COVID-19
អន្តរជាតិ
ការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅជប៉ុន ហក់ឡើងជាង២ម៉ឺនករណីលើកដំបូង
13, Aug 2021 , 10:40 pm        
រូបភាព
រូបភាព៖ Kyodo
រូបភាព៖ Kyodo
ជប៉ុន នៅថ្ងៃទី១៣ ខែសីហា បានរាយការណ៍ថា ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ មានរហូតដល់ជាង ២ម៉ឺនករណី។ នេះជាតួលេខដ៏ខ្ពស់បំផុតរបស់ជប៉ុន បើគិតចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក។



ករណីឆ្លងជំងឺកូវីដ-១៩ នៅជប៉ុន មួយរយៈចុងក្រោយនេះ បានហក់ឡើងយ៉ាងខ្ពស់ ស្របពេលប្រទេសមួយនេះ កំពុងមានការឈប់សម្រាកនៅរដូវក្តៅចាប់ពីខែកក្កដា ដល់ខែសីហា។ ក្នុងថ្ងៃទី១៣ ខែសីហា ជប៉ុនមានករណីឆ្លងប្រចាំថ្ងៃច្រើនជាង២ម៉ឺនករណី ដែលជាតួលេខដ៏ខ្ពស់បំផុត។

ទន្ទឹមនេះ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ នៅក្នុងទីក្រុងតូក្យូ ក៏មានច្រើនបំផុតផងដែរ ដោយហក់ឡើងដល់ ៥៧៧៣ករណី។ អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបាន កើនដល់ ១៤៧៨នាក់។

ខណៈជប៉ុន កំពុងមានថ្ងៃឈប់សម្រាកបែបនេះ អាជ្ញាធរបានអំពាវនាវឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ជាជាងធ្វើដំណើរកម្សាន្តឆ្លងខេត្ត។ «យើងកំពុងជួបវិបត្តិដ៏ធំបំផុតចាប់តាំងពីផ្ទុះជំងឺឆ្លងសកលមក»។ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាជ្ញាធរចង់ឱ្យប្រជាជនការពារអាយុជីវិតដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK។

មកទល់ពេលនេះ ជប៉ុនមានករណីឆ្លងកូវីដ-១៩ សរុបជាង ១លានករណី និងអ្នកស្លាប់មានជាង ១ម៉ឺននាក់៕

Tag:
 COVID-19
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com