កីឡាអន្តរជាតិ
អន្តរជាតិ
មន្រ្តីបាល់ទាត់អាហ្វហ្កានីស្ថានម្នាក់ចង់ជ្រកកោននៅឥណ្ឌា ព្រោះខ្លាចរងទណ្ឌកម្មពីក្រុមតាលីបង់
17, Aug 2021 , 8:29 am        
រូបភាព
មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្កានីស្ថាន (AFF) ម្នាក់ កំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសឥណ្ឌាបន្ទាប់ពីក្រុមតាលីបង់ចូលគ្រប់គ្រងដល់ក្រុងកាប៊ុល។ មន្រ្តី AFF រូបនេះ ភ័យខ្លាចថាក្រុមតាលីបង់ដាក់ទណ្ឌកម្មខ្លួន និងគ្រួសារចំពោះការលើកស្ទួយក្រុមបាល់ទាត់ស្ត្រីនៅក្នុងប្រទេសកំពុងមានសង្គ្រាមនេះ។


 
ក្រុមតាលីបង់បានទទួលបានជ័យជម្នះលើកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានទៅហើយ និងបានចូលកាន់កាប់ក្រុងកាប៊ុលផងដែរ។ ក្រុមតាលីបង់ ត្រូវបានគេដឹងថា អនុវត្តគោលការណ៍សាសនាតឹងរ៉ឹងលើស្រ្តី និងក្មេងស្រីឡើយ។
 
យោងតាមការចុះផ្សាយរបស់កាសែត Outlookindia អ្នកគ្រប់គ្រងកីឡាបាល់ទាត់ជាន់ខ្ពស់របស់ឥណ្ឌា អះអាងថាមន្រ្តី AFF ដែលសុំមិនឱ្យបញ្ចេញឈ្មោះ ភ័យខ្លាចក្រុមតាលីបង់ធ្វើបាបចំពោះអ្វីដែលរូបលោកបានធ្វើសម្រាប់ក្រុមបាល់ទាត់ស្ត្រីនៅអាហ្វហ្កានីស្ថាន។ 
 
លោក Shaji Prabhakaran ប្រធានក្លិប Football Delhi នៃលីគកំពូលឥណ្ឌា និងជាអតីតប្រធាន FIFA ប្រចាំតំបន់ ក៏បានដឹងដែរថា មន្រ្តីអាហ្វហ្គានីស្ថានខាងលើ និងគ្រួសារបារម្ភពីសុវត្ថិភាព ពីព្រោះលោក និងសមាជិកមួយចំនួនទៀតបានប្រឹងប្រែងលើកកម្ពស់វិស័យកីឡាបាល់ទាត់ស្ត្រីនៅក្នុងប្រទេសអស់រយៈពេល៧ឆ្នាំចុងក្រោយនេះ។
 
លោក Prabhakaran បានរៀបរាប់អំពីសម្តីមន្ត្រី AFF ថា៖ «ក្រុមតាលីបង់កំពុងគ្រប់គ្រងក្រុងកាប៊ុល ហើយស្ថានការណ៍គឺអាក្រក់ណាស់។ ព្រលានយន្តហោះនៅតែមានសុវត្ថិភាព ប៉ុន្តែពួកតាលីបង់នឹងធ្វើអ្វីមិនល្អលើស្ត្រី និងកុមារ រួមទាំងអ្នកពាក់ព័ន្ធនឹងអ្នកដែលធ្វើការលើការលើកស្ទួយស្ត្រីដែរ»។
 
ប្រធានក្លិប Football Delhi បន្ថែមថា លោកបានទាក់ទាញទៅក្រសួងការបរទេសឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះមិនមានប្រតិកម្មអ្វីឡើយ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ក៏បានលើកឡើងជុំវិញករណីនេះថា ខ្លួនក៏មិនបានទទួលសំណើសុំជំនួយអ្វីដែរពីខាងមន្ត្រីកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន៕
 

Tag:
 តាលីបង់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com