ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកក្នុងស្រុក ប្រឈមនឹងច្បាប់ បើប្រកាសគាំទ្រគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ
30, Aug 2021 , 4:29 pm        
រូបភាព
កម្លាំងនគរបាល ឈរពីមុខតុលាការភ្នំពេញ ខណៈតុលាការ បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ រូបពី AFP
កម្លាំងនគរបាល ឈរពីមុខតុលាការភ្នំពេញ ខណៈតុលាការ បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ រូបពី AFP
មិនខុសពីលើកមុនៗឡើយ អាជ្ញាធរកម្ពុជា នឹងចាត់វិធានការ ចំពោះអ្នកដែលប្រកាសគាំទ្រគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី។



លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង ដែលកំពុងរស់នៅឯបរទេស បានដាក់ចេញយុទ្ធសាស្រ្តនយោបាយថ្មីមួយបន្តទៀត គឺការប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ លោក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយក្រុមលោក ក្នុងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះ។ 
 
ច្បាស់ណាស់ អ្នក​ ដែលប្រកាសជំហរគាំទ្រគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ពិសេសអ្នក ដែលកំពុងរស់នៅក្នុងស្រុកតែម្តង នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ហើយពួកគេ នឹងត្រូវសមត្ថកិច្ចតាមរក។ រឿងរបៀបនេះ មិនមែនទើបនឹងកើតឡើងថ្មីថ្មោងនោះទេ ពោល គឺធ្លាប់កើតមានរួចហើយ។ 
 
ពេលលោក សម រង្ស៊ី ប្រកាសកាលពីចុងឆ្នាំ២០១៩ ថាលោក នឹងចូលស្រុក ដើម្បីចាប់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋ ផ្លាស់ប្តូររដ្ឋាភិបាល អ្នកនៅក្នុងស្រុក ដែលគ្រាន់តែបង្ហាញជំហរចាំទទួលលោក ក៏ត្រូវចាប់ខ្លួន។ ម្យ៉ាងទៀតពេល លោក អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាល អ្នកនៅក្នុងស្រុក ដែលប្រកាសគាំទ្រការអំពាវនាវនេះ ក៏ត្រូវចាប់ខ្លួនដែរ។ 
 
អ្នក ដែលត្រូវចាប់ខ្លួនទាំងនោះ មិនមែនរងបទចោទស្រាលនោះទេ គឺរងបទរួមគំនិតក្បត់ (ជាតិ) ដែលជាបទចោទដ៏ធ្លន់ធ្ងរ ដោយអាចជាប់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។ សម្រាប់រដ្ឋាភិបាល ការប្រកាសចូលស្រុករបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩ និងការដែលលោក អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ងើបបះបោរ គឺជាការធ្វើរដ្ឋប្រហារ។ ដូច្នេះ ការប្រកាសពីគម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី នាពេលនេះ មិនមែនជារឿងតូចតាចសម្រាប់រដ្ឋាភិបាលឡើយ ហើយអាជ្ញាធរ ក៏មិននៅស្ងៀមដែរ ចំពោះអ្នកប្រកាសគាំទ្រ ឬចូលរួមក្នុងគម្រោងនេះ។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការប្រកាសបង្កើតរដ្ឋាភិបាល ដែលផ្ទុយពីរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើល្មើសច្បាប់។ លោក ចាត់ទុកការប្រកាសបង្កើតរដ្ឋាភិបាលខុសច្បាប់ ថាជាការធ្វើវិទ្ធង្សនា និងជាការធ្វើបដិវត្តហិង្សា ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ អះអាងថា៖«ជាគោលការណ៍ច្បាប់ អ្នកផ្តើមគំនិត អ្នកគាំទ្រ អ្នកចូលរួម រួមទាំងអ្នកផ្សំគំនិតផ្សេងៗ ពាក់ព័ន្ធនឹងអំពើខុសច្បាប់នេះ ត្រូវទទួលខុសត្រូវទៅតាមផ្លូវច្បាប់ដូចគ្នា។ ទទួលខុសត្រូវតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសអី មាត្រាណា ទទួលទោសប៉ុន្មានអីប៉ុន្មាន អាហ្នឹង គឺតុលាការ ជាអ្នកកំណត់ ដោយផ្អែកលើអង្គហេតុ សកម្មភាព និង បច្ច័យ ដែលកើតចេញពីសកម្មភាពទាំងអស់នុ៎ង»។
 
បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នក ដែលបង្កើតព័ត៌មានថា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មានគម្រោងជួបលោក សម រង្ស៊ី នៅបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន។ តាមពិតទៅ ពេលសម្តេច ស ខេង ទៅដល់បារាំង ស្របពេលដែលលោក សម រង្ស៊ី បានចេញពីបារាំងទៅជួបអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក។ គេ មិនទាន់ដឹងថា លោក សម រង្ស៊ី វិលទៅបារាំងវិញហើយឬក៏នៅនោះទេ។ 
 
