ជាតិ
សង្គមជាតិ
អាជ្ញាធរកោះកុង នឹងជួលដីរដ្ឋជាង៣០០ហិកតា ឱ្យក្រុមហ៊ុនអភិវឌ្ឍវារីវប្បកម្មក្ដាម និងកំពង់ផែខ្នាតតូច
06, Sep 2021 , 9:59 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តកោះកុង
រូបភាពពីរដ្ឋបាលខេត្តកោះកុង
អាជ្ញាធរខេត្តកោះកុង នឹងជួលដីរដ្ឋមួយផ្នែក ទំហំជិត៣៧០ហិកតា ឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍគម្រោងវារីវប្បកម្មក្តាមធម្មជាតិ និងកំពង់ផែខ្នាតតូច។ បច្ចុប្បន្ន មន្រ្តីពាក់ព័ន្ធទាំងអស់ កំពុងពិនិត្យ និងវាយតម្លៃស្ថានភាពដី មុននឹងចេញសេចក្ដីសម្រេចឱ្យជួល។


អាជ្ញាធរខេត្តកោះកុង បានបង្កើតក្រុមការងារអន្តរក្រសួង លើការពិនិត្យ និងវាយតម្លៃ ទីតាំងដីជាក់ស្ដែង ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ ពីរដ្ឋាភិបាលក្នុងការជួលដីរដ្ឋដល់វិស័យឯកជន។ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលជាប្រធានក្រុមការងារអន្តរក្រសួង បានបន្ថែមថា ក្រោយចុះពិនិត្យហើយ ក្រុមការងារនឹងបញ្ជូនរបាយការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការវាយតម្លៃ និងសម្រេចជួលក្រុមហ៊ុននោះ។
 
រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននិយាយដូច្នេះ«គម្រោងអភិវឌ្ឍទាំង២នេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិ»។ 


រូបភាពពីរដ្ឋបាលខេត្តកោះកុង 

ទីតាំងដីជិត៣៧០ហិកតា ដែលរដ្ឋាភិបាល គ្រោងជួលឱ្យវិស័យឯកជននោះ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រុមហ៊ុនឯកជននោះ នឹងជួលដីរបស់រដ្ឋ ដើម្បីអភិវឌ្ឍគម្រោងចំនួន២ គឺវារីវប្បកម្មក្តាមបែបធម្មជាតិ លើដីទំហំ៣៦៩ហិកតា និងសាងសងកំពង់ផែខ្នាតតូច លើដីទំហំ៧៧៦៧ម៉ែត្រការ៉េ។ នេះបើតាមរដ្ឋបាលខេត្តកោះកុង។
 
មុននឹងឈានដល់ការសម្រេចឱ្យជួល ក្រុមការងារអន្តរក្រសួង បានណែនាំឱ្យតំណាងក្រុមហ៊ុនឯកជននោះ ត្រូវរៀបចំគោលការណ៍ និងផែនការវិនិយោគឱ្យបានត្រឹមត្រូវ ហើយត្រូវស្នើសុំការបោះបង្គោលព្រំឱ្យបានច្បាស់លាស់។ នេះបើតាមរដ្ឋបាលខេត្តកោះកុង៕
 


រូបភាពពីរដ្ឋបាលខេត្តកោះកុង


Tag:
 កោះកុង
 ស្រុកស្រែអំបិល
 វារីវប្បកម្ម
 ក្តាម
 កំពង់ផែ
© រក្សាសិទ្ធិដោយ thmeythmey.com