សង្គមអន្តរជាតិ​
អន្តរជាតិ
កូ​វីដ​-១៩៖ ឡាវ បន្ត​បិទ​ខ្ទប់​ប្រទេស ស្របពេល​ករណី​នាំចូល​មាន​ចំនួន​ច្រើន​
19, Aug 2021 , 9:40 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ឡាវ នៅ​ថ្ងៃទី​១៩ ខែសីហា បាន​បន្ត​បិទ​ខ្ទប់​ប្រទេស​រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ស្របពេល​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នាំចូល​ពី​បរទេសជិតខាង មាន​ចំនួន​ច្រើន​។ ឡាវ បាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ តាំងពី​ខែមេសា​មកម្ល៉េះ​។

 
​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ឡាវ មិនមាន​សភាព​ធ្ងន់ធ្ងរ​ឡើយ បើ​ធៀប​នឹង​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម​។ រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃទី​១៩ សីហា បាន​រាយការណ៍ ករណី​ឆ្លង​ចំនួន ២៨៤​ករណី​។ ក្នុងនោះ​ករណី​ឆ្លង​ជា​សហគមន៍​មាន​ចំនួន ១៩​ករណី និង​ករណី​ជំងឺ​កូ​វីដ​-១៩ នាំចូល​មាន​ចំនួន ២៦៥​ករណី​។ មកទល់ពេលនេះ ឡាវ​មាន​ករណី​ឆ្លង​សរុប​ចំនួន ១១៣១៣​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៩​នាក់​។ 
 
​ដោយ​បារម្ភ​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេសជិតខាង និង​ករណី​នាំចូល​មាន​ចំនួន​ច្រើន ឡាវ​បាន​បន្ត​ការបិទ​ខ្ទប់​ប្រទេស​រហូតដល់​ថ្ងៃទី​២ ខែកញ្ញា តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​។ អ្នកស្រី Madame Thippakone អ្នកនាំពាក្យ​រដ្ឋាភិបាល​ឡាវ បានបញ្ជាក់​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី​១៩ ខែសីហា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Laotian Times​។​
 
​ស្របគ្នា​នេះ វិធានការ​មួយចំនួន ដែល​អនុវត្ត​ក្នុងពេល​បិទ​ខ្ទប់ ត្រូវ​រក្សាទុក​នៅ​ដដែល ដូចជា​ការបិទ​ព្រំដែន​, អាជីវកម្ម ដែល​ស្ថិតក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ ក៏ត្រូវ​បិទ​ផងដែរ​។ មន្ត្រី​ទូត និង​អ្នកតំណាង​អង្គការ​អន្តរជាតិ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ នៅ​និ​វេស​ដ្ឋា​ន​របស់ខ្លួន ខណៈ​បុគ្គលិក​អង្គការ​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ ដែល​រដ្ឋាភិបាល​បានកំណត់​។ 
 
​គួររំលឹកថា ឡាវ បានដាក់​ចេញ​វិធាន​បិទ​ខ្ទប់​នៅ​ខែមេសា​មក​ម្លេះ បន្ទាប់ពី​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុង​ក្រុង​វៀងចន្ទន៍ បាន​ហក់​ឡើង​ខ្ពស់​៕

© រក្សាសិទ្ធិដោយ thmeythmey.com