ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុនចំនួន៧ បង្កើតរោងចក្រផលិតអគ្គិសនី, កែច្នៃផ្លែឈើ និងកសិដ្ឋានចិញ្ចឹមសត្វ
24, Aug 2021 , 8:59 pm        
រូបភាព
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ លើគម្រោងវិនិយោគចំនួន៧ ដែលមានដើមទុនសរុបប្រមាណ ៦៣,៥លានដុល្លារ។ បើតាមការផ្សាយរបស់ CDC គម្រោងវិនិយោគទាំងនោះ មានសំណើបង្កើតរោងចក្រកែច្នៃដែក, ស្ថានីយនិង រោងចក្រផលិតថាមពលអគ្គិសនីដោយថាមពលព្រះអាទិត្យ និងប្រេងខ្មៅ, រោងចក្រកែច្នៃផ្លែឈើ និងកសិដ្ឋានចិញ្ចឹមសត្វជាដើម ដែលអាចបង្កើតការងារក្នុងស្រុកជាង៨៦០កន្លែង។

 
សំណើសុំវិនិយោគដែលត្រូវបាន CDC អនុម័តនោះ មានគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង ពីវត្ថុធាតុដើមចាស់ៗប្រមូលទិញក្នុងស្រុក របស់ក្រុមហ៊ុន ETHAN METAL MANUFACTURE CO., LTD. ដែលមានទុនវិនិយោគប្រមាណ ៣លានដុល្លារ។ ទីតាំងវិនិយោគនេះ ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល និងអាចបង្កើតការងារបានចំនួន៧៥នាក់។ 
 
គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៥មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន SOMA ENERGY CO., LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ទុនវិនិយោគលើគម្រោងនេះ គឺប្រមាណ ៤,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤នាក់។  
 
គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយប្រេងខ្មៅ អានុភាព២៣មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន SCHNEITEC ALTERNATIVE CO., LTD. ដែល មានទុនវិនិយោគប្រមាណ ៨,៥លានដុល្លារ។ ទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ៤៦នាក់។ 
 
គម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន XIN CHENHUI (CAMBODIA) CHEMICAL INDUSTRY CO., LTD.។ តាម CDC ក្រុមហ៊ុននេះ នឹងបោះទុនវិនិយោគប្រមាណ ៩,១លានដុល្លារ ហើយអាចបង្កើតការងារបានចំនួន ៧២នាក់។ 
 
ក្រុមហ៊ុន SOMA FARM (CAMBODIA) CO., LTD. ក៏នឹងបោះទុនប្រមាណ ១១,១លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹម មាន់, ទា និងជ្រូកជាដើម។ កសិដ្ឋាននេះ មានទីតាំងនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងអាចបង្កើតការងារបានចំនួន ៩២នាក់។ 
 
គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD.។ ទុនវិនិយោគលើការបង្កើរោងចក្រនេះ មានប្រមាណ ១១,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។ 
 
គម្រោងបង្កើតរោងចក្រកែច្នៃដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN A1 STEEL INDUSTRY CO., LTD. ដែលមាន ទុនវិនិយោគប្រមាណ ១៥,៩លានដុល្លារ។ រោងចក្រនេះ មានទីតាំងនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ៣៧៤នាក់៕
 

Tag:
 អគ្គសនី
 ថាមពលព្រះអាទិត្យ
 កែច្នៃ
 ផ្លែឈើ
 កសិដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com