ជាតិ
អភិបាលខេត្ត ថា ការដាក់កងកម្លាំងច្រើន នៅគម្រោងព្រលានយន្តហោះថ្មី ដើម្បីរំដោះទឹកលិច តែពលរដ្ឋថា ជាការគំរាម
07, Sep 2021 , 6:00 pm        
រូបភាព
កងកម្លាំងចុះរារាំងពលរដ្ឋដើម្បីឲ្យគ្រឿងចក្រឈូសឆាយដីរំដោះទឹកជន់លិច។ រូបពីលោក សួង ពៅ
កងកម្លាំងចុះរារាំងពលរដ្ឋដើម្បីឲ្យគ្រឿងចក្រឈូសឆាយដីរំដោះទឹកជន់លិច។ រូបពីលោក សួង ពៅ
ភ្នំពេញ៖ អាជ្ញាធរបានដាក់កងកម្លាំងជាច្រើននាក់ នៅតំបន់ដីធ្លី ដែលមានវិវាទជាមួយគម្រោងព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC  នៅថ្ងៃទី៧ កញ្ញានេះ។ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការដាក់កងកម្លាំងច្រើននេះ ដើម្បីសម្រួលដល់គ្រឿងចក្រឈូសឆាយ និងរំដោះទឹកជន់លិចឲ្យគម្រោងអភិវឌ្ឍន៍ព្រលានយន្តនេះ។ តែពលរដ្ឋ និងសង្គមស៊ីវិល យល់ថា អាជ្ញាធរដាក់កងម្លាំងនេះ ដើម្បីគំរាមពលរដ្ឋ។

 
លោក សួង ពៅ តំណាងពលរដ្ឋនៃវិវាទដីធ្លីថ្លែងប្រាប់សារព័ត៌មានថ្មីៗថា កងកម្លាំងជាច្រើននាក់ បានចុះបិទផ្លូវពលរដ្ឋនៅភូមិកំពុងកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បើតាមលោក សួង ពៅ អាជ្ញាធរដាក់កម្លាំងច្រើននេះ ដើម្បីរារាំងពលរដ្ឋ ទៅទប់ស្កាត់គ្រឿងចក្រ ដែលចុះឈូសឆាយដីស្រែពលរដ្ឋដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន។ លោកថា អាជា្ញធរកំពុងគប់គិតគ្នាជាមួយក្រុមហ៊ុន OCIC ហើយបើកដៃឲ្យក្រុមហ៊ុនបំពានយកដីពលរដ្ឋ ដោយគ្មានដំណោះស្រាយ។ 


 
«កងកម្លាំងទាំងនោះ គំរាមថាបើនរណាទៅកន្លែងហ្នឹង គេនឹងតាមចាប់ ។ គេអត់ឲ្យចូលទៅទេកន្លែងគ្រឿងចក្រទេ។ កងកម្លាំងចុះមករារាំងពលរដ្ឋ ដើម្បីផ្ដល់ឱកាលឲ្យខាងគ្រឿងចក្រក្រុមហ៊ុនឈូសឆាយដី»។ នេះបើតាមលោក សួន ពៅ ដោយបញ្ជាក់ថា គ្រឿងចក្ររបស់ក្រុមហ៊ុនមានជាង១០គ្រឿង។ 
 
 
ចំណែកអ្នកស្រី ខឹម ម៉ាលី ដែលជាពលរដ្ឋក្នុងវិវាទដីធ្លីនៃគម្រោងនោះ យល់ថា ការដាក់កងម្លាំងឈូសឆាយនេះ គឺជាការប្លន់យកដីពលរដ្ឋ។ «ខ្ញុំយល់ថាគាត់មកប្លន់ដីប្រជាជន។ ឥឡូវមកឈូសឆាយដីពួកខ្ញុំអស់ហើយ ពួកខ្ញុំកំពុងធ្វើដំណើរទៅកន្លែងឈូសឆាយហ្នឹង។ ពួកខ្ញុំលែងខ្លាចស្លាប់ហើយ ព្រោះខ្លាចបានបាត់ដីខ្ញុំ…រាល់ថ្ងៃមិនដឹងថា មកបើកក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍ឬបន្ល់រាសស្រ្តនោះទេ»។ នេះបើតាមអ្នលស្រី ខឹម ម៉ាលី។ 
 
