អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​
22, Aug 2021 , 10:29 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ បញ្ហានៅអាហ្វហ្កានីស្ថាន និងវិបត្តិនយោបាយនៅម៉ាឡេស៊ី បានក្លាយជាប្រធានបទដ៏ក្តៅមួយ។ ពិភពលោក បានតាមដានយ៉ាងខ្លាំងពីការវិវដ្ដស្ថានការណ៍នៅអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានគ្រប់គ្រងក្រុងកាប៊ុល។ ស្របគ្នានេះ នៅមាឡេស៊ីឯណោះវិញ មហាក្សត្រ បានតែងតាំងនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីលោក មូហ៊ីឌីន យ៉ាស៊ីន ត្រូវចុះចេញពីតំណែងមួយនេះ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបន្ទាប់ គឺលោក អ៊ីស្លាអ៊ីល យ៉ាកុប ដែលជាឧបនាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋាភិបាលលោក យ៉ាស៊ីន។


ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍។ 

ថ្ងៃទី១៦ ខែសីហា

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មូហ៊ីឌីន យ៉ាស៊ីន បានចុះចេញពីតំណែង ក្រោយដឹកនាំប្រទេសបានជាង១ឆ្នាំកន្លះ ដែលការលាលែងនេះ នឹងរុញច្រានឱ្យម៉ាឡេស៊ីធ្លាក់ចូលវិបត្តិនយោបាយជាថ្មី ស្របពេលវិបត្តិកូវីដ-១៩ នៅតែជាការគំរាមដដែល។ គណៈរដ្ឋមន្រ្តីទាំងមូល ក៏ត្រូវរំលាយដែរ។

អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងកាប៊ុល បានអះអាងថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន បានរត់ចេញពីប្រទេសជាមួយលុយជាច្រើន។ ទន្ទឹមនេះ លុយមួយចំនួន ក៏ត្រូវបានទុកចោលផងដែរ ដោយសារតែវាមិនមានកន្លែងដាក់។ ការចាកចេញរបស់លោក ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់នៅមាត់ច្រកក្រុងកាប៊ុល។ 

ថ្ងៃទី១៧ ខែសីហា

នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ Su Tseng-chang អះអាងថា តៃវ៉ាន់ នឹងមិនដួល រលំដូចអាហ្វហ្កានីស្ថានឡើយក្នុងករណីមានការវាយប្រហារណាមួយ។ លោក Su Tseng-chang លើកឡើងបែបនេះ ដែលទំនងជាសារព្រមានដោយប្រយោលទៅកាន់ចិនដែលមានមហិច្ឆតាក្ដោប ក្ដាប់កោះតៃវ៉ាន់។

លោក​Mikhail Gorbachev បាន​លើកឡើងថា យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរ​វករ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​របស់​អាមេរិក និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ បានទទួល​បរាជ័យ តាំងពី​ដើមដំបូង​មកម្ល៉េះ​។

ថ្ងៃទី១៨ ខែសីហា

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបង្ហាញជំហររបស់ខ្លួន ក្រោយអាមេរិកដកទ័ពនៅអាហ្វហ្កនីស្ថានថា តៃវ៉ាន់ត្រូវតែខ្លាំងខ្លួនឯងនិងរួបរួមគ្នា ជាជាងពឹងលើការការពារពីប្រទេសដទៃ។ មិនតែប៉ុណ្ណោះ មេដឹកនាំតៃវ៉ាន់រូបនេះ ក៏បានឌឺដងផ្លែផ្កាដាក់ចិន ដែលតែងគំរាមប្រើកម្លាំងទ័ព ក្តាប់យកតៃវ៉ាន់ផងដែរ។

មូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសបិទគណនីមូលនិធិពិសេស (SDRs) របស់អាហ្វហ្កានីស្ថានដែលមានទឹកប្រាក់ជាង៤៤០លានដុល្លារ។ អ្នកនាំពាក្យ IMF បញ្ជាក់ថា ការបិទនេះ ធ្វើឡើងដោយសារតែអាហ្វហ្កានីស្ថានគ្មានរដ្ឋាភិបាលច្បាស់លាស់បន្ទាប់ពី ក្រុមតាលីបង់ឡើងកាន់អំណាច។ 

ថ្ងៃទី១៩ ខែសីហា

ឡាវ បាន​បន្ត​បិទ​ខ្ទប់​ប្រទេស​រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ស្របពេល​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នាំចូល​ពី​បរទេសជិតខាង មាន​ចំនួន​ច្រើន​។ ឡាវ បាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ តាំងពី​ខែមេសា​មកម្ល៉េះ​។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានស្នើឱ្យប្រទេសនានាលើសកលលោកគាំទ្រការផ្លាស់ប្ដូរ រដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថានជាជាងការដាក់សម្ពាធបន្ថែមទៀតទៅកាន់ប្រទេសនេះ។

ថ្ងៃទី២០ ខែសីហា

ក្រុមតាលីបង់ បានអំពាវនាវឱ្យបព្វជិតសាសនា ជួយជំរុញប្រជាជនអាហ្វហ្កានីស្ថាន ឱ្យមានការរួបរួមគ្នាក្នុងប្រទេស អំឡុងពិធីសូត្រធម៌ ថ្ងៃសុក្រលើកដំបូងរបស់ពួកគេ។ ការអំពាវនាវធ្វើឡើង ស្របពេលចលនាប្រឆាំងក្រុមតាលីបង់ ចាប់ផ្ដើមកម្រើកឡើង។

លោក អ៊ីស្លាអ៊ីល យ៉ាកុប អនុប្រធានបក្សរួមរួបជាតិម៉ាឡេ (UMNO) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី។ នេះបើតាមការប្រកាសរបស់រាជវាំងម៉ាឡេស៊ី។

ថ្ងៃទី២១ ខែសីហា

យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅក្រុមហាម៉ាស់នៅជ្រោយកាហ្សា។ ប្រតិបត្តិការផ្លូវអាកាសនេះ កើតឡើងក្រោយមានការប៉ះទង្គិចគ្នានៅព្រំដែនខណ្ឌចែកទឹកដីអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបណ្ដាលឱ្យមានអ្នករបួសជាង៤០នាក់៕ 

Tag:
 កូវីដ-១៩
  ម៉ាឡេស៊ី
  អាហ្វហ្កានីស្ថាន
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com