កីឡាអន្តរជាតិ
អន្តរជាតិ
Pele វីរបុរសប្រេស៊ីល វះកាត់ដុំសាច់រួចរាល់ តែស្ថិតក្រោមការតាមដាន ព្រោះជាជំងឺសាហាវ
07, Sep 2021 , 9:50 am        
រូបភាព
វីរបុរសបាល់ទាត់ប្រេស៊ីល Pele ស្ថិតក្នុងមន្ទីរពេទ្យ ក្រោយវះកាត់យកដុំសាច់ចេញពីពោះវៀនធំ។ បុរសវ័យ៨០ឆ្នាំរូបនេះ ស្នាក់នៅមន្ទីរពេទ្យ៦ថ្ងៃមកហើយចាប់តាំងពីលោកទៅពិនិត្យសុខភាពប្រចាំឆ្នាំកាលពីសប្តាហ៍មុន។


Pele ដែលជួយប្រេស៊ីលលើកពាន World Cup បីលើក អះអាងថាជំងឺដុំសាច់របស់លោកមិនធ្ងន់ធ្ងរនោះទេ ហើយលោកនៅមានអារម្មណ៍ល្អ។ យ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមគ្រូពេទ្យប្រេស៊ីលនិយាយថាជំងឺដុំសាច់របស់អតីតកីឡាករ Santos និង New York Cosmos គឺកាចសាហាវ។
 
ស្ថិតក្នុងមន្ទីរពេទ្យ​ Albert Einstein ក្នុងក្រុង Sao Paulo វីរបុរសបាល់ទាត់រូបនេះបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោកបានវះកាត់ដើម្បីយកដំបៅចេញពីក្នុងពោះវៀនធំខាងស្តាំ។ ដុំសាច់ត្រូវបានកំណត់រោគសញ្ញា អំឡុងពេលធ្វើតេស្តសុខភាពប្រចាំឆ្នាំសប្តាហ៍មុន។
 

 
«សំណាងហើយដែលខ្ញុំធ្លាប់អបអរជ័យជម្នះធំៗ ជាមួយអ្នក។ ខ្ញុំប្រឈមមុខនឹងការប្រកួតនេះ [វះកាត់] ដោយស្នាមញញឹម និងហ៊ុំព័ទ្ធដោយក្តីស្រឡាញ់ពីគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំ»។ នេះជាសំណេររបស់ Pele ក្រោយវះកាត់។
 
អ្នកជំនាញនៅឯមន្ទីរពេទ្យ Albert Einstein បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ពួកគេកំពុងតាមដានស្ថានភាពអាការ Pele និងថែទាំយ៉ាងយកចិត្តទុកដាក់ ខណៈដុំសាច់ដែលបានវះចេញត្រូវបានបញ្ជូនទៅធ្វើតេស្តជាថ្មីទៀត ដ្បិតជាដុំសាច់ដែរគួរបារម្ភខ្លាំង៕
 

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com