កីឡាជាតិ
ជាតិ
ស៊ីហ្គេ​ម​នៅ​មី​យ៉ា​ន់ម៉ាត្រូ​វបា​នប​ញ្ចប់ រង់​ចាំ​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី
22, Dec 2013 , 10:39 pm        
រូបភាព
ដោយ: រួបរួម
មីយ៉ាន់ម៉ា​បាន​បិទ​បញ្ចប់​យុទ្ធនាការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​២៧នា​ថ្ងៃអាទិត្យនេះ បន្ទាប់ពី​ដំណើរ​ការ​អស់រយៈពេល​៣សប្តាហ៍​។ នា​ពិធីនោះ លោក Tint Hsan ប្រធានគណៈកម្មការ​រៀបចំស៊ីហ្គេម​មីយ៉ាន់ម៉ា បាន​ប្រគល់​ទង់​ស៊ីហ្គេម​ដល់​លោក Tan Chuan Jin សមា​ជិក​ប្រតិបត្តិ​នៃក្រុម​ប្រឹក្សា​អូឡាំពិក​ជាតិ​សិង្ហបុរី ដែលនឹង​ត្រូវ​រៀបចំបន្ត​នា​ឆ្នាំ​២០១៥។

 

មីយ៉ាន់ម៉ា​បាន​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ជាច្រើន​ដើម្បីផ្តល់​ជាអនុស្សារីយ៍​ដែលមិន​អាច​បំភ្លេច​បាន​សម្រាប់អ្នក​ចូលរួម រីឯ​សិង្ហបុរី​ក៏​បាន​បង្ហាញ​ការសម្តែង​របស់​ខ្លួន​ផង​ដែរ​ក្នុងនាម​ជាម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​នារយៈពេល​២ឆ្នាំទៀត។  

លោក Tint Hsan បានលើក​ឡើងថា៖ «បើទោះបី​ជា​អាស៊ាន​មាន​សាសនា ភាសា ប្រពៃណី​ខុស​ប្លែកពីគ្នា​ក៏​ដោយ ប៉ុន្តែ​អាច​ចូល​រួម​ប្រកួតប្រជែងកីឡា​ប្រកបដោយមិត្តភាព ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​អំណាច​នៃការរួបរួមក្នុងវិស័យ​កីឡា»។  

សម្រាប់ព្រឹត្តិការណ៍​ដែលចាប់​ដំណើរ​ការ​តាំងពី​ថ្ងៃទី​៦ ខែ​ធ្នូ មក ថៃ​បាន​ទទួល​ចំណាត់​ថ្នាក់នាំមុខ​គេតាមរ​យៈការ​ទទួល​បាន​មេដា​យ​សរុប ២៨២ (មាស​១០៧ ប្រាក់​៩៤ សំរិទ្ធ​៨១) ម្ចាស់​ផ្ទះមីយ៉ាន់ម៉ា បា​នមេដាយ​​២៣៣ (មាស​៨៦ ប្រាក់​៦២ សំរិទ្ធ​៨៥) វៀតណាម​ស្ថិតនៅ​លេខបីដោយ​ទទួលបាន​មេដាយ​២៤៥ (មាស​៧៣ ប្រាក់​៨៦ សំរិទ្ធ៨៦) ខណៈឥណ្ឌូនេស៊ី​បាន​មេដាយ​២៦០ (មាស​៦៥ ប្រាក់៨៤ សំរិទ្ធ​១១១)។   ​​

ក្រុម​ប្រទេស​ដែល​ស្ថិតនៅពាក់កណ្តាល​តារាង​រួមមា​ន ម៉ាឡេស៊ី បាន​មេដាយ​សរុប​១៥៨ (​មាស​៤៣ ប្រាក់​៣៨ សំរិទ្ធ​៧៧) សិង្ហបុរី បាន​មេដាយ​សរុប១០៨ (​មាស​៣៤ ប្រាក់​២៩ សំរិទ្ធ​៤៥) រីឯហ្វីលីពីន​បាន​មេដាយ​សរុប​១០១ (មាស​២៩ ប្រាក់​៣៤ សំរិទ្ធ​៣៨)។  

ប្រទេស​ចំនួន​៤​ដែល​បាន​មេដាយ​សរុប​ក្រោម​១០០ ក្នុងនោះ​មាន​ឡាវសរុប​៧៩ (មាស​១៣ ប្រាក់​១៧ សំរិទ្ធ​៤៩)។ កម្ពុជា​ស្ថិតក្នុងចំណោម​៣​ប្រទេស​ចុងក្រោយ​ដែល​មិន​បាន​ទទួល​មេដាយមាស​ចំនួន​ពីរខ្ទង់ ប៉ុន្តែ​បាន​ទទួល​លទ្ធ​ផល​ល្អ​ប្រសើរ​ជាង​លើក​មុនៗ តាមរយៈការឈ្នះមេដាយ​សរុប​៤៧ (មាស​៨ ប្រាក់​១១ សំរិទ្ធ​២៨) ទីម័រខាងកើ​តកាន់តែ​មានភា​ពលេ​ចធ្លោ​រដោយពួក​គេ​ទទួល​បានមេដាយ​សរុប​១០ (​មាស​២ ប្រាក់​៣ សំរិទ្ធ៥) ខណៈប្រ៊ុយណេ បាន​ធ្លាក់ទៅក្រោម​តារាងដោយ​ទទួល​បានមេ​ដាយ​សុរប​៨ (មាស​១ ប្រាក់១ សំរិទ្ធ៦)៕  

រូបថត៖ 27th Seagames Official Facebook Page

© រក្សាសិទ្ធិដោយ thmeythmey.com