កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ EPL សង្ឃឹមថានឹងអាចដាក់កីឡាករប្រេស៊ីលលេងវិញបាន ទោះ FIFA ហាមឃាត់
09, Sep 2021 , 10:29 pm        
រូបភាព
ក្លិបនៅ Premier League នៅតែមានសង្ឃឹមក្នុងការជ្រើសរើសកីឡាករអន្តរជាតិប្រេស៊ីលសម្រាប់ការប្រកួតលីគចុងសប្តាហ៍នេះ។ ក្លិបនៅលីគកំពូលអង់គ្លេសមួយចំនួន ត្រូវបានដាក់ទណ្ឌកម្មពីសហព័ន្ធកីឡាបាល់ទាត់ (FIFA) ជុំវិញការមិនឱ្យកីឡាករប្រេស៊ីលទៅជួយក្រុមជម្រើសជាតិនៅវគ្គជម្រុះ World Cup។ នេះបើតាមការផ្សាយរបស់កាសែត The Guardian។


Liverpool, Manchester City, Manchester United, Chelsea និង Leeds United សុទ្ធតែត្រូវបានជូនដំណឹងពី FIFA ថាពួកគេមិនអាចជ្រើសយកកីឡាករប្រេស៊ីលជួយក្រុមបានទេនៅសប្តាហ៍នេះ។ ការហាមនេះ ដោយសារក្លិបនៅអង់គ្លេសខាងលើ មិនអនុញ្ញាតឱ្យកីឡាករទៅជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងប្រកួតនៅវគ្គជម្រុះ World Cup នាពេលថ្មីៗនេះ ដ្បិតត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃ ពេលត្រឡប់ទៅអង់គ្លេសវិញ។ 
 
កីឡាករប្រេស៊ីលដែលបានទំនងមិនអាចជួយក្លិបរបស់ពួកគេបានរួមមាន អ្នកចាំទី Alisson, Fabinho, Roberto Firmino របស់ Liverpool និង Raphinha របស់ Leeds ដែលក្រុមទាំងពីរត្រូវប៉ះគ្នានៅថ្ងៃអាទិត្យនេះ។ 
 
អ្នកចាំទី Ederson និង Gabriel Jesus នឹងខកខានការប្រកួតរបស់ Man City ទល់នឹង Leicester City នៅថ្ងៃទី១១ ខែកញ្ញានេះ។ Chelsea និង Man Utd នឹងបាត់បង់ Thiago Silva និង Fred សម្រាប់ការប្រកួត Premier League ចុងសប្តាហ៍នេះទល់នឹងក្រុម Aston Villa និង Newcastle United រៀងៗខ្លួន បូករួមទាំងការប្រកួតបើកឆាកនៃក្របខណ្ឌ Champions League ទល់នឹងក្រុម Young Boys និង Zenit St Petersburg នៅសប្តាហ៍ក្រោយផងដែរ។
 
FIFA បានចេញសេចក្តីសម្រេចការហាមប្រាមរយៈពេល៥ថ្ងៃ ពីថ្ងៃទី១០ ដល់១៥ខែកញ្ញា តាមសំណើរបស់សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (BFA) ដែលខឹងសម្បារចំពោះការបដិសេធរបស់ក្លិបនៅអង់គ្លេសដែលមិនអនុញ្ញាតដាក់ឱ្យកីឡាករប្រេស៊ីលទៅជួយក្រុម ដោយចោទក្លិបទាំងនោះ មិនចង់ចំណាយថ្លៃសណ្ឋាគារលើកីឡាករដែលត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ និងខាតពេលវេលាជួយក្លិប។
 
យ៉ាងណាក៏ដោយ Premier League កំពុងអន្តាគមន៍ជាមួយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ដើម្បីពិភាក្សាជាមួយ FIFA ក្នុងរយៈពេល២៤ខាងមុខ ដើម្បីឱ្យស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ ដកការហាមឃាត់នេះវិញ។ ក្លិបនៅអង់គ្លេស មិនយល់ស្របនឹងការសម្រេចរបស់ FIFA ដូច្នេះឡើយ ដោយពួកគេបានលើកហេតុផលថា អ្វីដែលក្លិបធ្វើនេះក៏ជាការបង្ខំចិត្តដែរព្រោះបង្ហាកូវីដ-១៩ ហើយអវត្តមានកីឡាករសំខាន់ៗ នឹងជះឥទ្ធិពលអាក្រក់ដល់ក្លិបដែលមានការប្រកួតប្រជែងខ្លាំងក្នុងលីគ៕
 
 

Tag:
 Premier League
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com