កីឡាអន្តរជាតិ
អន្តរជាតិ
ប្រកួតដំបូងរបស់ Messi នៅ PSG បានទាក់ទាញអ្នកគាំទ្រនៅអេស្ប៉ាញ ចូលទស្សនាច្រើន ដែលមិនធ្លាប់មាន
31, Aug 2021 , 2:29 pm        
រូបភាព
រូបភាព៖ Skysports
រូបភាព៖ Skysports
កីឡាករខ្សែប្រយុទ្ធឆ្នើមពិភពលោក Lionel Messi បានបង្ហាញខ្លួនសម្រាប់ការប្រកួតជាលើកដំបូងឲ្យក្លិប Paris Saint Germain នាក្របខណ្ឌ League 1 របស់បារាំង កាលពីថ្ងៃទី ២៩ ខែសីហា បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ជាពិសេសអ្នកទស្សនាពីប្រទេសអេស្ប៉ាញ ។

 
ការបង្ហាញខ្លួនលើកដំបូង របស់កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានទាក់ទាញអ្នកទស្សនាពីប្រទេសអេស្ប៉ាញ ជាង ២លាននាក់ ដែលជាចំនួនមិនធ្លាប់មានពីមុនមកទាល់តែសោះ សម្រាប់លីគបាល់ទាត់បារាំងមួយនេះ។ ក្រោយពីផ្ទេរមកកាន់ក្លិបថ្មី PSG កាលពីខែកក្តដាកន្លងទៅនេះ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ទើបតែបានបង្ហាញខ្លួនលេងជាលើកដំបូង ឲ្យក្លិបអ្នកមានបារាំងមួយនេះ ដោយបានប្ដូរចូលជំនួសកីឡាករមិត្តរួមក្រុម Neymar នៅនាទីទី៦៥ ។ ការប្រកួតនោះ PSG បានយកឈ្នះលើក្លិប Reim ដោយលទ្ធផល ២-០ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Mbappe។ 
 
ដ្បិត Messi មិនអាចរកគ្រាប់ក្នុងប្រកួតដំបូងក្តី ប៉ុន្តែវាជាការប្រកួតដ៏ទាក់ទាញបំផុតសម្រាប់អ្នកគាំទ្ររូបគេ នៅជុំវិញពិភពលោក សម្រាប់លីគបារាំង។ ការប្រកួតរវាងក្លិបអ្នកមានបារាំង PSG ជាមួយក្លិប Reim ត្រូវបានបញ្ចប់ពេញ ៩០នាទីនោះ ចំនួនអ្នកទស្សនាគឺរហូតដល់ទៅ ៦.៧លាននាក់ ខណៈអ្នកទស្សនា២លាននាក់ពីប្រទេសអេស្ប៉ាញ តាមការផ្សាយដោយទូរទស្សន៍ Telecinco ។
 
ចំណែកការប្រកួតក្លិបចាស់របស់ Messi គឺក្លិបអ្នកមានបុណ្យ Barcelona រវាងក្រុម Getafe នៅលីគ La Liga វិញ គឺមានអ្នកទស្សនា ជាង ៥ សែននាក់ប៉ុណ្ណោះ តាមរយៈការផ្សាយរបស់ទូរទស្សន៍ Telecinco ។ 
 
ដោយឡែកកីឡាករខ្សែការពារ Gerard Pique ដែលទើបទទួលតំណែងជាប្រធានក្រុម ក្រោយម្ចាស់ ballon dÓr ៦លើក Messi ចាកចេញនោះ ក៏បានទិញការផ្សាយផ្ទាល់ពីទូរទស្សន៍ ដើម្បីមើលការប្រកួតរបស់Messi អតីតមិត្តរួមក្រុមផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com