កីឡាអន្តរជាតិ
អន្តរជាតិ
អតីតប្រធានបាល់ទាត់អែលសាល់វ៉ាឌ័រ នឹងចូលខ្លួនសារភាពកំហុស ពាក់ព័ន្ធអំពើពុករលួយ
19, Aug 2021 , 9:59 am        
រូបភាព
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) លោក Reynaldo Vazquez នឹងចូលខ្លួនសារភាពទោសនៅសប្តាហ៍ក្រោយ ជុំវិញអំពើពុករលួយអំឡុងពេលលោកនៅកាន់តំណែង។ ពាក់ព័ន្ធអំពើពុករលួយក្នុងកីឡាបាល់ទាត់ មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ផ្សេងទៀត ក៏កំពុងទទួលការស៊ើបអង្កេតផងដែរ។


លោក Vasquez ដែលបានដឹកនាំ FESFUT ចន្លោះឆ្នាំ ២០០៩ ដល់ ២០១០ បានអះអាងថា ខ្លួនមិនមានកំហុសចំពោះការចោទប្រកាន់ ដែលរួមមានការឃុបឃិតគ្នាលួចបន្លំលុយ សំណូក និងលាងលុយកខ្វក់ឡើយ កាលពីខែមករា ឆ្នាំ២០២១។
 
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋអាជ្ញាអាមេរិកបានចោទលោក Vasquez ថាបានទទួលសំណូកពីក្រុមហ៊ុនមួយឈ្មោះ Media World ជាថ្នូរនឹងការជួយរៀបចំសិទ្ធិសារព័ត៌មាន ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០១៤។
 
បុរសជនជាតិអែលសាល់វ៉ាឌ័ររូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងគម្រោងសូកប៉ាន់ ដើម្បីរៀបចំការប្រកួតមិត្តភាព រវាងក្រុមជម្រើសជាតិអែលសាល់វ៉ាឌ័រ ទល់នឹងក្រុមកូស្តារីកា និងក្វាតេម៉ាឡា។
 
លោក Vasquez ត្រូវបានចាប់ខ្លួនម្តងហើយនៅខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីត្រូវបានចោទប្រកាន់ជាលើកដំបូង។ អតីតប្រធាន FESFUT រូបនេះ ត្រូវបាន FIFA ហាមឃាត់ពាក់ព័ន្ធក្នុងបាល់ទាត់មួយជីវិត និងពិន័យជាប្រាក់ ៥០ ម៉ឺនហ្វ្រង់ស្វ៊ីស (ជិត៥៥ម៉ឺនដុល្លារ) កាលពីខែតុលា ឆ្នាំ ២០១៩ បន្ទាប់ពីគណៈកម្មាធិការសីលធម៌ផ្ទៃក្នុង បានរកឃើញថា លោកចូលរួមករណីសូកប៉ាន់។
 
ក្រោយការស៊ើបអង្កេត និងការដាក់ទោសទាន់ជាច្រើននោះ លោក Vasquez ទំនងជានឹងចូលខ្លួនទៅសារភាពកំហុសរបស់លោកនៅឯតុលាអាមេរិកក្នុងក្រុងញ៉ូវយ៉ក។
 
ចាប់តាំងពីស្ថាប័នយុត្តិធម៌អាមេរិក លាតត្រដាងការស៊ើបអង្កេតអំពើពុករលួយក្នុងឆ្នាំ ២០១៥ មក ជនជាប់ចោទជាង៤០នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ហើយយ៉ាងតិច៣០នាក់ បានសារភាពទោសកំហុស។ អតីតប្រធានកីឡាបាល់ទាត់ប្រេស៊ីលលោក Jose Maria Marin និងអតីតប្រធានសហព័ន្ធអាមេរិកខាងត្បូង (CONMEBOL) លោក Juan Angel Napout សញ្ជាតិប៉ារ៉ាហ្គាយត្រូវបានផ្តន្ទាទោសនៅក្នុងសវនាការកាលពីឆ្នាំ ២០១៧។
 
អ្នកពាក់ព័ន្ធករណីពុករលួយក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនអ្នកទៀត ដែលរួមានទាំងមន្រ្តី FIFA និង ប្រធានសហព័ន្ធដទៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត ដើម្បីយលទៅដាក់ទោស៕
 

Tag:
 Reynaldo Vazquez
  ពុករលួយ
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com