ជាតិ
ព្រះមហា ពិន សែម បន្ត​ស្វែងរកពូជរុក្ខជាតិកម្រៗ ​យកទៅដាំនៅ​វត្តរាជបូណ៌
04, Sep 2021 , 8:59 pm        
រូបភាព
ព្រះមហាវិមលធម្ម ពិន សែម ទ្រង់បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ នាបរិវេណវត្តរាជបូរណ៌ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១
ព្រះមហាវិមលធម្ម ពិន សែម ទ្រង់បានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ នាបរិវេណវត្តរាជបូរណ៌ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១
សៀមរាប៖ វត្តរាជបូណ៌ ក្រុងសៀមរាប មានកេរ្ដិ៍ឈ្មោះល្បីល្បាញ ទាំងវិស័យសាសនា និងសង្គម។ វត្តនេះ មានសំណង់បុរាណច្រើន ដែលនៅបន្តអភិរក្សរហូតសព្វថ្ងៃនេះ។ ចំណុចមួយទៀត ដែលគេចាប់អារម្មណ៍វត្តនេះដែរនោះ គឺបរិស្ថាន។ ដើមឈើតូចធំជាច្រើន ដែលបានដាំក្នុងបរិវេណវត្ត បង្កើតជាទីរម្យនា និងភាពស្ងប់ស្ងាត់ផ្លូវចិត្ត ដល់សាធារណជនដែលបានចូលទៅក្នុងវត្តនេះ។ ដើមឈើទាំងនោះ ត្រូវបានដាំឡើងក្រោមគំនិតផ្តួចផ្ដើម របស់ព្រះមហាវិមលធម្ម ពិន សែន ព្រះចៅអធិកាវត្តរាជបូណ៌ ដែលព្រះអង្គមានហទ័យស្រឡាញ់ធម្មជាតិក្នុងជន្មាយុរបស់ព្រះអង្គ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាង អ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ  ជាមួយព្រះមហាវិមលធម្ម ពិន សែម ដូចតទៅនេះ៖ 



ដោយហទ័យស្រឡាញ់ ចូលចិត្តធម្មជាតិ ព្រះមហាវិមលធម្ម ពិន សែម បានស្វះស្វែងរករុក្ខជាតិជាច្រើនប្រភេទ មកដាំក្នុងបរិវេណវត្តរាជបូណ៌​​​។ រុក្ខជា​​តិទាំងនោះ ខ្លះជាពូជរុក្ខជាតិកម្រ ដែលខ្លះសឹងលែងមានអ្នកស្គាល់ផង ដូចជាដើមព្នៅ ដើមពកុល កន្តួតព្រៃ ដើមចារ ដើមសូរភី ដើមដង្កោ ដើមសណ្ដាន់ជាដើម។ល។


 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ព្រះអង្គ ពិន សែម មានសង្ឃដីកាថា ព្រះអង្គរៀបចំដាំដើមឈើនេះជាង៣០ឆ្នាំមកហើយ តាំងពីស្រុកទេសលែងមានសង្រ្គោម។ ព្រះមហា រៀបរាប់ពីបំណងនៃការរៀបចំនេះថា ក្នុងមួយឆាកជីវិត ព្រះអង្គមានចិត្តស្រឡាញ់ ចូលចិត្ត ពេញចិត្ត រុក្ខជាតិជាខ្លាំង មិនថាពពួកបន្លែ ផ្កា ដើមឈើហូបផ្លែ និងរុក្ខជាតិជាឱសថផង ដ្បិតថារុក្ខជាតិផ្តល់សារប្រយោជន៍ដល់មនុស្សច្រើនលើសលប់ ជាម្លប់ ផ្តល់សោភ័ណភាពស្រស់ស្អាត និងត្រជាក់ភ្នែក។ល។ ចៅអធិការវត្តរាជបូណ៌ យល់ថា គ្រប់រុក្ខជាតិទាំងអស់ សុទ្ធតែផ្តល់សារប្រយោជន៍ដល់មនុស្សលោក​។


 
ក្រៅពីលម្អសោភ័ណភាពវត្ត ការដាំរុក្ខជាតិទាំងនេះ ផ្តល់ភាពរីករាយដល់បុព្វជិតខ្លះ ដែលមានទុក្ខព្រួយពីចម្ងាយ។ ទុក្ខទាំងនោះរលាយអស់ ពេលបានឃើញសោភ័ណ នៃដើមរុក្ខជាតិទាំងឡាយ ក្នុងវត្ត។ នេះជាសង្ឃដីការរបស់ព្រះមហា ពិន សែម។ 


 
ក្រៅពីរៀបចំក្នុងបរិវេណវត្តរាជបូណ៌ ក្នុងនោះ ព្រះអង្គ ពិន សែម ក៏បានផ្តល់ឱវាទ ទៅវត្តឯទៀត ឱ្យរៀបចំដាំលម្អពពួករុក្ខជាតិផងដែរ។ ចំណែកសាធារណជន ព្រះអង្គយល់ថា បច្ចុប្បន្នពួកគេ មានការយល់ដឹងច្រើន និងចូលរួមដាំរុក្ខជាតិទាំងពួងនៅតាមផ្ទះ សណ្ឋាគារ ដែលសុទ្ធសឹងមានសារប្រយោជន៍សម្រាប់បរិស្ថាន៕





















Tag:
 ធម្មជាតិ
  បរិស្ថាន
  ព្រះមហាវិមលធម្ម ពិន សែម
  វត្តរាជបូណ៌
© រក្សាសិទ្ធិដោយ thmeythmey.com