អន្តរជាតិ
លោក អុីស្មាអុីល យ៉ាកុប ពីមេធាវី ទៅជានាយករដ្ឋមន្រ្តីទី៩ ម៉ាឡេស៊ី
21, Aug 2021 , 2:29 pm        
រូបភាព
លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី។ រូបថត Reuters
លោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នាយករដ្ឋមន្រ្តីទី៩ របស់ម៉ាឡេស៊ី។ រូបថត Reuters
លោក អុីស្មាអុីល សាប៊ី្រ យ៉ាកុប អនុប្រធានបក្សរួមរួបជាតិម៉ាឡេ (UMNO) ត្រូវបានមហាក្សត្រម៉ាឡេស៊ី តែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពី សមាជិកសភាចំនួន១១៤នាក់ក្នុងចំណោម២២២ បានប្រកាសគាំទ្ររូបលោក។ ពិធីស្បថចូលកាន់តំណែង បានប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី២១ ខែសីហា។


 
 
តើលោក អ៊ីស្លាអ៊ីល យ៉ាកុប គឺនរណា? ហើយលោកធ្លាប់កាន់តំណែងអ្វីខ្លះ មុននឹងកាន់តំណែងជាប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី? 
 
កើតនៅក្នុងឆ្នាំ១៩៦០ ក្នុងរដ្ឋ Pahang លោកយ៉ាកុប បានសិក្សានៅសាលា ក្នុងរដ្ឋមួយនេះ រហូតដល់ចូលរៀនផ្នែកច្បាប់ នៅសកលវិទ្យាល័យ Malaya។ មុនពេលឈានជើងចូលនយោបាយ បុរសដែលមានកូនចំនួន ៤រូបនេះ បានធ្វើជាមេធាវី, ជាប្រធានអាជ្ញាធរអភិវឌ្ឍរដ្ឋ Pahang ភាគអាគ្នេយ៍ (DARA), និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍទេសចរណ៍ម៉ាឡេស៊ី។ 
 
នៅក្នុងឆ្នាំ២០០៤ លោកយ៉ាកុប បានក្លាយជាសមាជិកសភាមួយរូប រហូតដល់ឆ្នាំ២០០៨ ដែលជាពេលលោកកាន់តំណែងជាសមាជិកគណៈរដ្ឋមន្រ្តីលើកដំបូង។ កាលនោះ អតីតមេធាវីរូបនេះ គឺជារដ្ឋមន្រ្តីកីឡា និងយុវជន ក្រោមរដ្ឋាភិបាលលោក Tun Abdullah Badawi។ 
 
ក្នុងនាមជាសមាជិកគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៨ លោកយ៉ាកុប បានផ្លាស់ប្តូរតួនាទីដល់ទៅ ៣លើក។ នៅឆ្នាំ២០០៩ ដល់២០១៣ លោកជារដ្ឋមន្រ្តីពាណិជ្ជកម្មក្នុងស្រុក និងកិច្ចការអ្នកប្រើប្រាស់, ឆ្នាំ២០១៣ ដល់២០១៥ លោកជារដ្ឋមន្រ្តីកសិកម្ម និងកសិ-ឧស្សាហកម្ម និងពីឆ្នាំ២០១៥-២០១៨ ជារដ្ឋមន្រ្តីអភិវឌ្ឍតំបន់ និងជនបទ។
 
អំឡុងឆ្នាំ២០១៥ លោកយ៉ាកុប បានបង្កបញ្ហាចម្រូងចម្រាសមួយ ដោយលោកបានសរសេរសារលើបណ្តាញសង្គម Facebook ជំរុញឱ្យជនជាតិម៉ាឡេ ធ្វើពហិការលើអាជីវកម្មរបស់ជនជាតិចិន។ យ៉ាងណាមិញ សារមួយនេះ ក្រោយមកត្រូវលុបចេញ ហើយលោកបានបកស្រាយថា សារនោះ គឺសំដៅលើអាជីវកម្មរបស់ជនជាតិចិន ដែលលក់មិនបញ្ចុះតម្លៃ បើទោះតម្លៃប្រេងកាលនោះធ្លាក់ថ្លៃក៏ដោយ។ 
 
នៅក្នុងឆ្នាំ២០១៨ អតីតមេធាវីរូបនេះ បានចោទបក្សសកម្មភាពប្រជាធិបតេយ្យ ដែលភាគច្រើនមានសមាជិកជាជនជាតិចិន ថាចង់លុបបំបាត់សិទ្ធិពិសេសរបស់ជនជាតិម៉ាឡេ និងឥស្លាម។ 
 
លោក មូហ៊ីឌីន យ៉ាស៊ីន បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅក្នុងខែមីនា ឆ្នាំ២០២០។ ពេលនោះ រដ្ឋាភិបាលរបស់លោកយ៉ាស៊ីន មានទេសរដ្ឋមន្រ្តីតែ ៤រូបគត់ ដោយលោក យ៉ាកុប ក៏មានវត្តមានក្នុងតំណែងនេះដែរ។ លោក យ៉ាកុប ជារដ្ឋមន្រ្តីការពារជាតិ។  ក្នុងវិបត្តិជំងឺកូវីដ-១៩ ក្រៅពីនាយករដ្ឋមន្រ្តី និងអគ្គនាយកក្រសួងសុខាភិបាល លោកយ៉ាកុប បានក្លាយជាអ្នកនាំពាក្យដ៏សំខាន់មួយរបស់រដ្ឋាភិបាល ទាក់ទិននឹងវិធានទប់ស្កាត់ជំងឺឆ្លងសម្រាប់ប្រជាជន។
 
ក្នុងថ្ងៃទី៧ ខែកក្កដា លោក យ៉ាស៊ីន បានដំឡើងលោក យ៉ាកុប ជាឧបនាយករដ្ឋមន្រ្តី និងលោក Hishammuddin Hussein ទៅជាទេសរដ្ឋមន្ត្រី។ មួយថ្ងៃបន្ទាប់ពីការតែងតាំងនេះ បក្សអង្គការរួបរួមជាតិម៉ាឡេ (UMNO) បានប្រកាសដកការគាំទ្ររបស់ខ្លួន ចេញពីសម្ព័ន្ធនយោបាយ  Perikatan Nasional (PN)។ ការរង្គោះរង្គើនៅក្នុងសម្ព័ន្ធភាពកាន់អំណាច បានធ្វើឱ្យលោក យ៉ាស៊ីន លាលែងពីតំណែង និងត្រូវធ្វើជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីបណ្តោះអាសន្ន រហូតដល់រកបានអ្នកស្នងតំណែង។
 
បន្ទាប់ពីលោក យ៉ាស៊ីន លាលែងពីតំណែង បេក្ខភាពនាយករដ្ឋមន្រ្តីម៉ាឡេស៊ី៣រូបក៏លេចឡើង ក្នុងនោះមានដូចជា លោក យ៉ាកុប, លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានបក្សយុត្តិធម៌របស់ប្រជាជនដែលជាបក្សប្រឆាំងជាដើម
 
ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី២០ ខែសីហា មន្រ្តីគ្រប់គ្រងកិច្ចការរាជវាំង និងមហាក្សត្រ  Ahmad Fadil Shamsuddin បញ្ជាក់ថា​ សមាជិកសភាចំនួន១១៤នាក់ក្នុងចំណោម២២២ ប្រកាសគាំទ្រលោក យ៉ាកុប ជានាយករដ្ឋមន្ត្រីទី៩ របស់ម៉ាឡេស៊ី៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com