អន្តរជាតិ
ប្រធានាធិបតីអាហ្វហ្កានីស្ថាន ចេញពីប្រទេសដោយយករថយន្ត និងលុយជាច្រើនតាមខ្លួន
16, Aug 2021 , 9:15 pm        
រូបភាព
អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកាប៊ុល ក្នុងថ្ងៃទី១៦ ខែសីហា បានអះអាងថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន បានរត់ចេញពីប្រទេសជាមួយលុយជាច្រើន។ ទន្ទឹមនេះ លុយមួយចំនួន ក៏ត្រូវបានទុកចោលផងដែរ ដោយសារតែវាមិនមានកន្លែងដាក់។



ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ដែលបានចាកចេញពីក្រុងកាប៊ុល នៅថ្ងៃទី១៥ ខែសីហា មិនទាន់ត្រូវបានដឹងថា លោកមានវត្តមាននៅទីណាជាក់លាក់ឡើយ។ របាយការណ៍មួយចំនួន បញ្ជាក់ថា លោកGhani កំពុងមានវត្តមាននៅអូម៉ង់ បន្ទាប់ពីតាហ្ស៊ីគីស្ថាន បានមិនអនុញ្ញាតឱ្យយន្តហោះដឹករូបលោកចូលចត។ របាយការណ៍ខ្លះ បានអះអាងថា ប្រធានាធិបតីអាហ្វហ្កានីស្ថានដែលបានបាត់បង់អំណាចរូបនេះ កំពុងឆ្ពោះទៅអាមេរិក។
 
ក្នុងដំណើរចាកចេញពីប្រទេស មេដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លោក Ghani បានចាកចេញជាមួយលុយជាច្រើនរថយន្ត រួមទាំងដាក់ក្នុងឧទ្ធម្ភាគចក្រផង។ យ៉ាងណាមិញ លុយមួយចំនួនត្រូវទុកចោល ដោយសារដាក់មិនអស់។
 
«រថយន្តចំនួន ៤គ្រឿងដែលមានលុយពេញ, ពួកគេបានព្យាយាមដាក់លុយមួយផ្នែកក្នុងឧទ្ធម្ភាគចក្រផងដែរ ប៉ុន្តែវាមិនមានកន្លែងដាក់»។ ទីភ្នាក់ងារព័ត៌មាន RIA បានស្រង់សម្តីលោក Nikita Ishchenko អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងកាប៊ុលបែបនេះ ដោយបន្ថែមថា លុយមួយចំនួន ត្រូវទុកចោលនៅលើផ្លូវ។
 
អ្នកនាំពាក្យស្ថានទូតរុស្ស៊ី បានបញ្ជាក់ពីប្រភពព័ត៌មាននេះ ដោយផ្អែកលើមនុស្សមួយចំនួនដែលបានឃើញព្រឹត្តិការណ៍។ លោក Ghani និងមេដឹកនាំផ្សេងទៀត បានចាកចេញពីប្រទេស ដោយផ្អែកលើហេតុផល ដើម្បីបញ្ចៀសការបង្ហូរឈាមនៅក្នុងទីក្រុងកាប៊ុល និងការពារជីវិតប្រជាជនស៊ីវិល។
 
មកទល់ពេលនេះ ក្រុមតាលីបង់ បានប្រកាសពីភាពជោគជ័យរបស់ខ្លួន បន្ទាប់ពីដណ្ដើមបានក្រុងកាប៊ុល។ រដ្ឋាភិបាលថ្មីមួយ ដែលគ្រប់គ្រងដោយក្រុមតាលីបង់ នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខ ស្របពេលចិន បានបោះដៃជួយវិនិយោគ និងអភិវឌ្ឍក្នុងប្រទេសនេះ៕
 

Tag:
 អាហ្វហ្កានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com