ជាតិ
មន្រ្តីជំនាញ សង្កេតឃើញពលរដ្ឋខ្លះ ធ្វេសប្រហែសនឹងជំងឺកូវីដ-១៩ ក្រោយបានចាក់វ៉ាក់សាំង
16, Aug 2021 , 9:59 pm        
រូបភាព
មន្រ្តីសុខាភិបាល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ក្នុងវត្តមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ រូបពី AFP
មន្រ្តីសុខាភិបាល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ ក្នុងវត្តមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ រូបពី AFP
ដោយសារជំងឺកូវីដ-១៩ អូសបន្ថាយពេលកាន់តែយូរទៅៗ ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការការពារខ្លួនពីជំងឺនេះ ហាក់ថយចុះបន្តិចម្តងៗ។ ជាពិសេស នៅពេលដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទៀតនោះ ប្រជាពលរដ្ឋមួយចំនួន រឹតតែធ្វេសប្រហែសក្នុងការពារខ្លួនពីជំងឺនេះ។


ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងដូច្នេះថា៖«បុគ្គលមួយចំនួន ហាក់ដូចជាជឿជាក់ [លើវ៉ាក់សាំង] ខ្លាំងពេក ហើយក៏មានការភ័ន្តច្រឡំលើការប្រើប្រាស់វ៉ាក់សាំង។ គាត់ យល់ថា កាលណាបានចាក់វ៉ាក់សាំងទៅ គាត់លែងឆ្លងហើយ អ៊ីចឹងមិនមានភាពចាំបាច់អី សម្រាប់គាត់ ក្នុងការអនុវត្តនូវវិធានការសុខាភិបាលទេ»។ 
 
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ចាប់ផ្តើមបន្តការជួបជុំគ្នាឡើងវិញ និងចូលចិត្តទៅកន្លែងដែលបិទជិត។ អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ការជួបជុំគ្នា ការទៅកន្លែងបិទជិត រួមទាំងការអាងលើការបានចាក់វ៉ាក់សាំង គឺជាមូលហេតុ ដែលបង្កឲ្យការឆ្លងជំងឺកូវីដ-១៩ កាន់តែកើនឡើង។ 
 
អ្នកស្រី ឱ វណ្ណឌីន ដែលទទួលខុសត្រូវលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អះអាងថា ក្រសួងសុខាភិបាល បានសង្កេតឃើញការប្រែប្រួលឥរិយាបថរបស់ប្រជាពលរដ្ឋ ពីការប្រុងប្រយ័ត្នខ្ពស់ មកជាការប្រុងប្រយ័ត្នទាប ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩។ អ្នកស្រី គូសបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ២០២០ ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ តែមកដល់បច្ចុប្បន្ន (ឆ្នាំ២០២១) ប្រជាពលរដ្ឋ ហាក់មានការធ្វេសប្រហែសជាងមុន។ 
 
អ្នកស្រី លើកឡើងពីការធ្លាក់ចុះនៃសេចក្តីប្រុងប្រយ័ត្ននេះ ដើម្បីពញ្ញាក់ស្មារតីឲ្យប្រជាពលរដ្ឋ ចាប់ផ្តើមប្រុងប្រយ័ត្នខ្ពស់ដូចពីមុន។ អ្នកស្រី ថែមទាំងទទូចឲ្យបុគ្គលគ្រប់រូប គោរពវិធានការសុខាភិបាលឲ្យបានខ្ពស់ ជាពិសេស វិធានការ៣កុំ និង៣ការពារ ដើម្បីកម្ពុជា អាចឆាប់វិលត្រឡប់ទៅរកស្ថានភាពប្រក្រតីឡើងវិញ។
 
កន្លងមក អ្នកស្រី ធ្លាប់បានពន្យល់ថា វ៉ាក់សាំង មិនអាចការពារបាន១០០ភាគរយឡើយ  ពោលគឺ ទោះបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏បុគ្គលម្នាក់ នៅតែមានឱកាសឆ្លងជំងឺកូវីដ-១៩ដែរ បើបុគ្គលនោះ មិនគោរពតាមវិធានការសុខាភិបាលក្នុងការការពារខ្លួន។ យ៉ាងណា វ៉ាក់សាំង អាចជួយបុគ្គលម្នាក់ មិនឲ្យមានស្ថានភាពធ្ងន់ធ្ងរ បើបុគ្គលនោះ ឆ្លងជំងឺកូវីដ-១៩។ 
 
ក្នុងរយៈពេលប្រមាណ៦ខែ ដោយគិតពីខែកុម្ភៈមក ជាពេលដែលកម្ពុជា ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យប្រជាពលរដ្ឋ រហូតដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅជាង៨,៤លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ជាង៨,៤លាននាក់នេះ គឺជិត៨៤ភាគរយ នៃប្រជាជនអាយុ១៨ឆ្នាំឡើងទៅប្រមាណ១០លាននាក់ ដែលជាគោលដៅនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 
 
បន្ថែមពីនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ដែលមានចំនួនប្រមាណ២លាននាក់។ រយៈពេលកន្លះខែមកនេះ មានកុមារនិងមនុស្សវ័យជំទង់ជាង៥៥ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ 
 
អ្វីដែលគួរគត់សម្គាល់មួយទៀតនោះ គឺរដ្ឋាភិបាល ថែមទាំងបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ថែមទៀត។ អ្នក ដែលមានអាទិភាពមុនគេ ក្នុងការទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ គឺមន្រ្តី និងកងកម្លាំង ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ខ្ពស់ជាងគេ។ មានមន្រ្តី កងកម្លាំង និងសមាជិកគ្រួសាររបស់ពួកគេជាង២៤ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣។ 
 
រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ផ្ញើសារក្រើនរម្លឹកប្រជាពលរដ្ឋជារឿយៗថា មិនត្រូវធ្វេសប្រហែសនោះទេ បើទោះបីជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយក៏ដោយ៕ 
 

Tag:
 ឱ វណ្ណឌីន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com