 



ជុំវិញករណីនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ប្រាប់ក៏បានប្រាប់សារព័ត៌មានថ្មីៗថា គ្រឿងចាក់ចូលឈូសឆាយនោះ គឺដោះស្រាយបញ្ហាចំពោះមុខ ដោយសារទឹកជនលិចបុកចូលគម្រោងសាងសង់ព្រលាយន្តហោះថ្មី ដើម្បីបញ្ចៀសផលប៉ះពាល់ដល់គម្រោងនេះ។ ចំពោះការដាក់កងកម្លាំងច្រើននេះវិញ លោក សុភ័ណ្ឌ បកស្រាយថា ដើម្បីឲ្យពួកគេជួយសម្រួល និងអង្វរពលរដ្ឋកុំឲ្យរារាំងដល់គ្រឿងចក្ររំដោះទឹក។ 
 
អភតិបាលខេត្តកណ្ដាល បានថ្លែងយ៉ាងដូច្នេះថា៖ «ដាក់តិច(កងម្លាំង)ទៅវាអត់កើត វាទប់អត់ជាប់ព្រោះដីវាធំ។ ដាក់កងកម្លាំងមួយចំនួនតូចហ្នឹង មានច្រើនអី។ យើងមានទៅចាប់ចងប្រជាជនឯណា។ កុំឲ្យតែចូល(កន្លែងឈូសឆាយ) ព្រោះដីវាធំជាង៤ពាន់ហិកតា។ យើងដាក់មួយកន្លែងពីរទៅបីនាក់អី ដើម្បីអង្វរប្រជាជន ដើម្បីទុកឲ្យគេទប់ទំនប់សិន»។


 
កាលពីថ្ងៃទី៣ កញ្ញា រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពី ការបិទទ្វារទឹកត្រង់ចំណុចលូមុខ៤ និងកាយផ្ដាច់ផ្លូវទំនប់៥៤ ដែលស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។ ការបិទទ្វារទឹក និងកាយផ្ដាច់ផ្លូវទំបន់នេះ ដើម្បីដោះស្រាយទឹកជន់លិច នៅការដ្ឋានគម្រោងសាងសង់ផ្លូវRunway1 នៃគម្រោងព្រលានយន្តហោះថ្មី។
 
ចំពោះការរំដោះទឹកនេះ លោក សួន ពៅ តំណាងពលរដ្ឋ លើកឡើងថា ក្រុមពលរដ្ឋមិនជំទាស់នោះទេ ឲ្យតែធ្វើតាមស្ដង់ដារបច្ចេកទេសត្រឹមត្រូវ។ «ពលរដ្ឋបារម្ភថា បើគាត់(អាជ្ញាធរនិងក្រុមអ្នកឈូសឆាយបិទផ្លូវទឹកត្រង់ចំណុចលូមុខ៤ និងកាយផ្ដាច់ផ្លូវទំនប់៥៤) ទប់លូមុខ៤ជិតនោះ ស្រូវពលរដ្ឋនឹងបន្តលិច ហើយភូមិពលរដ្ឋជាច្រើនគ្រួសារទៀតនឹងប្រឈមលិច។ មិនមែនជាការរំដោះទឹកទេ ព្រោះនេះគឺបិទលូ ហើយលូនោះគឺលូរំដោះទឹកចេញពីភូមិ»។ នេះបើតាមលោក សួន ពៅ ដែលស្នើឲ្យក្រុមហ៊ុន OCIC ជួយដោះស្រាយពលរដ្ឋមានវិវាទដីនៅទីនោះសិន សឹមកាយដីស្រែពលរដ្ឋ។ 
 