លោក ខៀវ សុភ័គ នាយខុទ្ទកាល័យរបស់សម្តេច ស ខេង និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងជាមួយសារព័ត៌មានថ្មីៗថា៖«មែនទែនជាប់គុកតែអ្នកក្នុងស្រុក អ្នកនៅក្រៅរួចខ្លួន ច្បាប់យើងទៅមិនដល់។ តែកុំអស់សង្ឃឹម គង់មានសង្ឃឹមទេ ព្រៃសរង់ចាំ គង់បានដេកនៅព្រៃសទេ។ កុំភ្លេច កុក អាចភ្លេចជង់ តែជង់ មិនដែលភ្លេចកុកទេ»។ 
 
ពេលសម្តេច ស ខេង ទៅបារាំងដោយមានធុរៈផ្ទាល់ខ្លួន ក្នុងអំឡុងខែសីហា ឆ្នាំ២០២១នេះ ពាក្យចចាមអារ៉ាម បានលេចឡើងយ៉ាងច្រើនថា សម្តេច នឹងជួបពិភាក្សាជាមួយលោក សម រង្ស៊ី ឬមន្រ្តីក្រុមប្រឆាំង។ ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ទើបនឹងបានបង្ហោះរូបថតចាស់របស់លោកជាមួយសម្តេច ស ខេង លើទំព័រហ្វេសប៊ុកដោយភ្ជាប់ជាមួយសារថា៖«ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ»។
 
មន្រ្តីរដ្ឋាភិបាលកម្ពុជា ដោយរួមទាំងលោក ស សុខា ជាកូនរបស់សម្តេច ស ខេង ផង បានចេញមកបដិសេធនឹងសំណេររបស់លោក សម រង្ស៊ី។ លោក ស សុខា បានហៅការសរសេររបស់លោក សម រង្ស៊ី ថាជាការប្រឌិតព័ត៌មាន ដើម្បីបំភាន់មតិជាតិនិងអន្តរជាតិ ក្នុងគោលបំណងកេញចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន។ លោក បញ្ជាក់ជាថ្មីថា ឪពុករបស់លោក ទៅបារាំង គឺដើម្បីពិនិត្យសុខភាពសុទ្ធសាធ ដោយពុំមានជំនួបជាមួយអ្នកនយោបាយណាឡើយ។
 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកការពារសិទិ្ធមនុស្សនៃអង្គការលីកាដូ យល់ឃើញថា ការបញ្ចេញមតិ ការរិះគន់ដើម្បីស្ថាបនា គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗ។ ទោះយ៉ាងណា លោក បានក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យពិចារណាឲ្យបានច្បាស់លាស់ និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ក្នុងការបញ្ចេញមតិ និងការផ្សព្វផ្សាយព័ត៌មាន ដើម្បីចៀសវាងការបង្កបញ្ហាណាមួយដល់ខ្លួន។ 
 
មន្រ្តីសង្គមស៊ីវិលរូបនេះ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ប្រជាពលរដ្ឋ ក៏គួរគិតពិចារណាឲ្យបានច្បាស់លាស់ដែរថា ព័ត៌មានណា ដែលគួរបញ្ចេញមតិ ដែលគួរផ្សព្វផ្សាយ ហើយព័ត៌មានណា ជាព័ត៌មានពិត ព័ត៌មានណា ជាព័ត៌មានមិនពិត ដើម្បីឲ្យការបញ្ចេញមតិ មានលក្ខណៈជាការពិត ហើយក្នុងន័យរិះគន់ ដើម្បីស្ថាបនា»។
 
លោក ជិន ម៉ាលីន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យពាក់ព័ន្ធនឹងគម្រោងបង្កើតរដ្ឋាភិបាលបង្រួបង្រួមជាតិរបស់លោក សម រង្ស៊ី ដ្បិតថា បើពាក់ព័ន្ធ ឬប្រកាសគាំទ្រគម្រោងនេះ នឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
 
លោក សម រង្ស៊ី បានចាប់ផ្តើមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ តាំងពីខែកក្កដា ឆ្នាំ២០២១មក ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី។ បន្ទាប់មកលោក បានបន្តអំពាវនាវជាដដែលៗ តាមរយៈទ័ពហ្វេសប៊ុករបស់លោក និងតាមវេទិកាផ្សេងៗ។ លោក ហៅថា ការអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះ ថាជាការយកគំរូតាមប្រទេសមីយ៉ាន់ម៉ា។
 
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់អ្នកកាសែត ក្នុងន័យចំអកថា៖«ការចង់បង្កើតរបស់ដែលហៅថារដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ...»៕ 
 

Tag:
 អ្នកគាំទ្រ CNRP
© រក្សាសិទ្ធិដោយ thmeythmey.com