ជាតិ
សង្គមជាតិ
កម្ពុជា បានជំនួយជាង១,៧លានដុល្លារពីAFD ដើម្បីស្ដារផលិតកម្មកៅស៊ូ
07, Sep 2021 , 9:59 pm        
រូបភាព
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD បានផ្ដល់ជំនួយថវិកាឥតសំណងចំនួន១,៥លានអឺរ៉ូ (១,៧លានដុល្លារ) ដើម្បីស្ដារផលិតកម្មកៅស៊ូកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការបម្រែបម្រួលអាកាសធាតុ និងកម្លាំងពលកម្មលើការផលិតកៅស៊ូនៅអាស៊ីអាគ្នេយ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារបារាំង AFD។


កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចូលរួមផលិតកៅស៊ូធម្មជាតិ៧៣ភាគរយ ក្នុងចំណោមកៅស៊ូទាំងអស់នៅលើពិភពលោក។ រយៈពេលចុងក្រោយនេះ ដំណាំកៅស៊ូកំពុងប្រឈមបញ្ហាការកើនឡើងនៃកម្ដៅអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌនៃការដាំដុះ ហើយកម្លាំងពលកម្មក្នុងវិស័យនេះក៏ធ្លាក់ចុះផងដែរ។
 
ហេតុដូច្នេះហើយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD បានចូលរួមគាំទ្រស្ដារវិស័យនេះ តាមរយៈការផ្ដល់ជំនួយឥតសំណង ១,៥លានអឺរ៉ូ ដល់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិស្រាវជ្រាវក្សេត្រសាស្រ្តសម្រាប់ការអភិវឌ្ឍ (CIRAD)។ គម្រោងនេះ មានការចូលរួមជាអគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងបណ្ដាដៃគូពីប្រទេសថៃ និងវៀតណាមផងដែរ។


 
តាមរយៈគម្រោងនេះ នឹងបញ្ចៀសរាល់បញ្ហាប្រឈមក្នុងវិស័យកៅស៊ូ ដោយផ្ដល់ត្រឡប់មកវិញនូវព័ត៌មានផ្នែកបច្ចេកទេស សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបញ្ជាក់ច្បាស់អំពីដំណោះស្រាយនានាក្នុងវិស័យនេះ។ ព័ត៌មានទាំងអស់ នឹងត្រូវចែករំលែកដល់អ្នកពាក់ព័ន្ធក្នុងវិស័យកៅស៊ូនេះ។ នេះបើតាម AFD ដដែល។
 
ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី អូហ្វេលី បូរីស (Ophelie BOURHIS) ទីភ្នាក់ងារ AFD ប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍រីករាយដែលបានបន្តគាំទ្រដល់វិស័យកៅស៊ូនៅកម្ពុជា ព្រោះវាអាចផ្ដល់ចំណូលដល់ពលរដ្ឋនៅតាមជនបទពីវិស័យនេះ។ អ្នកស្រី លើកឡើងថា៖«គម្រោងនេះផ្ដល់ឱកាសឱ្យយើងបន្តកិច្ចសហការប្រកបដោយគុណភាពជាមួយមជ្ឈមណ្ឌល CIRAD ដែលជាដៃគូដ៏យូរលង់ណាស់មកហើយរបស់ទីភ្នាក់ងារ AFD នៅក្នុងគម្រោងផ្ដល់ការគាំទ្រដល់ប្រព័ន្ធដាំដុះដំណាំកៅស៊ូ»។
 
ទន្ទឹមនឹងនេះ លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ក៏បានលើកឡើងពីភាពរីកចម្រើននៃវិស័យកៅស៊ូ របស់កម្ពុជា ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយជីវភាពអ្នកដាំកៅស៊ូនៅតាមជនបទផងដែរ។ លោក បានលើកឡើងថា៖«សមិទ្ធផលទាំងនេះអាចសម្រេចបានអាស្រ័យដោយមានការគាំទ្រពីទីភ្នាក់ងារ AFD ជាដៃគូអភិវឌ្ឍតែមួយគត់ដែលបានគាំទ្រវិស័យកៅស៊ូនៅកម្ពុជាក្នុងអំឡុង២០ឆ្នាំចុងក្រោយនេះ»។
 
សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំង AFD បានផ្ដល់ការគាំទ្រលើវិស័យកៅស៊ូ នៅកម្ពុជាតាំងពីឆ្នាំ១៩៩៩ ដោយលើកកម្ពស់ការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារ និងអាជីវកម្មខ្នាតតូចៗ។ បច្ចុប្បន្ន គម្រោងផលិតកម្មកៅស៊ូនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយអង្គការ WWF ដោយផ្ដោតលើការពង្រឹងគុណភាពវិស័យកៅស៊ូ ជាមួយដៃគូសហការផងដែរ៕


 
 
 

Tag:
 AFD
 បារាំង
 កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com