ពាក់ព័ន្ធនឹងវិវាទដីធ្លីនេះ លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំងមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ(LICADHO)លើកឡើងថា ក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះនោះ គួរតែដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះ ចៀសវាងការដាក់កងកម្លាំងគំរាមពលរដ្ឋ ដើម្បីផលប្រយោជន៍ក្រុមហ៊ុន។
 
 «ការដាក់កងកម្លាំងច្រើននេះ ធ្វើឲ្យពលរដ្ឋភ័យនិងបារម្ភ។ ហើយការដាក់ការពារពលរដ្ឋ(ទប់ពលរដ្ឋ) ទៅការពារក្រុមហ៊ុនហ្នឹង វាលើសលុបពេកហើយ។ អ្វីដែលសំខាន់មិនមែន ដាក់បង្ហាញកម្លាំងនោះទេ គឹការដោះស្រាយដែលកើតឡើងដោយសន្តិវិធី»។ នេះបើតាមលោក អំ សំអាត ដែលបានបន្ថែមថា អ្នករងផលប៉ះពាល់ត្រូវមានដំណោះស្រាយសមរម្យ។
 
តែយ៉ាងណាលោក គង់ សុភ័ណ្ឌ អះអាងទៀតថា កងកម្លាំងនិងក្រុមការងាររបស់ខ្លួន មិនមែនការពារឲ្យក្រុមហ៊ុនយកដីពលរដ្ឋឡើយ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរ មិនអាចយកដីពលរដ្ឋណាម្នាក់បានឡើយ ព្រោះពួកគាត់សុទ្ធតែមានប័ណ្ណកម្មសិទ្ធ។ 
 


«អាជ្ញាធរត្រូវការពារប្រជានជន អត់ទៅការពារឈ្នួញទេ។ ហើយឈ្នួញស្របច្បាប់ត្រូវការពារគេ ប៉ុន្តែបើឈ្នួញខុសច្បាប់បានយើងធ្វើតាមច្បាប់។ យើងអត់អាចទៅយកដីពួកគាត់បានទេ ពួកគាត់យល់ច្រឡំកន្លែងហ្នឹង»។ នេះបើតាមអភិបាលខេត្តកណ្ដាល។ 
 
ជុំវិញវិវាទដីធ្លីនេះ លោក ស៊ីន ចាន់សិរីវត្ថា អគ្គនាយករងច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាស សុំមិនបកស្រាយឡើយ ដោយស្នើឲ្យសួរខាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី។ ចំណែក លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បែរជាស្នើសុំឲ្យសួរថា អាជ្ញាធរខេត្តទៅវិញ។ 
 
តំណាងពលរដ្ឋដែលមានទំនាស់ដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មី លោក សួន ពៅ និងអ្នកស្រី ម៉ាលី សុទ្ធតែអះអាងដូចគ្នាថា ពួកគេមិនជំទាស់ការអភិវឌ្ឍន៍នោះទេ ហើយរងចាំតែដំណោះស្រាយសមរម្យ ពិសេសតម្លៃដីឲ្យស្របតាមទីផ្សារ។ អ្នកទាំងពីរ ក៏ស្នើឲ្យសម្ដេច ហ៊ុន សែន ជួយរកដំណោះស្រាយ លើវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ដើម្បីកុំឲ្យអូសបន្លាយបន្តទៀត។ 
 
ជម្លោះដីធ្លីរវាងក្រុមហ៊ុនOCIC និងពលរដ្ឋ ប្រមាណ៣៣០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអូសបន្លាយប្រមាណ៣ឆ្នាំមកហើយ ដោយសារមិនត្រូវរ៉ូវគ្នា លើតម្លៃដីនេះ។ ភាគីក្រុមហ៊ុន បានផ្ដល់តម្លៃដី៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពលរដ្ឋទាមទារតាមទីផ្សារ ពី៦០ទៅ៧០ដុល្លារ។ ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគ លើគម្រោងព្រលានយន្តហោះថ្មីនេះ ក្នុងទឹកប្រាក់១,៥០០លានដុល្លារ លើផ្ទៃដី២,៦០០ហិកតា ដោយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣៕ 
 
 
 
 
 
 

Tag:
 ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com