ជាតិ
សង្គមជាតិ
ក្នុង​ខែសីហា មនុស្ស​១២៣នាក់ ស្លាប់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​
01, Sep 2021 , 1:59 pm        
រូបភាព
ក្នុង​ខែសីហា ឆ្នាំ​២០២១ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រទេស​មាន​១៩៩លើក បណ្តាលឲ្យ​មនុស្ស​១២៣នាក់ស្លាប់ និង​២៤១​នាក់​រង​របួស។ នេះ​បើតាម​របាយការណ៍​ដែល​ផ្សាយនៅ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្តេច ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

 
របាយការណ៍បាន​បង្ហាញថា ករណីគ្រោះថ្នាក់ និង​អ្នក​រងរបួសក្នុងខែសីហា មាន​ការថយ​ចុះ បើ​ប្រៀបធៀបទៅនឹងខែកក្កដា ប៉ុន្តែអ្នកស្លាប់​មាន​១២៣នាក់ ដែល​កើន​រហូត​ដល់​១៦នាក់។
 
អ្វី​ដែល​គួរឲ្យ​កត់សម្គាល់នោះ កំណើនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ដោយសារតែមាន​ករណីធ្វើ​ដំណើរ​នៅក្នុងឱកាសនៃពិធីសែនក្បាលទឹក ដែល​មានជនរងគ្រោះស្លាប់១៥នាក់ និង​របួស ៣២នាក់ រួមទាំង​ការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ។
 
អត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១នេះ បើប្រៀបធៀបនឹងរយៈពេល​ដូចគ្នាកាលពី​ឆ្នាំមុន ឆ្នាំ គឺបានថយចុះចំនួន៧៩លើក ស្មើនឹង ២០ភាគរយ និងរបួសបានថយចុះចំនួន១៩៩នាក់ ស្មើនឹង៤៥ភាគ រយ គឺកើនតែអ្នកស្លាប់ចំនួន២ នាក់ស្មើនឹង២ភាគរយ។
 
«ខ្ញុំសូមអំពាវនាវដោយទទូច ដល់បងប្អូនជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលវេលានៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់អធ្យាស្រ័យឱ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់»។ នេះការសំណូមពរ​របស់សម្តេច ស ខេង ហើយថែមទាំងក្រើនរំលឹកមន្ត្រីបន្តអនុវត្តច្បាប់ដោយគ្មាន​ការយោគយល់៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com