កីឡាជាតិ
ជាតិ
ប្រតិភូ​កីឡា​កម្ពុជា​មក​វិញ​​យប់​មិញ ដោយ​អះ​អាង​ថា​ជោគ​ជ័យ​កើន​ឡើង​៥០​ភាគ​រយ
24, Dec 2013 , 9:29 am        
រូបភាព
លោក ថោង ខុន ទៅ​ទទួល​ប្រតិភូកីឡា​នៅព្រលានយន្តហោះ​អន្តរជាតិ​
លោក ថោង ខុន ទៅ​ទទួល​ប្រតិភូកីឡា​នៅព្រលានយន្តហោះ​អន្តរជាតិ​
ដោយ:
ប្រតិភូ​កីឡា​កម្ពុជា​ដែល​មាន​​ លោក វ៉ាត់ ចំរើន ជា​នាយបេសកម្ម​បាន​ត្រឡប់​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ​កាល​ពី​ម៉ោង ១០:៣០ នាទី យប់​មិញ​នេះ តាម​ជើង​ហោះហើរ​ភ្នំពេញ​-បាងកក នៅ​អាកាសចរណ៍​ភ្នំពេញ ហើយ​ថែម​ទាំង​អួត​ថា​លទ្ធ​ផល​ដែល​ដណ្ដើម​បាន​​នៅ​​ស៊ីហ្គេម​លើក​នេះ កើន​ឡើង ៥០ភាគរយ បើ​ធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០១១ ។

   

ការ​អះអាង​របស់​លោក វ៉ាត់ ចំរើន ដូច​នេះ​ដោយ​សម្លឹង​ឃើញ​ថា​ កាល​ពី​ស៊ីហ្គេម​ឆ្នាំ​២០១១ កម្ពុជា​ដណ្ដើម​បាន​តែ​មេដាយ​មាស ៤ ប្រាក់ ១១ និង សំរឹទ្ធ ២៤ សរុប​ទាំង​អស់ ៣៩ ចំណែក​ឯ​​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា​នេះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស ៨ ​ប្រាក់ ១១ និង សំរឹទ្ធ ២៨ ពោល​គឺ​មេដាយ​មាស​កើន​ឡើង​មួយ​ទ្វេ​ជា​ពីរ។  

ចំពោះ​គម្រោង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​ដូចជា​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ចង់​បាន​មេដាយ​មាស ២ ខ្ទង់​​ និយាយ​ជា​រួម ១០ គ្រឿង​ឡើង​ទៅ​នៅ​ស៊ីហ្គេម​២០១៣ នេះ​គឺ​ជោគជ័យ​ ដោយ​មេដាយ​មាស​ដែល​​កម្ពុជា​ដណ្ដើម​បាន​៨​វិញ្ញាសា​គឺ​ស្មើ​នឹង១៤ គ្រឿង មេដាយ​ប្រាក់ ២៩ គ្រឿង និង មេដាយសំរឹទ្ធ ៩២ គ្រឿង សរុប​មេដាយ​ទាំង​អស់ ១៣៥ គ្រឿង ខណៈ​ដែល​ប្រទេសសមាជិក​អាស៊ាន​​មួយ​នេះ​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ប្រកួត​ចំនួន ២៤៥ នាក់។  

យប់​មិញ​នេះ​ដែរ​គេ​ក៏​សង្កេត​ឃើញ​កីឡា​ចំនួន ៤ ប្រភេទ​រួម​មាន ​វ៉ូ​វី​ណា​ម ២០ នាក់, តេ​ក្វាន់​ដូ ១៣ នាក់, ប៉េតង់ ១៨ នាក់, វាយ​កូនឃ្លី​លើ​តុ ៥ នាក់ បាន​ធ្វើ​ដំណើរ​អប​ប្រតិភូ​ត្រឡប់​មក​កម្ពុជា​វិញ ស្រប​ពេល​មន្រ្តី​ធំៗ របស់​ក្រសួងអប់រំ​យុវជន​និង​កីឡា និង លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ទៅ​ចាំ​ទទួល​ដល់​ព្រលាន​យន្តហោះ៕    

© រក្សាសិទ្ធិដោយ thmeythmey.com