កីឡាអន្តរជាតិ
អន្តរជាតិ
អតីតប្រធានក្រុម Sampdoria ចង់ប្រកបអាជីពបាល់ទាត់វិញ ក្រោយផុតបម្រាមប្រើសារធាតុញៀន១២ឆ្នាំ
09, Sep 2021 , 8:29 am        
រូបភាព
Francesco Flachi អតីតខ្សែប្រយុទ្ធឆ្នើម Sampdoria មានគម្រោងត្រឡប់ចូលទីលានបាល់ទាត់វិញ បន្ទាប់ពីរួចផុតបម្រាមករណីប្រើប្រាស់សារធាតុញៀន អស់រយៈពេល១២ឆ្នាំ។​ Flachi ដែលសព្វថ្ងៃមានវ័យ៤៦ឆ្នាំ ត្រូវពិន័យមិនឱ្យពាក់ព័ន្ធកីឡាបាល់ទាត់នៅឆ្នាំ២០០៧។


នៅដើមឆ្នាំ ២០០៧ Flachi បានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដើម្បីក្លាយជាវីរបុរសរបស់ Sampdoria នៅក្របខណ្ឌ Serie A លីគកំពូលអ៊ីតាលី។ ប្រធានក្រុមរូបនេះ បានស៊ុតបាល់បញ្ចូលទីលើសពី២០០គ្រាប់ និងត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិឈុតធំអ៊ីតាលីជាលើកដំបូងទៀតផង។
 
យ៉ាងណាក៏ដោយ ជីវិតរបស់ Flachi បានផ្លាស់ប្តូរទាំងស្រុងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្រោយបញ្ចប់ការប្រកួតជាមួយក្រុម Inter Milan នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៧ នៅពេលរូបគេធ្វើតេស្តចេញលទ្ធផលវិជ្ជមានសារជាតិកូកាអ៊ីន ដែលជាសារជាតិហាមឃាត់ក្នុងកីឡា។
 
Flachi ត្រូវបានព្យួរភ្លាមៗពីគ្រប់សកម្មភាពបាល់ទាត់ទាំងអស់ ក្នុងរយៈពេលពីរឆ្នាំ។ ក្រោយបម្រាម២ឆ្នាំនោះ អតីតជម្រើសជាតិអ៊ីតាលីរូបនេះ បានត្រឡប់ចូលរួមជាមួយក្រុម Empoli នៅឆ្នាំ២០០៩ មុនផ្លាស់ទៅ Brescia នៅឆ្នាំដដែលនោះ។
 
នៅចុងឆ្នាំ២០០៩ ពោលក្នុងអំឡុងខែធ្នូ Flachi បានធ្វើតេស្តរកឃើញមានផ្ទុកសារធាតុកូកាអ៊ីនម្តងទៀត។ ក្នុងនាមជាកីឡាករដែលល្មើសច្បាប់កីឡាជាលើកទី២ រូបគេត្រូវបានហាមឃាត់ក្នុងបាល់ទាត់ជាថ្មីក្នុងរយៈពេល១២ឆ្នាំ។
 
១២ឆ្នាំក្រោយ Flachi កំពុងរៀបចំខ្លួនសម្រាប់ការត្រឡប់មកចូលទីលានបាល់ទាត់វិញ ខណៈខ្លួនឈានដល់វ័យ៤៦ឆ្នាំទៅហើយ។ Flachi អះអាងថា ខ្លួនបានដឹងកំហុស និងទទួលបានការណែនាំល្អៗពីសំណាក់អតីតមិត្តរួមក្រុមនិងគ្រូវបង្វឹក។
 
Flachi ប្រាប់កាសែត BBC ថា៖ «ខ្ញុំបានបាត់បង់អ្វីៗទាំងអស់តាំងពីជាប់បម្រាមលើកទី១។ ខ្ញុំមិនមែនជាជនរងគ្រោះទេ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំមិនចង់ឱ្យអ្នកដទៃដើរតាមផ្លូវដូចខ្ញុំឡើយ។ ខ្ញុំទទួលបានមតិកែលម្អល្អៗជាច្រើនពីគ្រូបង្វឹករបស់ខ្ញុំ ហើយប្តេជ្ញារបស់ខ្ញុំនៅពេលនេះ ក៏ទទួលបានការកោតសរសើរពីគ្រួសារ និងឪពុកម្តាយរបស់ខ្ញុំ»។


 
អតីតខ្សែប្រយុទ្ធឆ្នើម Fiorentina, Bari និង Sampdoria បន្ថែមថា ក្រោយចប់ការហាមឃាត់ជុំវិញការប្រើសារធាតុញៀនលើកទី២ រូបគេបានបើកភោជនីយដ្ឋានពីរកន្លែង និងព្យាយាមហ្វឹកហាត់បាល់ទាត់បន្តិចម្តងៗ រហូតទទួលបានការហៅពីក្រុមមួយចំនួនទៀតផង។ 
 
«ខ្ញុំបានទទួលការហៅ និងសារជាច្រើន។ នេះបញ្ជាក់ថាមនុស្សជាច្រើននៅតែស្រឡាញ់ខ្ញុំ។ បើទោះខ្ញុំមិនដូចកាលពីជាង១០ឆ្នាំមុន ប៉ុន្តែខ្ញុំនៅតែមានតម្លៃរបស់ខ្ញុំ។ ខ្ញុំដឹងថាមនុស្សម្នាក់អាចធ្វើខុសហើយដួល ប៉ុន្តែមនុស្សម្នាក់ក៏អាចក្រោកឈរឡើងវិញដែរ។ អ្វីដែលខ្ញុំចង់បានសម្រាប់ជីវិតរបស់ខ្ញុំនៅពេលនេះ គឺខ្ញុំអាចប្រឡូកក្នុងអាជីពបាល់ទាត់វិញ»។ នេះជាការបញ្ជាក់ពីគោលបំណងច្បាស់ៗរបស់ Flachi៕
 
 

Tag:
 Francesco Flachi
  Sampdoria
© រក្សាសិទ្ធិដោយ thmeythmey.com