ជាតិ
សង្គមជាតិ
អាល់កុលក្លែងក្លាយជាង១២តោន នាំចូលពីវៀតណាម ត្រូវបានរឹបអូស
06, Sep 2021 , 3:37 pm        
រូបភាព
អាល់កុលក្លែងក្លាយ ឬមេតាណុល ជាង១២តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រឹបអូស បាននៅចំណុចឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
អាល់កុលក្លែងក្លាយ ឬមេតាណុល ជាង១២តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រឹបអូស បាននៅចំណុចឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
ដោយ: ថ្មីៗ
អាល់កុលក្លែងក្លាយ ឬមេតាណុលជាង ១២តោន ត្រូវបានអាជ្ញាធរខេត្តតាកែវ ស្ទាក់ចាប់បាននៅចំណុចស្រុកគិរីវង់ ខេត្តតាកែវ ដែលនាំចូលពីប្រទេសវៀតណាម នៅថ្ងៃទី០៥ ខែកញ្ញា ​។ អាជ្ញាធរបានដកហូតទំនិញទាំងនោះ ។



មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) សាខាខេត្តតាកែវ បានរកឃើញ និងរឹបអូស បានអាល់កុលក្លែងក្លាយចំនួន ១២ ៤២០លីត្រ។ អាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានមន្ត្រីស្ទាក់ចាប់នៅចំណុច កំណាត់ផ្លូវជាតិលេខ ០២ ក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
 
«ក្រោយការត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនោះត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត ពីសមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីជំនាញបានឃាត់ទុកជាបណ្ដោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត»។ នេះបើយោងតាមការចេញផ្សាយរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)។
 
លោក ម៉ាន់ វណ្ណា ប្រធានការិយាល័យរដ្ឋបាល ក.ប.ប ខេត្តតាកែវ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ តាមខ្សែទូរសព្ទថា អាល់កុលក្លែងក្លាយជាង១២តោន ដែលមន្ត្រីខ្លួនស្ទាក់បាននោះ ត្រូវបានឈ្មួញដឹកមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ខេត្តតាកែវ។ ចំពោះម្ចាស់ទំនិញវិញ លោក ម៉ាន់ វណ្ណា អះអាងថា មិនទាន់រកឃើញនៅឡើយនោះទេ ដោយសារជាឈ្មួញស៊ីឈ្នួល ខណៈម្ចាស់ទំនិញនៅប្រទេសវៀតណាម។
 
សូមជម្រាបថា សារធាតុមេតាណុល ប្រើប្រាស់សម្រាប់សម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធិភាពប៉ុណ្ណោះឡើយ តែវាបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយ និងស្រា ហើយទទួលទានលើសកម្រិត៕
 
 
 
 
 
 
 
 

Tag:
 អាល់កុលក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com