កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបប្រេស៊ីលនិងអាហ្សង់ទីន ត្រូវផ្អាក ព្រោះកីឡាករអាហ្សង់ទីនល្មើសច្បាប់ចត្តាឡីស័ក
06, Sep 2021 , 9:37 am        
រូបភាព
ការប្រកួតជម្រុះ World Cup រវាងម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីនត្រូវបានបញ្ឈប់ភ្លាមៗក្រោយប្រកួតបានប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីសុខាភិបាលប្រេស៊ីលរកឃើញកីឡាករអាហ្សង់ទីន ៤ នាក់ល្មើសច្បាប់ចត្តាឡីស័ក។


ជំនួបវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកតំបន់អាមេរិកឡាទីនរវាងប្រេស៊ីល និងអាហ្សង់ទីននៅកីឡដ្ឋាន Neo Quimica Arena នៅព្រឹកថ្ងៃទី៦​ ខែកញ្ញា ត្រូវរំសាយចោលវិញ ដ្បិតកីឡាករអាហ្សង់ទី៤រូបដែលប្រកបអាជីពនៅលីគកំពូលអង់គ្លេស Premier League មិនគោរពតាមច្បាប់ដាក់ឱ្យនៅដាច់ដោយឡែកដើម្បីបង្កាជំងឺកូវី-១៩ របស់អាជ្ញាធរប្រេស៊ីល។
 
កីឡាករទាំង ៤ រូបរួមមាន អ្នកចាំទី Emiliano Martinez និងខ្សែប្រយុទ្ធ Emiliano Buendia របស់ Aston Villa រួមជាមួយ Giovani lo Celso និង Cristian Romero របស់ Tottenham Hotspur។ ក្នុងចំណោមអ្នកទាំង៤​ Martinez, Lo Celso និង Romero សុទ្ធតែបានចាប់ផ្តើមការប្រកួតសម្រាប់ជម្រើសដំបូងសម្រាប់អាហ្សង់ទីន។
 
ច្បាប់ក្នុងប្រទេសប្រេស៊ីល តម្រូវឱ្យអ្នកធ្វើដំណើរពីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនទៀត ធ្វើចត្តាឡីស័កជាមុនសិនដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩។
 
ដោយសារកីឡាករ៤រូប ល្មើសច្បាប់នេះ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានស្នើឱ្យការប្រកួតរវាងម្ចាស់ផ្ទះប្រេស៊ីល និងអាហ្សង់ទីនសម្រាប់វគ្គជម្រុះ World Cup តំបន់អាមេរិកខាងត្បូងបញ្ឈប់ពាក់កណ្តាលទីតែម្តង។ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យផ្អាកការប្រកួតនេះដែរ។
 
កាលបរិច្ឆេទសម្រាប់ការប្រកួតឡើងវិញរវាងក្រុមយក្សទាំងពីរមិនត្រូវបានបង្ហាញនៅឡើយទេ ខណៈជំនួបបន្ទាប់អាហ្សង់ទីននឹងទទួលភ្ញៀវបូលីវី​ និងប្រេស៊ីលស្វាគមន៍ប៉េរូនៅថ្ងៃទី១០ ខែកញ្ញា៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com