COVID-19
អន្តរជាតិ
រដ្ឋាភិបាលឥណ្ឌូណេស៊ី ថា ប្រសិទ្ធភាពវ៉ាក់សាំង Sinovac​ ធ្លាក់ចុះនៅរយៈពេល៣ខែបន្ទាប់
14, Aug 2021 , 10:59 am        
រូបភាព
ឥណ្ឌូណេស៊ី បានរកឃើញថា ប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន​ Sinovac បានធ្លាក់ចុះនៅរយៈពេល៣ខែបន្ទាប់។ លោកស្រី Siti Nadia Tarmizi អ្នកនាំពាក្យក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលឥណ្ឌូណេស៊ីនិយាយបែបនេះនៅថ្ងៃទី១៣ ខែសីហា។

 
ឥណ្ឌូណេស៊ី ជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន និងមានស្ថានការណ៍កូវីដ-១៩​ កាន់តែធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលប្រទេសមួយនេះ នៅថ្ងៃទី១៣ ខែសីហា បានរាយការណ៍ករណីឆ្លងចំនួន ៣០៧៨៨ករណី និងអ្នកស្លាប់ ១៤៣២នាក់។ វីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា ក៏កំពុងរីកសាយនៅឥណ្ឌូណេស៊ីផងដែរ។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ លោកស្រី Siti Nadia Tarmizi មានបញ្ជាក់ថា ប្រសិទ្ធភាពវ៉ាក់សាំងក្រុមហ៊ុន Sinovac ក្នុងការបង្ការករណីស្លាប់ បានធ្លាក់មកត្រឹម៧៩ភាគរយប៉ុណ្ណោះ និងបង្ការការព្យាបាលនៅមន្ទីរពេទ្យចុះមកចំនួន៥៣ភាគរយក្នុងការសិក្សាចន្លោះខែមេសា ដល់ខែមិថុនា។ 
 
បើធៀបនឹងបីខែដំបូងចន្លោះខែមករា ដល់ខែមីនា វ៉ាក់សាំងក្រុមហ៊ុន Sinovac មានប្រសិទ្ធភាពបង្ការករណីស្លាប់បានរហូតដល់ទៅ៩៥ភាគរយ និងចូលព្យាបាលនៅមន្ទីរពេទ្យបានចំនួន៧៤ភាគរយ។ យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីរូបនេះ មិនបានបញ្ជាក់ពីហេតុផល ដែលប្រសិទ្ធភាពវ៉ាក់សាំងក្រុមហ៊ុន Sinovac មានការធ្លាក់ចុះឡើយ។ 
 
«នេះមានន័យថាវីរុសទម្រង់ដែលតា អាចបង្កហានិភ័យកាន់តែខ្ពស់លើគ្រូពេទ្យ»។ លោកស្រីSiti Nadia Tarmizi បានសង្កត់ធ្ងន់បែបនេះ។ 
 
ឥណ្ឌូណេស៊ី គឺជាប្រទេសមួយ ដែលពឹងផ្អែកយ៉ាងខ្លាំងលើវ៉ាក់សាំងចិន និងមានទំហំរហូតដល់ ១ភាគ៣ នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ផ្តល់ឱ្យប្រជាជន។ មកទល់ពេលនេះ ឥណ្ឌូណេស៊ី បានផ្តល់វ៉ាក់សាំងប្រមាណ៧៩លានដូសដល់ប្រជាជនរបស់ខ្លួន៕  
 

Tag:
 ឥណ្ឌូណេស៊ី
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com