COVID-19
អន្តរជាតិ
ពីមន្ទីរពេទ្យ Oscar De La Hoya ប្រាប់ថា ទោះចាក់វ៉ាក់សាំង២ដូស ក៏នៅតែឆ្លងកូវីដ-១៩
04, Sep 2021 , 2:34 pm        
រូបភាព
ដោយ: ធីតា
អតីតកំពូលកីឡាករប្រដាល់អាមេរិក Oscar De La Hoya កាលពីថ្ងៃសុក្រ បញ្ជាក់ថា ខ្លួនបានកើតកូវីដ-១៩ ដែលបង្ខំចិត្តលុបចោលគម្រោងឡើងសង្វៀនជាសារជាថ្មីជាមួយកីឡាករប្រដាល់ប្រេស៊ីល Vitor Belfort។ ម្ចាស់មេដាយមាសអូឡាំពិក និងខ្សែក្រវាត់លំដាប់ពិភពលោកចំនួន១១រូបនេះ បានអះអាងពីការចាក់វ៉ាក់សាំងពីរដូសហើយ ប៉ុន្តែនៅតែឆ្លងកូវីដ-១៩។

 
«ចង់ឲ្យអ្នកទាំងអស់គ្នាលឺសំដីផ្ទាល់របស់ខ្លួន ដែលថាទោះបីបានចាក់វ៉ាក់សាំងពេញដូសក៏ដោយ ខ្ញុំនៅតែឆ្លងកូវីដ-១៩ ហើយខ្ញុំមិនអាចឡើងសង្វៀនសារជាថ្មីនៅសប្តាហ៍ក្រោយបាននោះឡើយ»។ Oscar De La Hoya បានថ្លែងយ៉ាងដូច្នេះតាមរយៈសារជាវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ខ្លួន។
 
De La Hoya បច្ចុប្បន្នអាយុ៤៨ឆ្នាំ បង្ហាញការជឿជាក់ថា ខ្លួននឹងនៅតែអាចបង្ហាញវត្តមាននៅលើសង្វៀនឡើងវិញនាចុងឆ្នាំនេះ ពោលគឺក្រោយជាពីកូវីដ-១៩។ កីឡាកររូបនេះ ក៏បានអរគុណចំពោះការលើកទឹកចិត្តរបស់ក្រុមអ្នកគាំទ្រផងដែរ។
 
កីឡាករអាមេរិករូបនេះ បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០០៩ ក្រោយរងបរាជ័យដោយសារ Manny Pacquiao នៅ Las Vegas ប៉ុន្តែនៅខែមិថុនា គេបានប្រកាសពីការសម្រេចចិត្តចូលសង្វៀនវិញ ដោយប៉ះជាមួយកីឡាករប្រេស៊ីល Vitor Belfort នៅមជ្ឈមណ្ឌល Staples Center ក្រុង Los Angeles។
 
ក្រោយការដកខ្លួនចេញរបស់ De La Hoya ក្រុមអ្នករៀបចំព្រឹត្តិការណ៍ លើកឡើងពីយកអតីតម្ចាស់ជើងឯកទម្ងន់យក្សពិភពលោក Evander Holyfield ជំនួស។ Holyfied អាយុ៥៨ឆ្នាំ មិនបានប្រកួតចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com