ជាតិ
សង្គមជាតិ
និស្សិតពេទ្យកម្ពុជាចំនួន១០នាក់ កំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសគុយបា
03, Sep 2021 , 3:02 pm        
រូបភាព
ភ្នំពេញ៖ និស្សិតខ្មែរចំនួន១០ដែលកំពុងបន្តការសិក្សាផ្នែកវេជ្ជសាស្រ្តនៅក្នុងសាធារណរដ្ឋគុយបាបានចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមេរោគកូវីដ-១៩នៅទីនោះ។ និស្សិតផ្នែកវេជ្ជសាស្រ្តទាំង១០នាក់នោះ កំពុងបន្តការសិក្សានៅឆ្នាំ៤ ឬទី៥ ប៉ុន្តែ ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ពួកគេក៏បានចូលរួមឈរនៅខ្សែត្រៀមជួរមុខជាមួយគ្រូពេទ្យជនជាតិគុយបាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងមួយនេះ។


«មាននិស្សិតខ្មែរចំនួន១០នាក់កំពុងឈរនៅជួរមុខជាមួយគ្រូពេទ្យជនជាតិគុយបាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩នៅក្នុងប្រទេសគុយបា។ វិស័យ​វេជ្ជសាស្រ្តគុយបា ល្បី និងល្អ»។ នេះ គឺជាការលើកឡើងរបស់លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com) នៅរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី៣ខែកញ្ញាឆ្នាំ២០២១។ 



ដោយបង្ហាញមោទកភាពចំពោះបេសកកម្មរបស់និស្សិតជនជាតិខ្មែរនៅក្នុងប្រទេសគុយបា លោកស្រី Liurka Rodriguez Barrios បានបង្ហាញចំណាប់អារម្មណ៍របស់លោកស្រីយ៉ាងដូច្នេះ៖«ខ្ញុំសប្បាយចិត្តណាស់។ ទង្វើនេះបង្ហាញពីសាមគ្គីភាព និងកាតព្វកិច្ចមនុស្សជាតិ»។ 
 
លោកស្រី Liurka Rodriguez Barrios បានរម្លឹកថា ប្រទេសគុយបា និងប្រទេសកម្ពុជាមានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្រោយរបបប៉ុលពត ប្រទេសគុយបាធ្លាប់បានបញ្ជូនក្រុមគ្រូពេទ្យជនជាតិគុយបា មកជួយព្យាបាលប្រជាជនកម្ពុជាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសគុយបា ក៏នៅតែបន្តផ្តល់អាហារូបករណ៍មួយចំនួនជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ(២០២១) និស្សិតកម្ពុជាជាង២០០នាក់ដែលបានទទួលការសិក្សានៅក្នុងប្រទេសគុយបា បានត្រឡប់មកបម្រើការនៅក្នុងប្រទេសកំណើតវិញ។ 
 
នៅក្នុងប្រទេសគុយបា និស្សិតជនជាតិខ្មែរទទួលបានអាហារូបករណ៍លើមុខវិជ្ជាផ្សេងៗគ្នា ក្នុងនោះមាន មុខវិជ្ជាកសិកម្ម វេជ្ជសាស្រ្ត កីឡា។ល។ នៅក្នុងផ្នែកវេជ្ជសាស្រ្ត លោកស្រីឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា អតីតនិស្សិតខ្មែរផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសគុយបាជាច្រើននាក់ បាន និងកំពុងបម្រើការនៅក្នុងវិស័យសុខាភិបាលនៃប្រទេសកម្ពុជា ដូចជា នៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត មន្ទីរពេទ្យកាល់ម៉ែត្រ វិទ្យាស្ថាន Pasteur ជាដើម៕ 




 

Tag:
 គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com