សុខភាព
អន្តរជាតិ
វេជ្ជបណ្ឌិតបារាំងជោគជ័យក្នុងការដាក់បេះដូងសិប្បនិម្មិតនៅក្នុងខ្លួនអ្នកជំងឺ ទីបំផុត បេះដូងសិប្បនិម្មិតអាចដាក់ឲ្យដំណើរការនៅក្នុងខ្លួនមនុស្សបានហើយ។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យបារាំង Carmat នាសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ដោយបានអះអាងថា បេះដូងសិប្បនិម្មិតទាំងនេះ អាចជួយដល់អ្នកជំងឺចំនួន១០ ០០០នាក់នៅក្នុងប្រទេសបារាំង និង១០ ០០០០នាក់ទៀតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកវេជ្ជបណ្ឌិតផ្នែកវះកាត់ជនជាតិបារាំង Alain Carpentier ដែលផ្តួចផ្តើមគំនិតលើការស្រាវជ្រាវនេះ បានអះអាងថា បេះដូងសិប្បនិម្មិតអាចដើរមុខងារជំនួសបេះដូងធម្មជាតិ។ វានឹងត្រូវបានប្រើប្រាស់បម្រុងទុកសម្រាប់អ្នកដែលរងការវាយប្រហារដោយជំងឺខ្សោយបេះដូងស្ថិតនៅដំណាក់កាលចុងក្រោយ និងក្តីសង្ឃឹមក្នុងជីវិតមានរយៈពេលខ្លី។
យោងតាមការបញ្ជាក់របស់មន្ទីរពេទ្យ Georges Pompidou Hospital នៅទីក្រុងប៉ារីស បេះដូងសិប្បនិម្មិតនេះ អាចជួយពន្យាជីវិតអ្នកជំងឺចាប់ពី៥ឡើងទៅ។ តម្លៃនៃបេះដូងសិប្បនិម្មិតនេះ ត្រូវបានអ្នកវិភាគវាយតម្លៃថាស្ថិតនៅចន្លោះពី២០ ទៅ២២ម៉ឺនដុល្លារអាមេរិក៕ © រក្សាសិទ្ធិដោយ thmeythmey.com