេស​ កំពុងធ្វើការជាមួយមន្ត្រីជំនាញអាល្លឺម៉ង់ដើម្បីស្វែងយល់ឱ្យបានច្រើនតាមដែលពួកគេអាចធ្វើនៅលើករណីនេះ។ ប៉ូលិសអង់គ្លេសបាននិយាយថា អាជ្ញាធរអាល្លឺម៉ង់ ជាអ្នកទទួលខុសត្រូវក្នុងការស៊ើបអង្កេតនេះ ប៉ុន្តែមន្រ្តីអង់គ្លេសនឹងបន្តកិច្ចសហការបន្ថែមទៀត។
 
មួយថ្ងៃក្រោយត្រូវចាប់ខ្លួន បុរសវ័យ៥៧ឆ្នាំរូបនេះ ក៏បង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរនៅទីក្រុង Karlsruhe ហើយត្រូវបានបញ្ជាឱ្យបន្តស្ថិតក្រោមការចាប់ខ្លួនដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែម ។ គេហទំព័រព័ត៌មានអនឡាញអាល្លឺម៉ង់ Focus Online រាយការណ៍ថា ឯកសារដែលបានបញ្ជូនឱ្យរុស្ស៊ីគឺទាក់ទងនឹងការប្រឆាំងភេរវកម្ម ហើយបុរសនេះត្រូវបានគេរំពឹងថា នឹងមិនទទួលបានអភ័យឯកសិទ្ធិការទូតទេ។
 
គូរបញ្ជាក់ថា ទំនាក់ទំនងអាល្លឺម៉ង់ និងអង់គ្លេសជាមួយរុស្ស៊ីមានភាពតានតឹងរួចទៅហើយបន្ទាប់ពីមានឧប្បត្តិហេតុលេចឡើងជាច្រើនដងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លើសពីនេះទៀត កាលពីខែមុន អធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្គែល និងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ក៏បានប្តេជ្ញារួមគ្នាប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី៕
 

Tag:
 អាល្លឺម៉ង់
  អង់គ្លេស
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com