សង្គមអន្តរជាតិ​
អន្តរជាតិ
វៀតណាម ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ផ្តល់​ប័ណ្ណ​ធ្វើតេស្ត​កូ​វីដ​-១៩ ខុសច្បាប់​
12, Aug 2021 , 9:44 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ប៉ូលិស​វៀតណាម នៅ​ថ្ងៃទី​១១ ខែសីហា បាន​ចាប់ខ្លួន​អាជីវករ​ម្នាក់ ដែល​ធ្វើ និង​លក់​វិញ្ញាបនបត្រ​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩​។ ចំណាត់ការ​នេះ ធ្វើឡើង​ស្របពេល​វៀតណាម កំពុង​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​សកល​នៅក្នុង​ប្រទេស​។

 
​លោក Tran Tuan Duong មាន​វ័យ ៣៤​ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ស្របពេល​លោក កំពុង​លក់​វិញ្ញាបនបត្រ​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦​ច្បាប់ ក្នុងតម្លៃ​ជាង ៤៤​ដុល្លារ ឬ ១​លាន​ដុង​។ បុរស​នេះ រស់នៅក្នុង​ខេត្ត Bac Ninh ដែល​ស្ថិតនៅ​វៀតណាម ភាគ​ខាងជើង​។ 
 
​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ប៉ូលិស​វៀតណាម នៅ​ថ្ងៃទី​១២ ខែសីហា លោក Duong កន្លងមក​បាន​លក់​វិញ្ញាបនបត្រ​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រមាណ ១៥០​ច្បាប់ ក្នុងនោះ​រួមមាន​ការធ្វើ​តេស្ត​ដោយ​ឧបករណ៍ PCR ផងដែរ​។ យ៉ាងណាមិញ ប៉ូលិស កំពុង​ស៊ើបអង្កេត​លើ​ករណីនេះ បន្ថែមទៀត​។ 
 
​ចំណាត់ការ​ខាងលើ ធ្វើឡើង​ស្របពេល​វៀតណាម កំពុង​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​វីរុស ដែល​បង្ក​ជា​ជំងឺ​កូ​វីដ​-១៩ ទម្រង់​ដែល​តា នៅក្នុង​ប្រទេស​។ ក្រុង និង​ខេត្ត​ជាច្រើន ត្រូវ​ស្ថិតក្រោម​វិធាន​រឹតត្បិត ខណៈ​ករណី​ឆ្លង​ប្រចាំថ្ងៃ មាន​ជាច្រើន​ពាន់​ករណី​។ នៅ​ថ្ងៃទី​១២ ខែសីហា វៀតណាម បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន ៩៦៨៤​ករណី​។ មកទល់ពេលនេះ វៀតណាម មាន​ករណី​ឆ្លង​សរុប​ចំនួន​ជាង ២៤​ម៉ឺន​ករណី និង​អ្នក​ស្លាប់មាន​ចំនួន​ជាង ៤​ពាន់​នាក់​៕

Tag:
 វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com